លូកា 24
24
ព្រឹកនៃការរស់ឡើងវិញ
1នៅថ្ងៃទីមួយនៃសប្ដាហ៍#24:1 ថ្ងៃទីមួយនៃសប្ដាហ៍―គឺ “ថ្ងៃអាទិត្យ”។ ពេលព្រលឹមស្រាងៗ ពួកស្ត្រីៗ#24:1 ពួកស្ត្រីៗ―ន័យត្រង់គឺ “ពួកនាង”។មកដល់រូងផ្នូរ ទាំងយកគ្រឿងក្រអូបដែលពួកនាងបានរៀបចំទុកមកជាមួយដែរ#24:1 ឯកសារបុរាណខ្លះបន្ថែម “ព្រមទាំងមានអ្នកខ្លះទៀតមកជាមួយផង”។ 2ក៏ឃើញថាថ្មត្រូវបានប្រមៀលចេញពីមាត់រូងហើយ។ 3ពួកនាងបានចូលទៅ ប៉ុន្តែមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវឡើយ។ 4ខណៈដែលពួកនាងកំពុងវល់គំនិតអំពីការនេះ មើល៍! មានបុរសពីរនាក់ស្លៀកសម្លៀកបំពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរនៅក្បែរពួកនាង។ 5ពួកនាងក៏ភ័យខ្លាច ហើយឱនមុខដល់ដី។
បុរសពីរនាក់នោះនិយាយនឹងពួកនាងថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងរកមនុស្សរស់ នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? 6ព្រះអង្គមិនគង់នៅទីនេះទេ ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញហើយ! ចូរនឹកចាំអ្វីដែលព្រះអង្គមានបន្ទូលនឹងអ្នករាល់គ្នា កាលព្រះអង្គគង់នៅកាលីឡេនៅឡើយ 7ថា:‘កូនមនុស្សត្រូវតែត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប ហើយត្រូវគេឆ្កាង បន្ទាប់មកនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ’”។ 8ពេលនោះ ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវ។
9បន្ទាប់ពីត្រឡប់មកពីរូងផ្នូរវិញ ពួកនាងក៏ប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវ័កទាំងដប់មួយនាក់ និងអ្នកឯទៀតៗទាំងអស់។ 10ស្ត្រីៗដែលប្រាប់ហេតុការណ៍ទាំងនេះដល់ពួកសាវ័ក គឺម៉ារាអ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារាម្ដាយ#24:10 ម្ដាយ―ជាពាក្យជំនួយ។របស់យ៉ាកុប និងស្ត្រីឯទៀតៗដែលនៅជាមួយពួកនាងដែរ។ 11ប៉ុន្តែពាក្យទាំងនេះហាក់ដូចជារឿងឥតទំនងសម្រាប់ពួកគេ ដូច្នេះពួកគេមិនជឿពួកនាងទេ។ 12យ៉ាងណាមិញ ពេត្រុសបានក្រោកឡើងរត់ទៅរូងផ្នូរ ហើយឱនមើល ក៏ឃើញតែក្រណាត់ផាឌិបប៉ុណ្ណោះ#24:12 ឯកសារបុរាណខ្លះបន្ថែម “ដាក់នៅទីនោះ”។ ដូច្នេះគាត់ក៏ទៅផ្ទះវិញ ទាំងងឿងឆ្ងល់នឹងអ្វីដែលបានកើតឡើង។
នៅតាមផ្លូវទៅអេម៉ោស
13នៅថ្ងៃដដែលនោះ មើល៍! មានពីរនាក់ក្នុងពួកសិស្សធ្វើដំណើរទៅភូមិមួយឈ្មោះអេម៉ោស ដែលមានចម្ងាយដប់មួយគីឡូម៉ែត្រ#24:13 ដប់មួយគីឡូម៉ែត្រ―ន័យត្រង់គឺ “60ស្តាឌៀន”។ 1ស្តាឌៀន=185ម៉ែត្រ។ពីយេរូសាឡិម។ 14ពួកគេកំពុងនិយាយគ្នាអំពីហេតុការណ៍ទាំងអស់នោះដែលបានកើតឡើង។ 15នៅពេលពួកគេកំពុងនិយាយ និងជជែកគ្នា ព្រះយេស៊ូវព្រះអង្គផ្ទាល់ក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ 16ប៉ុន្តែភ្នែករបស់ពួកគេត្រូវបានបាំងមិនឲ្យស្គាល់ព្រះអង្គទេ។ 17ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងទាំងនេះដែលអ្នករាល់គ្នានិយាយគ្នាតាមផ្លូវ ជារឿងអ្វី?”។ ពួកគេក៏ឈរស្ងៀម#24:17 ឯកសារបុរាណខ្លះគ្មាន “ឈរស្ងៀម”។ ទាំងមានទឹកមុខស្រងូតស្រងាត់។
18ម្នាក់ឈ្មោះក្លេអូប៉ាសទូលតបនឹងព្រះអង្គថា៖ “ក្នុងអ្នកដែលស្នាក់នៅយេរូសាឡិម មានតែលោកប៉ុណ្ណោះឬ ដែលមិនដឹងហេតុការណ៍ដែលកើតឡើងនៅទីនោះក្នុងប៉ុន្មានថ្ងៃនេះ?”។
19ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងអ្វី?”។
ពួកគេទូលព្រះអង្គថា៖ “គឺអំពីយេស៊ូវអ្នកណាសារ៉ែត ជាព្យាការីម្នាក់ដ៏មានអំណាចក្នុងការដែលលោកធ្វើ និងពាក្យសម្ដី នៅចំពោះព្រះនិងប្រជាជនគ្រប់គ្នា 20ព្រមទាំងអំពីរបៀបដែលពួកនាយកបូជាចារ្យ និងពួកមេគ្រប់គ្រងរបស់យើងបានប្រគល់លោកទៅក្នុងការកាត់ទោសប្រហារជីវិត ហើយពួកគេក៏ឆ្កាងលោកផង។ 21តាមពិត យើងបានសង្ឃឹមថាលោកជាអ្នកដែលរៀបនឹងរំដោះអ៊ីស្រាអែល។ លើសពីនេះទៅទៀត ថ្ងៃនេះ#24:21 ឯកសារបុរាណខ្លះគ្មាន “ថ្ងៃនេះ”។ជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនោះបានកើតឡើង 22មានស្ត្រីខ្លះក្នុងចំណោមពួកយើងបានធ្វើឲ្យពួកយើងភ្ញាក់ផ្អើលដែរ; ពួកនាងបានទៅដល់រូងផ្នូរទាំងព្រលឹម 23តែមិនបានឃើញសពលោកទេ ក៏មកវិញរៀបរាប់ថាបានឃើញនិមិត្តនៃទូតសួគ៌ទៀត គឺពួកទូតសួគ៌និយាយថាលោកនៅរស់។ 24មានអ្នកខ្លះដែលនៅជាមួយពួកយើងបានទៅឯរូងផ្នូរ ហើយបានឃើញដូចដែលស្ត្រីៗទាំងនោះនិយាយដែរ គឺពួកគេមិនបានឃើញលោកទេ”។
25ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ឱ មនុស្សល្ងង់ខ្លៅ និងមានចិត្តក្រនឹងជឿទុកចិត្តលើអស់ទាំងសេចក្ដីដែលបណ្ដាព្យាការីបានថ្លែងទុកអើយ! 26តើព្រះគ្រីស្ទមិនត្រូវរងទុក្ខនឹងការទាំងនេះ ហើយចូលក្នុងសិរីរុងរឿងរបស់ព្រះអង្គទេឬ?”។ 27បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
28លុះមកជិតដល់ភូមិដែលពួកគេកំពុងតែទៅនោះ ព្រះយេស៊ូវធ្វើហាក់ដូចជាចង់យាងទៅមុខទៀត 29ពួកគេក៏ទទូចដល់ព្រះអង្គថា៖ “សូមស្នាក់នៅជាមួយពួកយើងសិនទៅ ពីព្រោះជិតល្ងាច ណាមួយថ្ងៃក៏លិចហើយដែរ!” ដូច្នេះ ព្រះយេស៊ូវក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។
30ខណៈដែលរួមតុអាហារជាមួយពួកគេ ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកគេ។ 31ពេលនោះ ភ្នែករបស់ពួកគេត្រូវបានបើក ហើយពួកគេក៏មើលព្រះអង្គស្គាល់ ប៉ុន្តែព្រះយេស៊ូវបានបាត់ពីមុខពួកគេទៅ។ 32ពួកគេនិយាយគ្នាថា៖ “នៅពេលព្រះអង្គមានបន្ទូលនឹងយើងនៅតាមផ្លូវ និងនៅពេលព្រះអង្គពន្យល់គម្ពីរដល់យើង តើចិត្តរបស់យើងមិនបានឆេះឆួលទេឬ?”។ 33ពេលនោះ ពួកគេក្រោកឡើងភ្លាមត្រឡប់ទៅយេរូសាឡិមវិញ ក៏ឃើញសាវ័កទាំងដប់មួយនាក់ និងអ្នកដែលនៅជាមួយពួកគេនៅជួបជុំគ្នា 34និយាយថា៖ “ព្រះអម្ចាស់ពិតជាត្រូវបានលើកឲ្យរស់ឡើងវិញមែន ហើយបានលេចមកដល់ស៊ីម៉ូន!”។ 35សិស្សទាំងពីរនាក់ក៏រៀបរាប់អ្វីៗដែលកើតឡើងនៅតាមផ្លូវ និងរបៀបដែលព្រះអង្គឲ្យពួកគេមើលស្គាល់ នៅពេលកាច់នំប៉័ង។
ភាពប្រាកដនៃការរស់ឡើងវិញ
36ខណៈដែលពួកគេកំពុងនិយាយអំពីការទាំងនេះ ព្រះយេស៊ូវផ្ទាល់បានឈរនៅកណ្ដាលចំណោមពួកគេ ហើយមានបន្ទូលនឹងពួកគេថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។#24:36 ឯកសារបុរាណខ្លះគ្មាន “ហើយមានបន្ទូលនឹងពួកគេថា៖ ‘សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!’”។ 37ពួកគេក៏តក់ស្លុត ហើយភ័យខ្លាច ដោយគិតថាឃើញខ្មោច។ 38ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាភ័យស្លុតដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាកើតសង្ស័យក្នុងចិត្ត? 39ចូរមើលដៃ និងជើងរបស់ខ្ញុំចុះ ថាគឺខ្ញុំមែន។ ចូរពាល់ខ្ញុំមើល៍! ដ្បិតខ្មោចគ្មានសាច់ និងឆ្អឹងដូចដែលអ្នករាល់គ្នាឃើញខ្ញុំមាននេះទេ”។ 40នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ត និងព្រះបាទាដល់ពួកគេ។#24:40 ឯកសារបុរាណខ្លះគ្មានខនេះ។ 41ប៉ុន្តែកាលពួកគេនៅតែមិនជឿដោយសារតែអំណរ ហើយចេះតែងឿងឆ្ងល់ ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“នៅទីនេះមានអ្វីហូបឬទេ?”។ 42ពួកគេជូនត្រីអាំងមួយកំណាត់#24:42 ត្រីអាំងមួយកំណាត់―ឯកសារបុរាណខ្លះថា “ត្រីអាំង និងទឹកឃ្មុំ”។ដល់ព្រះអង្គ 43ហើយព្រះអង្គក៏ទទួលយកមកសោយនៅមុខពួកគេ។
44ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ទាំងនេះជាពាក្យរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺថាសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីខ្ញុំ ក្នុងក្រឹត្យវិន័យរបស់ម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើង ត្រូវតែបានបំពេញឲ្យសម្រេច”។ 45បន្ទាប់មក ព្រះយេស៊ូវបានបើកបំភ្លឺគំនិតរបស់ពួកគេឲ្យយល់គម្ពីរ 46ហើយមានបន្ទូលថា៖“មានសរសេរទុកមកដូច្នេះថា ព្រះគ្រីស្ទត្រូវតែ#24:46 ឯកសារបុរាណខ្លះគ្មាន “ត្រូវតែ”។រងទុក្ខ ហើយនៅថ្ងៃទីបី ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់ 47រួចការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប#24:47 ការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប―ឯកសារបុរាណខ្លះថា “ការកែប្រែចិត្ត និងការលើកលែងទោសបាប”។នឹងបានប្រកាសដល់ប្រជាជាតិទាំងអស់ ក្នុងព្រះនាមរបស់ព្រះអង្គ ដោយចាប់ផ្ដើមពីយេរូសាឡិម។ 48អ្នករាល់គ្នាជាសាក្សីអំពីការទាំងនេះ 49ហើយមើល៍! ខ្ញុំនឹងបញ្ជូនអ្វីដែលព្រះបិតារបស់ខ្ញុំបានសន្យាមកដល់អ្នករាល់គ្នា។ យ៉ាងណាមិញ ចូរអ្នករាល់គ្នាស្នាក់នៅទីក្រុង#24:49 ទីក្រុង―ឯកសារបុរាណខ្លះថា “ក្រុងយេរូសាឡិម”។រហូតដល់អ្នករាល់គ្នាត្រូវបានបំពាក់ដោយព្រះចេស្ដាពីស្ថានដ៏ខ្ពស់ចុះ”។
ការយាងឡើងទៅស្ថានសួគ៌
50ព្រះយេស៊ូវទ្រង់នាំពួកគេចេញទៅខាងក្រៅរហូតដល់បេថានី ហើយលើកព្រះហស្តឡើងប្រទានពរពួកគេ។ 51ខណៈដែលព្រះអង្គកំពុងប្រទានពរពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេ ហើយត្រូវបានលើកឡើងទៅលើមេឃ#24:51 ឯកសារបុរាណខ្លះគ្មាន “ហើយត្រូវបានលើកឡើងទៅលើមេឃ”។។ 52ពួកគេក៏ថ្វាយបង្គំព្រះអង្គ#24:52 ឯកសារបុរាណខ្លះគ្មាន “ថ្វាយបង្គំព្រះអង្គ”។ រួចត្រឡប់ទៅយេរូសាឡិមវិញដោយអំណរយ៉ាងខ្លាំង 53ហើយតែងតែសរសើរតម្កើង#24:53 សរសើរតម្កើង―ឯកសារបុរាណខ្លះថា “សរសើរ និងលើកតម្កើង”។ព្រះជានិច្ច នៅក្នុងព្រះវិហារ#24:53 ឯកសារបុរាណខ្លះបន្ថែម “អាម៉ែន”។៕៚
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative