YouVersion Logo
Search Icon

១ ពង្សាវតារក្សត្រ 12

12
1ឯ​រេហូ‌បោម ទ្រង់​យាង​ទៅ​ឯ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​មូល​មក​ឯ​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច 2កាល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ឮ ក្នុង​កាល​ដែល​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​លោក​បាន​រត់​ទៅ​អាស្រ័យ​នៅ ដើម្បី​ឲ្យ​រួច​ពី​ស្តេច​សាឡូម៉ូន 3ហើយ​មាន​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​មក នោះ​យេរ៉ូ‌បោម នឹង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម​ទូល​ថា 4ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពន់‌ពេក ដូច្នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ការ​តឹង‌រ៉ឹង​របស់​ព្រះវរ‌បិតា​ទ្រង់ នឹង​នឹម​យ៉ាង​ធ្ងន់​ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំ​រាល់​គ្នា បាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់ 5ដូច្នេះ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សូម​ត្រឡប់​មក​វិញ បណ្តាជន​ទាំង‌ឡាយ​ក៏​បង្គំ​លា​ទៅ។
6ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូម៉ូន បិតា​ទ្រង់ ពី​កាល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​របស់​លោក​រាល់​គ្នា នោះ​តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច 7លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជា‌ជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​បាវ​បំរើ​របស់​ទ្រង់​ជា​ដរាប​ទៅ 8ប៉ុន្តែទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ 9ដោយ​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​មក​សូម​យើង​ថា សូម​មេត្តា​ប្រោស​ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា បាន​ស្រាល​ទៅ 10រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា ឯ​ពួក​រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​រាល់​គ្នា​ធ្ងន់​ពន់‌ពេក សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​បាន​ស្រាល​ដល់​យើង​ខ្ញុំ​វិញ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​ព្រះ‌បិតា​យើង 11ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។
12លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូ‌បោម នឹង​បណ្តាជន​ទាំង‌ឡាយ ក៏​មូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ដោយ​បន្ទូល​ថា ដល់​ថ្ងៃ​ទី​៣ ចូរ​ឯង​រាល់​គ្នា​មក​ឯ​យើង​វិញ 13នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ 14គឺ​ទ្រង់​មាន​បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា ព្រះ‌បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ 15ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។
16កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រាអែលក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ 17ឯ​ត្រង់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា នោះ​រេហូ‌បោម​បាន​គ្រង​រាជ្យ​លើ​គេ​វិញ 18រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​គេ​ចោល​លោក​នឹង​ថ្ម​ឲ្យ​ស្លាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ នឹង​ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម 19គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រាអែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ 20គ្រា​នោះ កាល​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ទៅ​អញ្ចើញ​លោក​មក​ក្នុង​ជំនុំ​គេ រួច​គេ​តាំង​លោក​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជវង្ស​របស់​ដាវីឌ​ឡើយ មាន​តែ​ពូជ​អំបូរ​យូដា​១​ប៉ុណ្ណោះ។
21លុះ​កាល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ នឹង​ពូជ​អំបូរ​បេន‌យ៉ាមីន រួម​ទាំង​អស់​បាន​ប្រុសៗ​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចំបាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រាអែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​សាឡូម៉ូន​វិញ 22ប៉ុន្តែព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា 23ចូរ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ពូជ‌ពង្ស​យូដា នឹង​បេន‌យ៉ាមីន ហើយ​នឹង​ពួក​ជន​ឯ​ទៀត​ថា 24ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​កុំ​ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ឯ​ផ្ទះ​របស់​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​អញ​បាន​បង្កើត​ឡើង​ទេ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទៅ។
25ក្រោយ​នោះ​មក យេរ៉ូ‌បោម​ទ្រង់​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រា‌អិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត 26យេរ៉ូ‌បោម​ទ្រង់​ព្រះ‌ដំរិះ​ក្នុង​ព្រះ‌ទ័យ​ថា រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ 27បើ‌សិន​ជា​បណ្តាជន​ទាំង​នេះ ចេះ​តែ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម នោះ​ចិត្ត​គេ​នឹង​វិល​ត្រឡប់ ទៅ​ឯ​ចៅហ្វាយ​គេ​វិញ​គឺ​ឯ​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា គេ​នឹង​សំឡាប់​អញ​បង់ ហើយ​ត្រឡប់​ទៅ​គោរព​តាម​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា 28ដូច្នេះ ស្តេច​ទ្រង់​ក៏​ជំនុំ​ការ រួច​ធ្វើ​រូប​កូន​គោ​មាស​២ ហើយ​មាន​បន្ទូល​ថា ឱ​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល នេះ​នែ ព្រះ​របស់​ឯង ដែល​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក 29ទ្រង់​ក៏​ដំកល់​ទុក​១​នៅ​ក្រុង​បេត-អែល ហើយ​១​ទៀត​នៅ​ក្រុង​ដាន់ 30ដំណើរ​នោះ​ក៏​ត្រឡប់​ជា​ហេតុ​ឲ្យ​មាន​បាប​ឡើង ពី​ព្រោះ​ពួក​ជន​ទាំង‌ឡាយ គេ​ខំ​ទៅ​ថ្វាយ‌បង្គំ នៅ​ចំពោះ​រូប​១​នោះ ដែល​នៅ​ក្រុង​ដាន់ 31ទ្រង់​ក៏​ស្អាង​វិហារ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​បាន​យក​មនុស្ស​ពី​បណ្តាជន​ទាំង‌ឡាយ ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ 32រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​១៥​ខែ​កត្តិក ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សំរាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល 33ដល់​ថ្ងៃ​១៥ ខែ​កត្តិក ជា​វេលា​ដែល​ទ្រង់​បាន​គិត​សំរេច​ក្នុង​ព្រះ‌ទ័យ​ហើយ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនា​នោះ ដែល​ទ្រង់​បាន​ស្អាង នៅ​ក្រុង​បេត-អែល ហើយ​ទ្រង់​ក៏​តាំង​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​បុណ្យ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល រួច​ទ្រង់​ឡើង​ទៅ​ដុត​កំញាន​ថ្វាយ នៅ​លើ​អាសនា​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in