YouVersion 標誌
搜尋圖標

លូកា 20

20
ជំទាស់នឹងសិទ្ធិអំណាចរបស់ព្រះយេស៊ូវ
1នៅគ្រានោះ មានកើតឡើងដូច្នេះ​: ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​ប្រជាជន​នៅក្នុង​ព្រះវិហារ ព្រមទាំង​ប្រកាសដំណឹងល្អ មាន​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​ចូលមក​ជាមួយ​ពួក​ចាស់ទុំ 2ហើយ​សួរ​ព្រះអង្គ​ថា​៖ “ចូរ​ប្រាប់​យើង​មក តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ជា​អ្នក​ដែល​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក​?”។
3ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“ខ្ញុំ​នឹង​សួរ​អស់លោក​មួយ​សំណួរ​ដែរ ចូរ​ប្រាប់​ខ្ញុំ​មក​។ 4តើ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​មក​ពី​ស្ថានសួគ៌ ឬ​មក​ពី​មនុស្ស​?”។
5ពួកគេ​ពិគ្រោះ​គ្នា​ថា​៖ “បើសិន​យើង​ថា​: ‘មកពី​ស្ថានសួគ៌’ គាត់​នឹង​សួរថា​: ‘ចុះ​ម្ដេចក៏​អ្នករាល់គ្នា​មិន​បាន​ជឿ​គាត់​?’ 6ប៉ុន្តែ​បើសិន​យើង​ថា​: ‘មកពី​មនុស្ស’ ប្រជាជន​ទាំងមូល​នឹង​គប់ដុំថ្មសម្លាប់​យើង ពីព្រោះ​ពួកគេ​ជឿជាក់​ថា​យ៉ូហាន​ជា​ព្យាការី”។
7ដូច្នេះ ពួកគេ​ឆ្លើយថា​៖ “ពួកយើង​មិន​ដឹង​ថា​មក​ពីណា​ទេ”។
8ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖“ខ្ញុំ​ក៏មិន​ប្រាប់​អស់លោក​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​ដែរ”។
ពាក្យឧបមាអំពីម្ចាស់ចម្ការទំពាំងបាយជូរ
9ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ប្រជាជន​ជា​ពាក្យឧបមា​នេះ​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​អស់រយៈពេលយ៉ាងយូរ​។ 10លុះដល់​រដូវ​ប្រមូលផល#20:10 ប្រមូលផល―ជាពាក្យជំនួយ។លោក​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​រក​ពួក​កសិករ ដើម្បីឲ្យ​ពួកគេ​ចែក​ផល​ពី​ចម្ការទំពាំងបាយជូរ​នោះ​ដល់​គាត់​។ ប៉ុន្តែ​ពួក​កសិករ​បាន​វាយ​បាវបម្រើនោះ ហើយ​បណ្ដេញ​គាត់​ឲ្យទៅវិញ​ដោយដៃទទេ​។ 11ម្ចាស់ចម្ការ​ក៏​ចាត់​បាវបម្រើ​ផ្សេង​ឲ្យទៅ​ម្ដងទៀត ប៉ុន្តែ​ពួកគេ​ក៏​វាយ និង​បង្អាប់បង្អោន​គាត់ ហើយ​បណ្ដេញ​គាត់​ឲ្យទៅវិញ​ដោយដៃទទេ​ដែរ​។ 12ម្ចាស់ចម្ការ​បន្ត​ចាត់​អ្នក​ទីបី​ឲ្យទៅ ប៉ុន្តែ​ពួកគេ​ធ្វើឲ្យ​អ្នកនោះ​របួស ហើយ​បោះ​គាត់​ទៅក្រៅ​ដែរ​។
13 “ម្ចាស់​ចម្ការទំពាំងបាយជូរ​នោះ​ក៏​និយាយថា​: ‘តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច​? ខ្ញុំ​នឹង​ចាត់​កូនប្រុសដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​ឲ្យទៅ ប្រហែល​ពួកគេ​នឹង​គោរព​កូនខ្ញុំ # 20:13 ឯកសារបុរាណខ្លះបន្ថែម “នៅពេលពួកគេឃើញគាត់”។ ’។
14 “ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​គាត់ ក៏​ជជែក​គ្នា​ថា​: ‘ # 20:14 ឯកសារបុរាណខ្លះបន្ថែម “មក៍!”។ ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ យើង​នាំគ្នា​សម្លាប់​វា​ចោល​ទៅ ដើម្បីឲ្យ​ទ្រព្យមរតក​បានជា​របស់យើង’។ 15ដូច្នេះ ពួកគេ​ក៏​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ចម្ការទំពាំងបាយជូរ ហើយ​សម្លាប់​គាត់​។
“ចុះ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​ដូចម្ដេច​ដល់​ពួកគេ​? 16លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត”។
នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!”។
17ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖“បើដូច្នេះ តើ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​:‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ’#20:17 《ទំនុកតម្កើង》 118:22។មានន័យ​ដូចម្ដេច​? 18អស់អ្នក​ដែល​ធ្លាក់​លើ​ថ្ម​នេះ នឹង​ត្រូវ​បាក់បែក ហើយ​អ្នកណាដែល​ថ្មនេះ​ធ្លាក់​លើ ថ្មនេះ​នឹង​កិន​អ្នកនោះ​ឲ្យខ្ទេចខ្ទី”។
19ពេលនោះ ពួក​គ្រូវិន័យ និង​ពួក​នាយកបូជាចារ្យ​ចង់​លូក​ដៃ​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ ប៉ុន្តែ​ពួកគេ​ខ្លាច​ប្រជាជន​។
ព្រះ និងសេសារ
20បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។ 21អ្នកស៊ើបការណ៍ទាំងនោះ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​មានប្រសាសន៍ និង​បង្រៀន​យ៉ាងត្រឹមត្រូវ ហើយ​លោក​មិន​រើសមុខ​គេ​ឡើយ ផ្ទុយទៅវិញ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត​។ 22តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។
23ព្រះយេស៊ូវ​ទ្រង់​ឈ្វេងយល់​ល្បិចកល​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖#20:23 ឯកសារបុរាណខ្លះបន្ថែម “ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​?”។ 24“ចូរ​បង្ហាញ​កាក់​ឌេណារី#20:24 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ឲ្យ​ខ្ញុំ​មើល៍​។ តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា​?”។
ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។
25ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។
26ពួកគេ​ចាប់​កំហុសព្រះយេស៊ូវតាមរយៈ​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅមុខ​ប្រជាជន​មិន​បាន ពួកគេ​ក៏​នៅស្ងៀម​ដោយ​ស្ងើច​ចំពោះ​ចម្លើយ​របស់​ព្រះអង្គ​។
ពួកសាឌូស៊ី និងសេចក្ដីរស់ឡើងវិញ
27មាន​អ្នកខ្លះ​ពី​ពួកសាឌូស៊ី​ដែល​និយាយប្រឆាំងថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ទូល​សួរ​ព្រះយេស៊ូវ 28ថា​៖ “លោកគ្រូ ម៉ូសេ​បាន​សរសេរ​ទុក​ឲ្យ​យើង​ថាប្រសិនបើ​បងប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ទាំង​គ្មានកូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​យក​ប្រពន្ធ​របស់បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន​។#20:28 《ទុតិយកថា》 25:5។ 29មាន​បងប្អូនប្រុស​ប្រាំពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មានកូន​។ 30ប្អូន​ទីពីរ#20:30 ប្អូន​ទីពីរ―ឯកសារបុរាណខ្លះថា “ប្អូន​ទីពីរ​យកស្ត្រីនោះ ហើយស្លាប់ទៅទាំងគ្មានកូន”។​ 31និង​ទីបី​ក៏​យក​នាង ហើយ​បងប្អូន​ទាំង​ប្រាំពីរ​នាក់​ក៏​ស្លាប់​ទៅ​ដោយ​មិន​បាន​បន្សល់​កូន​ដូចគ្នាដែរ​។ 32នៅទីបំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ 33ដូច្នេះ នៅ​ថ្ងៃនៃការរស់ឡើងវិញ តើ​ស្ត្រី​នោះ​នឹង​ទៅជា​ប្រពន្ធ​របស់​នរណា​ក្នុង​ពួកគេ​? ដ្បិត​ទាំង​ប្រាំពីរ​នាក់​បាន​យក​នាង​ជា​ប្រពន្ធ”។
34ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“កូនចៅ​នៃ​លោកីយ៍​នេះ​រៀបការជាប្ដីប្រពន្ធ 35ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​លោកខាងមុខ និង​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួកគេ​មិន​រៀបការជាប្ដីប្រពន្ធ​ឡើយ​។ 36ជាការពិត ពួកគេ​មិន​អាច​ស្លាប់​ទៀត​ឡើយ ដ្បិត​ពួកគេ​នឹង​បាន​ដូចជាបណ្ដាទូតសួគ៌ និង​បានជា​កូនរបស់ព្រះ គឺ​បានជា​កូនចៅ​នៃ​ការរស់ឡើងវិញ​។ 37ចំពោះការដែល​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​នោះ ម៉ូសេ​ក៏​បញ្ជាក់​នៅត្រង់​វគ្គ ‘គុម្ពបន្លា’ ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា​:‘ព្រះ​របស់​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប’#20:37 《និក្ខមនំ》 3:6, 15។ 38ដូច្នេះ ព្រះ​មិនមែន​ជា​ព្រះ​របស់​មនុស្សស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​។ ដ្បិត​នៅចំពោះ​ព្រះ មនុស្ស​ទាំងអស់​នៅរស់”។
39ពួក​គ្រូវិន័យ​ខ្លះ​និយាយ​ថា៖ “លោកគ្រូ លោក​និយាយ​ត្រូវ​ហើយ”។ 40បន្ទាប់មក ពួកគេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀត​ឡើយ​។
ព្រះគ្រីស្ទ និងដាវីឌ
41ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ម្ដេចក៏​គេ​និយាយថា ព្រះ​គ្រីស្ទ​ជា​ពូជពង្ស​របស់​ដាវីឌ​? 42ដាវីឌ​ផ្ទាល់​បាន​ថ្លែង​ក្នុង​គម្ពីរ​ទំនុកតម្កើង​ថា​:
‘ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា
ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង
43 រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក’។ # 20:42-43 《ទំនុកតម្កើង》 110:1។
44 ដាវីឌ​បាន​ហៅ​ព្រះគ្រីស្ទ​ថា ‘ព្រះអម្ចាស់’ បើដូច្នេះ​តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។
ចូរប្រយ័ត្ននឹងពួកគ្រូវិន័យ
45ខណៈដែល​ប្រជាជន​ទាំងមូល​កំពុង​ស្ដាប់ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ 46“ចូរ​ប្រយ័ត្នប្រយែង​នឹង​ពួក​គ្រូវិន័យ​។ ពួកគេ​ចូលចិត្ត​ពាក់​អាវវែង​ដើរចុះដើរឡើង ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ និង​កន្លែងកិត្តិយស​នៅក្នុង​ពិធីជប់លៀង​។ 47ពួកគេ​ស៊ីបង្ហិន​ផ្ទះ​របស់​ស្ត្រីមេម៉ាយ ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យ៉ាងយូរ​។ អ្នកទាំងនេះ​នឹង​ទទួល​ទោស#20:47 ទោស​―ឬ “ការជំនុំជម្រះ”។ធ្ងន់ជាង”៕

目前選定:

លូកា 20: GKHB

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入