១ ពង្សាវតារក្សត្រ 13
13
1ខណនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន 2អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ម្នាលអាសនាៗអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល នឹងមានបុត្រា១កើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ 3អ្នកនោះក៏ប្រាប់ទីសំគាល់១នៅថ្ងៃនោះដែរ ដោយពាក្យថា នេះជាទីសំគាល់ដែលព្រះយេហូវ៉ាបានមានបន្ទូលហើយ មើល អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើ នឹងត្រូវខ្ចាយចេញ 4កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន 5អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយពីលើទៅ តាមទីសំគាល់ដែលអ្នកសំណប់របស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា 6នោះស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ អ្នកសំណប់របស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាឡើងដូចកាលដើមវិញ 7ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក 8តែអ្នកសំណប់របស់ព្រះទូលឆ្លើយថា បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ 9ដ្បិតព្រះយេហូវ៉ាទ្រង់បានហាមទូលបង្គំថា កុំឲ្យឯងបរិភោគអាហារឬទឹក ហើយកុំឲ្យវិលមកវិញតាមផ្លូវ ដែលឯងទៅនោះឡើយ 10ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវ១ទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។
11រីឯនៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ ក៏មកប្រាប់ឪពុក ពីគ្រប់ទាំងការ ដែលអ្នកសំណប់របស់ព្រះបានធ្វើ នៅក្រុងបេត-អែល នាថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ 12ឯផ្លូវដែលអ្នកសំណប់របស់ព្រះ មកពីស្រុកយូដាបានទៅវិញ នោះកូនគាត់ក៏បានឃើញ ដូច្នេះគាត់សួរកូនថា តើអ្នកនោះបានចេញទៅតាមផ្លូវណា 13រួចគាត់ប្រាប់កូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ 14គាត់ទៅតាមអ្នកសំណប់របស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា តើអ្នកជាអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាឬអី អ្នកនោះឆ្លើយថា គឺខ្ញុំនេះហើយ 15រួចគាត់និយាយថា សូមអញ្ជើញទៅពិសាអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន 16តែអ្នកនោះឆ្លើយតបថា ខ្ញុំគ្មានច្បាប់នឹងត្រឡប់ទៅជាមួយនឹងអ្នក ឬចូលទៅក្នុងផ្ទះអ្នកឡើយ ក៏មិនព្រមទទួលទានអាហារ ឬទឹក ជាមួយនឹងអ្នកនៅស្រុកនេះដែរ 17ពីព្រោះព្រះយេហូវ៉ាទ្រង់បានហាមថា មិនត្រូវឲ្យបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ 18តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ 19ដូច្នេះ អ្នកនោះក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់ផង។
20កាលអ្នកទាំង២កំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ហោរា ដែលបាននាំគាត់ត្រឡប់មកវិញ 21ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម 22គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុក ដែលអញបានហាមឯងថា កុំឲ្យបរិភោគភោជន៍ឡើយ នោះខ្មោចរបស់ឯង នឹងមិនបានបញ្ចុះក្នុងផ្នូរ នៃពួកឰយុកោឯងឡើយ 23ក្រោយដែលបានបរិភោគរួចហើយ នោះគាត់ក៏ចងកែបលាឲ្យហោរាដែលបាននាំមកវិញ បានចេញទៅ 24លុះកាលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហ១ តាមផ្លូវ សិង្ហក៏សំឡាប់គាត់ទៅ ហើយសពរបស់គាត់ដេកនៅកណ្តាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ 25ហើយមើល មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្តាលផ្លូវ នឹងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។
26កាលដំណឹងបានឮទៅដល់ហោរា ដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា នេះគឺជាអ្នកសំណប់របស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ បានជាព្រះយេហូវ៉ា ទ្រង់បានប្រគល់ទៅឲ្យសត្វសិង្ហហែកសំឡាប់បង់ តាមសេចក្ដីដែលទ្រង់មានបន្ទូលប្រាប់នោះ 27រួចគាត់បង្គាប់ទៅកូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងឲ្យ 28នោះគាត់ក៏ចេញទៅឃើញសពដេកនៅកណ្តាលផ្លូវ នឹងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសពឬហែកលាឡើយ 29ដូច្នេះ ហោរាចាស់ក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីនឹងកាន់ទុក្ខ ហើយបញ្ចុះសពនៃអ្នកសំណប់របស់ព្រះ 30គាត់ក៏បញ្ចុះនៅក្នុងផ្នូររបស់ខ្លួន ហើយនាំគ្នាកាន់ទុក្ខ ដោយពាក្យថា ស្តាយណាស់ប្អូនអើយ 31កាលក្រោយដែលបានបញ្ចុះរួចហើយ នោះគាត់ផ្តាំកូនថា កាលណាអញស្លាប់ទៅ ត្រូវឲ្យបញ្ចុះសពអញនៅក្នុងផ្នូរ ដែលបានបញ្ចុះអ្នកសំណប់របស់ព្រះនេះដែរ ចូរដាក់ឆ្អឹងអញនៅទន្ទឹមគ្នា 32ពីព្រោះពាក្យដែលគាត់បានស្រែក ដោយនូវព្រះបន្ទូលនៃព្រះយេហូវ៉ា ទាស់នឹងអាសនានៅក្រុងបេត-អែល ហើយទាស់នឹងអស់ទាំងវិហារនៅទីខ្ពស់ ដែលនៅក្នុងក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន នោះនឹងកើតមកជាពិត។
33ក្រោយការនោះមក យេរ៉ូបោមក៏នៅតែមិនព្រមបែរចេញ ពីផ្លូវអាក្រក់របស់ទ្រង់ឡើយ គឺទ្រង់ចេះតែយកមនុស្សពីបណ្តាជនទាំងឡាយ តាំងឡើងឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៀត ឯអ្នកណាដែលចង់ធ្វើជាសង្ឃ នោះទ្រង់ក៏ប្រោសតាំង ឲ្យអ្នកនោះធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៅ 34ដំណើរនោះក៏ត្រឡប់ជាបាបដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។
Currently Selected:
១ ពង្សាវតារក្សត្រ 13: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.