លូកា 15
15
ពាក្យឧបមាអំពីចៀមវង្វេង
1ពេលនោះ អ្នកទារពន្ធ និងមនុស្សបាបទាំងអស់ចូលមកជិតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះអង្គ។ 2ពួកផារិស៊ី និងពួកគ្រូវិន័យក៏រអ៊ូរទាំថា៖ “អ្នកនេះទទួលមនុស្សបាប ហើយហូបជាមួយពួកគេទៀតផង”។
3ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមានេះថា៖ 4“តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលមានចៀមមួយរយក្បាល ហើយបាត់ចៀមមួយក្នុងចៀមទាំងនោះទៅ ក៏មិនទុកចោលចៀមកៅសិបប្រាំបួននៅទីរហោស្ថាន រួចទៅតាមរកចៀមមួយដែលបាត់នោះ ទាល់តែរកវាឃើញទេឬ? 5កាលណារកវាឃើញ គាត់មុខជាលើកវាដាក់លើស្មា ទាំងអរសប្បាយ 6ហើយមកផ្ទះវិញ ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមក ប្រាប់ពួកគេថា: ‘សូមអបអរជាមួយខ្ញុំ ដ្បិតខ្ញុំបានរកចៀមរបស់ខ្ញុំដែលបាត់នោះឃើញហើយ’។ 7ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានអំណរយ៉ាងនោះដែរ ចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនចាំបាច់កែប្រែចិត្ត។
ពាក្យឧបមាអំពីកាក់បាត់
8 “មួយវិញទៀត តើមានស្ត្រីណាដែលមានកាក់ដ្រាក់ម៉ា # 15:8 ដ្រាក់ម៉ា―លុយកាក់ធ្វើពីប្រាក់របស់ក្រិក។ 1ដ្រាក់ម៉ា=ថ្លៃឈ្នួល1ថ្ងៃ។ ដប់ ហើយប្រសិនបើនាងបាត់មួយដ្រាក់ម៉ា ក៏មិនអុជចង្កៀង បោសសម្អាតផ្ទះ ហើយរកយ៉ាងយកចិត្តទុកដាក់ ទាល់តែរកឃើញទេឬ? 9កាលណារកឃើញហើយ នាងមុខជាហៅមិត្តភក្ដិ និងអ្នកជិតខាងមក ប្រាប់ថា: ‘សូមអបអរជាមួយខ្ញុំ ដ្បិតខ្ញុំបានរកមួយដ្រាក់ម៉ាដែលខ្ញុំបាត់នោះឃើញហើយ’។ 10ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
ពាក្យឧបមាអំពីកូនវង្វេង
11ព្រះយេស៊ូវមានបន្ទូលទៀតថា៖“មានបុរសម្នាក់មានកូនប្រុសពីរនាក់។ 12កូនប្អូននិយាយនឹងឪពុកថា: ‘លោកឪពុកអើយ សូមប្រគល់ចំណែកទ្រព្យសម្បត្តិដែលខ្ញុំត្រូវទទួលនោះឲ្យខ្ញុំមក’។ ដូច្នេះ ឪពុកក៏ចែកទ្រព្យសម្បត្តិដល់កូនទាំងពីរនាក់។ 13មិនយូរថ្ងៃក្រោយមក កូនប្អូនក៏ប្រមូលរបស់របរទាំងអស់ ហើយចេញដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះ គាត់បានចាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួន ហើយរស់នៅក្នុងភាពអបាយមុខ។ 14នៅពេលគាត់ចាយវាយអ្វីៗទាំងអស់ហើយ មានទុរ្ភិក្សដ៏ធ្ងន់ធ្ងរបានកើតឡើងនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។ 15ដូច្នេះ គាត់បានទៅពឹងអាស្រ័យនឹងអ្នកស្រុកម្នាក់នៅស្រុកនោះ ម្នាក់នោះក៏ចាត់គាត់ឲ្យទៅទីវាលរបស់ខ្លួន ដើម្បីឲ្យចិញ្ចឹមជ្រូក។ 16គាត់ប្រាថ្នាចង់ចម្អែតពោះ#15:16 ចម្អែតពោះ―ឯកសារបុរាណខ្លះថា “បំពេញពោះ”។ដោយសំបកផ្លែច័ន្ទគីរីដែលជ្រូកស៊ី តែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។ 17ប៉ុន្តែនៅពេលភ្ញាក់ខ្លួន គាត់ក៏ពោលថា: ‘ពួកឈ្នួលទាំងប៉ុន្មានរបស់ឪពុកខ្ញុំមានអាហារ#15:17 អាហារ―ន័យត្រង់គឺ “នំប៉័ង”។សម្បូរហូរហៀរ រីឯខ្ញុំវិញ ខ្ញុំជិតដាច់ពោះស្លាប់នៅទីនេះ! 18ខ្ញុំនឹងក្រោកឡើងទៅរកឪពុកខ្ញុំវិញ ហើយប្រាប់គាត់ថា: “លោកឪពុកអើយ ខ្ញុំបានប្រព្រឹត្តបាបទាស់នឹងស្ថានសួគ៌ និងបានប្រព្រឹត្តបាបនៅចំពោះលោកឪពុកដែរ។ 19ខ្ញុំមិនស័ក្ដិសមនឹងឲ្យគេហៅថាជាកូនរបស់លោកឪពុកទៀតទេ សូមឲ្យខ្ញុំធ្វើដូចជាឈ្នួលម្នាក់របស់លោកឪពុកផង”’។ 20បន្ទាប់មក គាត់ក្រោកឡើង ត្រឡប់ទៅរកឪពុករបស់ខ្លួនវិញ។ ខណៈដែលគាត់នៅឆ្ងាយនៅឡើយ ឪពុករបស់គាត់បានឃើញគាត់ ក៏មានចិត្តអាណិតអាសូរ ហើយរត់ទៅឱបកគាត់ ទាំងថើបទៀតផង។ 21កូនប្រុសនិយាយនឹងឪពុកថា: ‘លោកឪពុកអើយ ខ្ញុំបានប្រព្រឹត្តបាបទាស់នឹងស្ថានសួគ៌ និងបានប្រព្រឹត្តបាបនៅចំពោះលោកឪពុកដែរ។ ខ្ញុំមិនស័ក្ដិសមនឹងឲ្យគេហៅថាជាកូនរបស់លោកឪពុកទៀតទេ’។
22 “ប៉ុន្តែឪពុកប្រាប់ពួកបាវបម្រើរបស់គាត់ថា: ‘ចូរប្រញាប់ # 15:22 ឯកសារបុរាណខ្លះគ្មាន “ប្រញាប់”។ យកអាវវែងដ៏ល្អបំផុតមកពាក់ឲ្យគាត់ ហើយយកចិញ្ចៀនមកបំពាក់ដៃគាត់ ព្រមទាំងយកស្បែកជើងមកបំពាក់ជើងគាត់ផង 23រួចយកកូនគោដែលបំប៉នទុកមកសម្លាប់ចុះ។ យើងនាំគ្នាហូប និងអបអរទៅ! 24ដ្បិតកូនរបស់ខ្ញុំនេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; គាត់បានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមអបអរ។
25 “រីឯកូនច្បងរបស់គាត់នៅឯចម្ការ។ នៅពេលមកជិតដល់ផ្ទះ គាត់ឮសូរតន្ត្រី និងរបាំ 26គាត់ក៏ហៅអ្នកបម្រើម្នាក់មក សួរថាមានអ្វីកើតឡើង។ 27អ្នកបម្រើនោះក៏ប្រាប់គាត់ថា: ‘ប្អូនប្រុស#15:27 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់លោកមកវិញហើយ ដូច្នេះឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉នទុក ពីព្រោះលោកបានកូនប្រុសមកវិញដោយមានសុវត្ថិភាព’។
28 “ពេលនោះ កូនច្បងក៏ខឹង ហើយមិនព្រមចូលទៅទេ ដូច្នេះឪពុករបស់គាត់ក៏ចេញមកអង្វរគាត់។ 29ប៉ុន្តែគាត់តបនឹងឪពុកថា: ‘មើល៍! ខ្ញុំបានបម្រើលោកឪពុកច្រើនឆ្នាំយ៉ាងនេះហើយ មិនដែលរំលងពាក្យបង្គាប់របស់លោកឪពុកឡើយ ប៉ុន្តែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអបអរជាមួយពួកមិត្តភក្ដិរបស់ខ្ញុំសោះ។ 30រីឯនៅពេលកូនម្នាក់នេះរបស់លោកឪពុក ដែលស៊ីបង្ហិនទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្ត្រីពេស្យាបានមកវិញ លោកឪពុកបែរជាសម្លាប់កូនគោដែលបំប៉ន សម្រាប់វាទៅវិញ!’។
31 “ឪពុកក៏និយាយនឹងគាត់ថា: ‘កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ 32ឥឡូវ យើងត្រូវតែអបអរ និងអរសប្បាយ ដ្បិតប្អូនប្រុសរបស់ឯងម្នាក់នេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; វាបានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’”៕
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative