YouVersion Logo
Search Icon

១ ពង្សាវតារក្សត្រ 14

14
1នៅ​គ្រា​នោះ អ័ប៊ីយ៉ា ជា​បុត្រ​យេរ៉ូ‌បោម ទ្រង់​ចាប់​ប្រឈួន 2ហើយ​យេរ៉ូ‌បោម​មាន​បន្ទូល​នឹង​ភរិយា​ថា ចូរ​ឲ្យ​ឯង​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ឯង​ថា​ជា​ប្រពន្ធ​អញ​ឡើយ រួច​ទៅ​ឯ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះមាន​ហោរា​អ័ហ៊ីយ៉ា ដែល​បាន​ទាយ​ពី​ដំណើរ​ដែល​អញ​នឹង​សោយ‌រាជ្យ​លើ​បណ្តាជន​នេះ 3ចូរ​នាំ​យក​នំបុ័ង​១០​ដុំ នឹង​នំ​ផ្អែម​ខ្លះ ហើយ​ពួច​១​ពេញ​ដោយ​ទឹក​ឃ្មុំ ទៅ​ឯ​លោក លោក​នឹង​ប្រាប់​ឯង ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា 4ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ នាង​ក្រោក​ឡើង​ទៅ​ឯ​ផ្ទះ​អ័ហ៊ីយ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ីយ៉ា លោក​មើល​មិន​ឃើញ​ទេ ពី​ព្រោះ​ភ្នែក​ងងឹត​ដោយ​ចាស់​ណាស់​ហើយ 5តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​អ័ហ៊ីយ៉ា​ថា មើល ភរិយា​របស់​យេរ៉ូ‌បោម​មក​សួរ​ឯង ពី​ដំណើរ​កូន​ដែល​ឈឺ ត្រូវ​ឲ្យ​ឯង​ប្រាប់​នាង​ដូច្នេះ​មួយៗ ដ្បិត​កាល​ណា​នាង​ចូល​មក នោះ​នាង​នឹង​ធ្វើ​ភាព​ជា​ស្ត្រី​ផ្សេង​ទៀត។
6ដូច្នេះ កាល​អ័ហ៊ីយ៉ា បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា ភរិយា​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ ព្រះ‌នាង​ធ្វើ​ភាព​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូលបង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង 7សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អញ​បាន​លើក​ឯង ពី​កណ្តាល​ពួក​ប្រជា‌ជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ 8ព្រម​ទាំង​កន្ត្រាក់​យក​រាជ្យ​ពី​ព្រះ‌វង្សា​ដាវីឌ​មក​ឲ្យ​ឯង​វិញ តែ​ឯង​មិន​បាន​ដូច​ដាវីឌ ជា​អ្នក​បំរើ​អញ ដែល​បាន​កាន់​តាម​បញ្ញត្ត​អញ ហើយ​ដើរ​តាម​អញ ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្ដី​ដែល​ទៀង​ត្រង់ នៅ​ភ្នែក​អញ​ទេ 9គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ នឹង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង 10នោះ​បាន​ជា​អញ​នឹង​នាំ​សេចក្ដី​អាក្រក់ មក​លើ​ពូជ‌ពង្ស​យេរ៉ូ‌បោម ហើយ​នឹង​កាត់​គ្រប់​ទាំង​កូន​ប្រុសៗ​ពី​វង្សា​របស់​យេរ៉ូ‌បោម​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក ឬ​ជា​អ្នក​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រាអែល​ក្តី ហើយ​អញ​នឹង​បោស​ពួក​វង្ស​របស់​យេរ៉ូ‌បោម​ទៅ ដូច​ជា​គេ​បោស​អាចម៍​សត្វ​ចោល ទាល់​តែ​អស់​រលីង 11អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ 12ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​បុត្រ​នឹង​សុគត​ទៅ 13ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោមមាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល 14មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឲ្យ​មាន​ស្តេច​១​ផ្សេង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ 15ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ពួក​អ៊ីស្រាអែល ដូច​ជា​ដើម​បបុស ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រាអែល ចេញ​ពី​ដី​ល្អ​នេះដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​ឰយុកោ​គេ ក៏​នឹង​កំចាត់‌កំចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​អស់​ទាំង​រូប​ព្រះ​សំរាប់​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ 16ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រាអែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។
17ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ 18រួច​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​បញ្ចុះ​សព​ទ្រង់ ហើយ​កាន់​ទុក្ខ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​ហោរា​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់។
19រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម គឺ​ពី​ទ្រង់​ធ្វើ​ចំបាំង​យ៉ាង​ណា ហើយ​សោយ‌រាជ្យ​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ 20យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​២២​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​ណាដាប​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។
21ឯ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា​នៃ​សាឡូម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​បាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​រើស​ចេញ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អំបាល‌ម៉ាន សំរាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​នាម​ជា​ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន 22ពួក​យូដា​ក៏​ប្រព្រឹត្ត​អាក្រក់​លាមក​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​លើស​ជាង​ពួក​ឰយុកោ​របស់​គេ​ទៅ​ទៀត 23ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ បង្គោល​សំរាប់​គោរព នឹង​រូប​ព្រះ សំរាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ 24ក៏​តាំង​ឲ្យ​មាន​កូន​ជឹង​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។
25លុះ​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម នោះ​ស៊ីសាក​ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម 26ក៏​យក​អស់​ទាំង​ទ្រព្យ​សម្បត្តិ នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​ស្តេច​ទាំង​អស់​ទៅ ហើយ​យក​ទាំង​ខែល​មាស ដែល​សាឡូម៉ូន​បាន​ធ្វើ​ផង​ដែរ 27រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច 28ដូច្នេះ កាល​ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​វេលា​ណា នោះ​ពួក​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​រក្សា​អង្គ​វិញ។
29រីឯ​ដំណើរ​ឯ​ទៀត ពី​រេហូ‌បោម នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ 30ឯ​រេហូ‌បោម នឹង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច 31រេហូ‌បោម​ក៏​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ឯ​មាតា​ទ្រង់ នោះ​មាន​ព្រះ‌នាម​ជា​ន៉ាអាម៉ា សាសន៍​អាំម៉ូន លំដាប់​នោះ អ័ប៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in