១ ពង្សាវតារក្សត្រ 11
11
1រីឯស្តេចសាឡូម៉ូន ទ្រង់បានស្រឡាញ់ពួកស្រីៗសាសន៍ដទៃជាច្រើន ក្រៅពីព្រះរាជបុត្រីផារ៉ោននោះ គឺជាស្ត្រីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដំម សាសន៍ស៊ីដូន នឹងសាសន៍ហេត 2ជាស្ត្រីនៃសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា មិនត្រូវឲ្យឯងរាល់គ្នាចូលទៅឯគេ ឬឲ្យគេចូលមកឯឯងរាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តឯងរាល់គ្នាឲ្យទៅតាមព្រះគេជាមិនខាន តែសាឡូម៉ូនបានចងពន្ធនឹងគេ ដោយសេចក្ដីស្រឡាញ់វិញ 3ទ្រង់មានភរិយាអស់៧០០ សុទ្ធតែជាកូនស្តេចទាំងអស់ ហើយមានស្រីអ្នកម្នាង៣០០ ឯភរិយាទាំងនោះ ក៏នាំបង្វែរព្រះទ័យទ្រង់ចេញ 4ដ្បិតកាលណាសាឡូម៉ូនទ្រង់ចាស់ហើយ នោះភរិយាទ្រង់បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យរបស់ដាវីឌ ជាបិតាទ្រង់ទេ 5ពីព្រោះសាឡូម៉ូនទ្រង់ប្រតិបត្តិតាមព្រះអាសថារ៉ូត ជាព្រះនៃពួកស៊ីដូន ហើយតាមព្រះមីលកូម ជាសេចក្ដីគួរខ្ពើមរបស់ពួកអាំម៉ូនដែរ 6សាឡូម៉ូនក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាត ដូចជាដាវីឌ ជាព្រះបិតាទ្រង់ទេ 7នៅគ្រានោះសាឡូម៉ូនទ្រង់ក៏ធ្វើកន្លែង សំរាប់ថ្វាយបង្គំដល់ព្រះកេម៉ូស ជាសេចក្ដីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់១ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម នឹងសំរាប់ព្រះម៉ូឡុក ជាសេចក្ដីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ 8ទ្រង់ក៏ធ្វើយ៉ាងនោះសំរាប់ដល់គ្រប់ទាំងភរិយារបស់ទ្រង់ ជាសាសន៍ដទៃទាំងនោះ ហើយនាងទាំងនោះក៏ដុតកំញាន ព្រមទាំងថ្វាយយញ្ញបូជា ដល់ព្រះរបស់គេ។
9ដូច្នេះ ព្រះយេហូវ៉ាទ្រង់កើតមានសេចក្ដីខ្ញាល់ចំពោះសាឡូម៉ូន ដោយព្រោះព្រះទ័យទ្រង់បានបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញ២ដងហើយ 10ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរ ថា មិនត្រូវឲ្យទ្រង់ប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកនោះទេ 11ហេតុដូច្នោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាឡូម៉ូនថា ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់អញ នឹងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ត្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបំរើរបស់ឯងវិញ 12ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ 13អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសហើយផង។
14ព្រះយេហូវ៉ាទ្រង់ក៏បណ្តាល ឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដំមដែលជាវង្សានៃស្តេចស្រុកនោះ 15ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម 16(ដ្បិតយ៉ូអាប់ នឹងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសំឡាប់ពួកប្រុសៗនៃសាសន៍អេដំមនោះអស់រលីងទៅ) 17គ្រានោះ ហាដាឌ់បានរត់រួច ព្រមទាំងសាសន៍អេដំមខ្លះ ដែលជាអ្នកបំរើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌ់នៅជាកុមារតូចនៅឡើយ 18គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំយកមនុស្សខ្លះពីប៉ារ៉ាន ទៅជាមួយនឹងគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោន ជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះ១ឲ្យលោកនៅ នឹងស្រែចំការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង 19ឯហាដាឌ់ បានប្រកបដោយគុណរបស់ផារ៉ោនយ៉ាងធំ ដល់ម៉្លេះបានជាទ្រង់ប្រទានប្អូនរបស់ភរិយាទ្រង់ គឺជាប្អូននាងថាផ្នេស ដែលជាអគ្គមហេសី ឲ្យធ្វើជាប្រពន្ធលោក 20ប្អូនរបស់នាងថាផ្នេសក៏បង្កើតកូនប្រុស១ឲ្យលោក ឈ្មោះថា កេនូបាត ហើយនាងថាផ្នេសក៏ផ្តាច់ដោះ នៅក្នុងដំណាក់ផារ៉ោន រួចកេនូបាតបាននៅក្នុងដំណាក់ផារ៉ោន ជាមួយនឹងព្រះរាជបុត្រនៃស្តេច 21ក្រោយមក កាលហាដាឌ់បានឮនៅស្រុកអេស៊ីព្ទថា ដាវីឌបានផ្ទំលក់ជាមួយនឹងពួកឰយុកោទ្រង់ហើយ ព្រមទាំងយ៉ូអាប់ជាមេទ័ពដែរ នោះហាដាឌ់ទូលផារ៉ោនថា សូមឲ្យទូលបង្គំត្រឡប់ទៅឯស្រុកទូលបង្គំវិញ 22តែផារ៉ោនមានបន្ទូលសួរថា នៅជាមួយនឹងយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ លោកទូលឆ្លើយថា គ្មានខ្វះអ្វីទេ ប៉ុន្តែសូមឲ្យតែទូលបង្គំបានទៅចុះ។
23ព្រះក៏បណ្តាឲ្យមានអ្នកតតាំងនឹងទ្រង់ម្នាក់ទៀត គឺឈ្មោះរេសោន ជាកូនអេលីយ៉ាដា ជាអ្នកដែលបានរត់ពីហាដា-រេស៊ើរ ជាស្តេចសូបា ចៅហ្វាយរបស់ខ្លួន 24អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសំឡាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ 25អ្នកនោះក៏ទាស់ទទឹងនឹងសាសន៍អ៊ីស្រាអែល រហូតដល់អស់ព្រះជន្មនៃសាឡូម៉ូន នេះជាការប្រទូសរ៉ាយ ក្រៅពីការដែលហាដាឌ់បានធ្វើ ឯរេសោនបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែល ក៏សោយរាជ្យលើស្រុកស៊ីរី។
26ឯយេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបំរើសាឡូម៉ូន ដែលម្តាយជាស្រីមេម៉ាយឈ្មោះសេរូអា នោះក៏បានលើកដៃឡើងទាស់នឹងស្តេចដែរ 27ហើយហេតុដែលលើកដៃទាស់នឹងស្តេច នោះគឺពីព្រោះសាឡូម៉ូនទ្រង់បានសង់ប៉មមីឡូរ ព្រមទាំងជួសជុលទីបាក់បែកនៃកំផែងទីក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់ 28យេរ៉ូបោមនេះ ជាអ្នកក្លាហានស្ទាត់ជំនាញ សាឡូម៉ូនទ្រង់ឃើញថា អ្នកកំឡោះនេះមានចិត្តឧស្សាហ៍ធ្វើការ បានជាទ្រង់តាំងឲ្យត្រួតលើការទាំងអស់ របស់ពូជពង្សយ៉ូសែប 29នៅគ្រានោះ មានកាល១ថ្ងៃយេរ៉ូបោមចេញពីក្រុងយេរូសាឡិមទៅ ហើយហោរាអ័ហ៊ីយ៉ាជាពួកក្រុងស៊ីឡូរ ក៏ប្រទះនឹងលោកនៅកណ្តាលផ្លូវ មានតែគ្នា២នាក់នៅកណ្តាលវាលនោះ 30ឯអ័ហ៊ីយ៉ា លោកបានពាក់អាវថ្មី ក៏ចាប់អាវថ្មីនោះ ហែកជា១២ផ្នែកទៅ 31រួចប្រាប់ដល់យេរ៉ូបោមថា ចូរអ្នកយក១០ផ្នែកទៅ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានមានបន្ទូលដូច្នេះថា មើល អញនឹងកន្ត្រាក់យករាជ្យពីដៃសាឡូម៉ូន ហើយនឹងឲ្យពូជអំបូរ១០ដល់ឯងវិញ 32(តែសាឡូម៉ូននឹងបានពូជអំបូរ១ ដោយអញយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសចេញពីអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលផង) 33ពីព្រោះគេបានបោះបង់ចោលអញ ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន នឹងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ ហើយមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូនវិញ គេមិនបានដើរតាមផ្លូវអញ ដើម្បីនឹងប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅភ្នែកអញ ហើយកាន់តាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌របស់អញ ដូចជាដាវីឌ ជាបិតាទ្រង់ទេ 34ប៉ុន្តែអញមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបំរើអញដែលអញបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្ត នឹងក្រិត្យក្រមទាំងប៉ុន្មានរបស់អញ 35អញនឹងយករាជ្យពីដៃរបស់បុត្រទ្រង់វិញ ហើយនឹងឲ្យពូជអំបូរ១០មកឯង 36ឯបុត្ររបស់ទ្រង់ អញនឹងឲ្យពូជអំបូរ១ ដើម្បីឲ្យដាវីឌ ជាអ្នកបំរើអញ បានចង្កៀង១ភ្លឺជាដរាបនៅចំពោះអញ ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលអញបានរើសសំរាប់តាំងឈ្មោះអញ 37អញនឹងយកឯងតាំងឡើង ហើយឯងនឹងគ្រប់គ្រងតាមបំណងចិត្ត ព្រមទាំងសោយរាជ្យលើពួកអ៊ីស្រាអែល 38ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅភ្នែកអញ ដោយកាន់តាមបញ្ញត្ត នឹងក្រិត្យក្រមរបស់អញ ដូចជាដាវីឌ ជាអ្នកបំរើអញដែរ នោះអញនឹងនៅជាមួយនឹងឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាអញបានតាំងឲ្យដាវីឌដែរ អញនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង 39អញនឹងផ្ចាញ់ផ្ចាលវង្សាដាវីឌដោយសារការនោះ តែមិនមែនជាដរាបទេ 40ដូច្នេះ សាឡូម៉ូនទ្រង់រកសំឡាប់យេរ៉ូបោម តែយេរ៉ូបោមរត់ទៅឯស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ ក៏នៅស្រុកនោះដរាបដល់សាឡូម៉ូនអស់ព្រះជន្មទៅ។
41រីឯដំណើរឯទៀតពីសាឡូម៉ូន នឹងការដែលទ្រង់បានធ្វើទាំងប៉ុន្មាន ហើយប្រាជ្ញារបស់ទ្រង់ នោះសុទ្ធតែកត់ទុក ក្នុងសៀវភៅ ពីកិច្ចការរបស់សាឡូម៉ូនហើយ 42សាឡូម៉ូនទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡិមបាន៤០ឆ្នាំ 43ទ្រង់ក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះសពនៅក្នុងក្រុងរបស់ដាវីឌ ជាបិតាទ្រង់ រួចរេហូបោម ជាបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
Currently Selected:
១ ពង្សាវតារក្សត្រ 11: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.