YouVersion 標誌
搜尋圖標

លូកា 16

16
ពាក្យឧបមាអំពីអ្នកគ្រប់គ្រងមិនស្មោះត្រង់
1ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ទៀត​ថា​៖“សេដ្ឋី​ម្នាក់​មាន​អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងនោះ​ត្រូវគេ​ប្ដឹង​ថា គាត់​ចាយបង្ហិន​ធនធាន​របស់​ចៅហ្វាយគាត់​។ 2សេដ្ឋី​ក៏​ហៅ​អ្នកគ្រប់គ្រងនោះ​មក និយាយថា​: ‘រឿងនេះ​ដែល​ខ្ញុំ​បាន​ឮ​អំពី​អ្នក​ជា​អ្វី​? ចូរ​រៀបចំ​របាយការណ៍​អំពី​ការគ្រប់គ្រង​របស់អ្នក​មក ពីព្រោះ​អ្នក​មិន​អាច​ធ្វើជាអ្នកគ្រប់គ្រង​បន្ត​ទៀត​បាន​ទេ’។
3 “អ្នកគ្រប់គ្រង​នោះ​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ចង់​ដកយក​មុខងារជាអ្នកគ្រប់គ្រង​ចេញ​ពី​អញ​ហើយ តើ​អញ​គួរ​ធ្វើ​ដូចម្ដេច​? អញ​គ្មានកម្លាំង​ទៅ​ជីក​ដី​ឡើយ ហើយ​ទៅ​សុំទាន​ក៏​ខ្មាសគេ​ដែរ។ 4អញ​ដឹង​ហើយ​ថា គួរ​ធ្វើ​ដូចម្ដេច ដើម្បីឲ្យ​គេ​បាន​ទទួល​អញ​ទៅក្នុង​ផ្ទះ​របស់​គេ កាលណា​អញ​ត្រូវបាន​ដកចេញ​ពី​មុខងារជាអ្នកគ្រប់គ្រង’។
5 “បន្ទាប់មក គាត់​ហៅ​កូនបំណុល​របស់​ចៅហ្វាយ​ខ្លួន​មក​ម្នាក់ម្ដងៗ ហើយ​សួរ​អ្នក​ទីមួយ​ថា​: ‘តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់ខ្ញុំ​ប៉ុន្មាន?’។
6 “អ្នកនោះ​ឆ្លើយថា​: ‘ប្រេងអូលីវ​មួយរយ​ប៉ោត # 16:6 ប៉ោត―ន័យត្រង់គឺ “បាថ”។ 1បាថ=22លីត្រ។ ’។
“អ្នកគ្រប់គ្រង​ក៏​ប្រាប់​អ្នកនោះ​ថា​: ‘យក​លិខិតបញ្ជាក់​របស់អ្នក​ទៅ​អង្គុយ​សរសេរ​ដាក់​ហាសិបវិញ ជាប្រញាប់​ទៅ’។
7 “គាត់​សួរ​ម្នាក់ទៀត​ថា​: ‘ចុះ​អ្នក​វិញ តើ​អ្នក​ជំពាក់​ប៉ុន្មាន​ដែរ​?’។
“អ្នកនោះ​ឆ្លើយថា​: ‘ស្រូវសាលី​មួយរយ​ហាប # 16:7 ហាប―ន័យត្រង់គឺ “ខូរូស”។ 1ខូរូស=350លីត្រ។ ’។
“អ្នកគ្រប់គ្រង​ក៏​ប្រាប់​អ្នកនោះ​ថា​: ‘យក​លិខិតបញ្ជាក់​របស់អ្នក​ទៅ​សរសេរ​ដាក់​ប៉ែតសិបវិញ​ទៅ’។
8 “រីឯ​ចៅហ្វាយ​ក៏​សរសើរ​អ្នកគ្រប់គ្រង​ទុច្ចរិត​នោះ ដោយសារ​គាត់​បាន​ប្រព្រឹត្ត​យ៉ាងឆ្លៀវឆ្លាត​។ ដ្បិត​កូនចៅ​នៃ​លោកីយ៍​នេះ​ឈ្លាសវៃ​ក្នុង​ជំនាន់​របស់​គេ ជាង​កូនចៅ​នៃ​ពន្លឺទៅទៀត​។ 9ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​បង្កើត​មិត្តភក្ដិ​សម្រាប់​ខ្លួនឯង​ពី​ទ្រព្យសម្បត្តិ#16:9 ទ្រព្យសម្បត្តិ―ឬ “ម៉ាមម៉ូន”។ដ៏ទុច្ចរិត​ចុះ ដើម្បីឲ្យ​គេ​បាន​ទទួល​អ្នករាល់គ្នា​ទៅក្នុង​លំនៅ#16:9 លំនៅ―ន័យត្រង់គឺ “រោង”។ដ៏អស់កល្បជានិច្ច កាលណា​ទ្រព្យសម្បត្តិនោះ​រលាយសូន្យ​ទៅ​។ 10អ្នក​ដែល​ស្មោះត្រង់​នឹង​ការ​តូចបំផុត ក៏​ស្មោះត្រង់​នឹង​ការ​ជាច្រើន ហើយ​អ្នក​ដែល​ទុច្ចរិត​នឹង​ការ​តូចបំផុត ក៏​ទុច្ចរិត​នឹង​ការ​ជាច្រើន​ដែរ។ 11ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​មិន​បាន​ស្មោះត្រង់​នឹង​ទ្រព្យសម្បត្តិ#16:11 ទ្រព្យសម្បត្តិ―ឬ “ម៉ាមម៉ូន”។ដ៏ទុច្ចរិត​ផង តើ​នរណា​នឹង​ផ្ទុកផ្ដាក់​ទ្រព្យសម្បត្តិ​ពិត​នឹង​អ្នករាល់គ្នា​? 12ហើយ​ប្រសិនបើ​អ្នករាល់គ្នា​មិន​បាន​ស្មោះត្រង់​នឹង​ទ្រព្យសម្បត្តិរបស់​អ្នកដទៃ​ផង តើ​នរណា​នឹង​ឲ្យ​អ្នករាល់គ្នា​នូវទ្រព្យសម្បត្តិ​របស់អ្នករាល់គ្នា​? 13គ្មាន​អ្នកបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិ#16:13 ទ្រព្យសម្បត្តិ―ឬ “ម៉ាមម៉ូន”។ផង​បានឡើយ”។
គុណតម្លៃនៃអាណាចក្ររបស់ព្រះ
14នៅពេល​ពួកផារិស៊ី​ជា​អ្នក​ស្រឡាញ់លុយ​បាន​ឮសេចក្ដី​ទាំងអស់​នេះ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះយេស៊ូវ​។ 15ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​ជា​អ្នក​ដែល​បង្ហាញថា​ខ្លួន​សុចរិត​នៅមុខ​មនុស្ស ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​របស់អ្នករាល់គ្នា​។ ជាការពិត អ្វី​ដែល​រាប់ថា​ល្អប្រសើរ​ក្នុងចំណោម​មនុស្ស គឺជា​ទីស្អប់ខ្ពើម​នៅចំពោះ​ព្រះ។
16 “ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​មាន​ត្រឹម​យ៉ូហាន​។ តាំងពី​ពេលនោះ​មក អាណាចក្រ​របស់​ព្រះ​ត្រូវបាន​ផ្សព្វផ្សាយ ហើយ​មនុស្ស​ទាំងអស់​កំពុង​ខំប្រឹងប្រជ្រៀតចូល​ទៅ​ទីនោះ​។ 17ការ​ដែល​ផ្ទៃមេឃ និងផែនដី​ផុតទៅ នោះ​ងាយជាង​បាត់​បន្តក់​មួយ​ក្នុង​ក្រឹត្យវិន័យ​ទៅទៀត​!
18 “អស់អ្នក​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត អ្នកនោះ​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​ហើយ រីឯ​អ្នក​ដែល​រៀបការ​ជាមួយ​ស្ត្រី​ប្ដីលែង អ្នកនោះ​ក៏​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​ដែរ​។
សេដ្ឋី និងឡាសារ
19 “មាន​សេដ្ឋី​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ពណ៌ស្វាយ និង​ក្រណាត់ផាឌិបដ៏ប្រណិត ហើយ​ជប់លៀង​យ៉ាងហ៊ឹកហ៊ាក់​ជារៀងរាល់ថ្ងៃ 20ក៏​មាន​អ្នកក្រ​ម្នាក់​ឈ្មោះ​ឡាសារ ដែល​កើតដំបៅពេញខ្លួន ត្រូវគេ​ផ្ដេក​នៅ​មាត់ទ្វារ​របស់​សេដ្ឋីនោះ​។ 21គាត់​តែងតែ​ប្រាថ្នាចង់​ចម្អែតពោះ​ដោយ​កម្ទេចអាហារ#16:21 ឯកសារបុរាណខ្លះគ្មាន “ដោយកម្ទេចអាហារ”។ដែល​ជ្រុះ​ពី​តុ​អាហារ​របស់​សេដ្ឋី​នោះ​ណាស់ ហើយ​សូម្បីតែ​ឆ្កែ​ក៏​មក​លិទ្ធ​ដំបៅ​របស់​គាត់​ដែរ។ 22ក្រោយមក អ្នកក្រ​នោះ​បាន​ស្លាប់​ទៅ ហើយ​គាត់​ត្រូវ​បណ្ដា​ទូតសួគ៌​យកទៅ​ឯ​ដើមទ្រូង​របស់​អ័ប្រាហាំ​។ ចំណែកឯ​សេដ្ឋី​នោះ​ក៏​ស្លាប់​ទៅ​ដែរ ហើយ​គាត់​ត្រូវគេ​បញ្ចុះ។ 23នៅក្នុង​ស្ថានមនុស្សស្លាប់ ពេល​សេដ្ឋីនោះ​កំពុង​រងទារុណកម្ម គាត់​ក៏​ងើបភ្នែកឡើង​ឃើញ​អ័ប្រាហាំ​ពី​ចម្ងាយ ព្រមទាំង​ឡាសារ​នៅ​នឹង​ដើមទ្រូង​លោក​។ 24គាត់​ក៏​ស្រែកឡើង​ថា​: ‘លោក​ឪពុក​អ័ប្រាហាំ​អើយ សូម​អាណិតមេត្តា​ខ្ញុំ​ផង​! សូម​ឲ្យ​ឡាសារ​មក ជ្រលក់​ចុង​ម្រាមដៃ​របស់​គាត់​ក្នុង​ទឹក ហើយ​ដាក់​លើ​អណ្ដាត​របស់ខ្ញុំ​ឲ្យត្រជាក់​ផង ដ្បិត​ខ្ញុំ​កំពុង​រងទុក្ខវេទនា​ក្នុង​អណ្ដាតភ្លើង​នេះ​!’។
25 “ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘កូន​អើយ ចូរ​នឹកចាំ​ថា នៅក្នុង​ជីវិត​របស់កូន កូន​ទទួលបាន​សុភមង្គល​យ៉ាងណា ហើយ​ឡាសារ​បាន​រង​ទុក្ខ​យ៉ាងណា​។ ប៉ុន្តែ​ឥឡូវនេះ គាត់​កំពុង​ទទួល​ការ​កម្សាន្តចិត្ត​នៅ​ទីនេះ រីឯ​កូន​វិញ កូន​កំពុង​រងទុក្ខវេទនា​។ 26ក្រៅពី​ការ​ទាំងអស់​នេះ មាន​ជ្រោះជ្រៅ​ដ៏ធំ​ត្រូវបាន​ដាក់​រវាង​យើង និង​អ្នករាល់គ្នា ដូច្នេះ​អ្នក​ដែល​ចង់​ឆ្លង​ពីទីនេះ​ទៅ​រក​អ្នករាល់គ្នា ទៅ​មិន​បាន​ឡើយ ហើយ​ឆ្លង​ពីទីនោះ​មក​រក​យើង ក៏​មក​មិន​បាន​ដែរ’។
27 “សេដ្ឋីនោះ​ក៏​និយាយថា​: ‘លោក​ឪពុក​អើយ បើដូច្នេះ សូម​លោក​ចាត់​ឡាសារ​ឲ្យទៅ​ឯ​ផ្ទះ​ឪពុក​របស់ខ្ញុំ​ផង 28ដ្បិត​ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់​។ សូម​ឲ្យ​គាត់​ដាស់តឿនយ៉ាងម៉ឺងម៉ាត់#16:28 ដាស់តឿនយ៉ាងម៉ឺងម៉ាត់―ឬ “ធ្វើ​បន្ទាល់យ៉ាងម៉ឺងម៉ាត់”។ដល់​ពួកគេ​ផង ដើម្បីកុំឲ្យ​ពួកគេ​បាន​មក​កន្លែង​ទារុណកម្ម​នេះ​ដែរ’។
29 “ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘បងប្អូនរបស់អ្នក​មាន​ម៉ូសេ និង​បណ្ដា​ព្យាការី​ហើយ ចូរឲ្យ​ពួកគេ​ស្ដាប់តាម​លោកទាំងនោះ​ចុះ’។
30 “សេដ្ឋីនោះ​ក៏​និយាយថា​: ‘ទេ លោក​ឪពុក​អ័ប្រាហាំ​អើយ​! បើសិន​មាន​អ្នកណា​ម្នាក់​ពីចំណោម​មនុស្សស្លាប់​ទៅ​ជួប​ពួកគេ ពួកគេ​មុខជា​កែប្រែចិត្ត​មិនខាន’។
31 “ប៉ុន្តែ​អ័ប្រាហាំ​តប​នឹង​គាត់​ថា​: ‘បើសិន​ពួកគេ​មិន​ស្ដាប់តាម​ម៉ូសេ និង​បណ្ដា​ព្យាការី​នោះ​ទេ ទោះបីជា​មាន​អ្នកណា​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ក៏ដោយ ក៏​នៅតែ​បញ្ចុះបញ្ចូល​ពួកគេ​មិន​បាន​ដែរ’”៕

目前選定:

លូកា 16: GKHB

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入