YouVersion 標誌
搜尋圖標

លូកា 14

14
ជជែកអំពីថ្ងៃសប្ប័ទ
1នៅ​ថ្ងៃសប្ប័ទ​មួយ មានកើតឡើងដូច្នេះ​: នៅពេល​ព្រះយេស៊ូវ​យាង​ចូលទៅ​សោយ​អាហារ#14:1 អាហារ―ន័យត្រង់គឺ “នំប៉័ង”។​ក្នុង​ផ្ទះ​របស់​មេគ្រប់គ្រង​ម្នាក់​ខាងផារិស៊ី ពួកគេ​ក៏​តាម​ឃ្លាំមើល​ព្រះអង្គ។ 2ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ដែល​មាន​ជំងឺហើមទឹក នៅពីមុខ​ព្រះអង្គ​។ 3ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួក​អ្នកច្បាប់ និង​ពួកផារិស៊ី​ថា៖“តើ​ការ​ដែល​ប្រោសឲ្យជា​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ឬ​ទេ?”។ 4ប៉ុន្តែ​ពួកគេ​នៅស្ងៀម​។ ព្រះអង្គ​ក៏​គ្រាហ៍​គាត់​ឡើង ហើយ​ប្រោស​គាត់​ឲ្យជា រួច​ឲ្យ​គាត់​ទៅវិញ​។ 5បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​មាន​នរណា​ក្នុង​អ្នករាល់គ្នា​ដែល​មាន​កូនប្រុស#14:5 កូនប្រុស―ឯកសារ​បុរាណខ្លះ​ថា “លា”។ឬ​គោ ហើយ​វា​ធ្លាក់​ទៅក្នុង​អណ្ដូង​នៅ​ថ្ងៃសប្ប័ទ ក៏​មិន​ស្រង់​វា​ឡើង​ភ្លាមៗ​?”។ 6ពួកគេ​មិនអាច​ឆ្លើយតប​នឹង​សេចក្ដីទាំងនេះ​បានទេ​។
បង្រៀនអំពីការបន្ទាបខ្លួន
7នៅពេល​ព្រះយេស៊ូវ​ទ្រង់​សង្កេតឃើញ​របៀប​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​តែងតែ​ជ្រើសរើស​កន្លែងកិត្តិយស ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖ 8“កាលណា​អ្នករាល់គ្នា​ត្រូវ​គេ​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ កុំ​អង្គុយ​នៅ​កន្លែងកិត្តិយស​ឡើយ ក្រែងលោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ដែល​មានកិត្តិយសជាង​អ្នក 9ហើយ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​គាត់ នឹង​មក​និយាយ​នឹង​អ្នក​ថា​: ‘សូម​ឲ្យ​កន្លែង​អ្នក​ទៅ​លោកនេះ​!’ ពេលនោះ អ្នក​នឹង​អង្គុយ​នៅ​កន្លែង​អន់ជាងគេ​ទាំង​អាម៉ាស់មុខ​។
10 “ផ្ទុយទៅវិញ កាលណា​អ្នក​ត្រូវគេ​អញ្ជើញ ចូរ​ទៅ​អង្គុយ​នៅ​កន្លែង​អន់ជាងគេ ដើម្បី​នៅពេល​អ្នក​ដែល​អញ្ជើញ​អ្នក​មក​ដល់ គាត់​នឹង​និយាយ​មក​អ្នក​ថា​: ‘សម្លាញ់​អើយ សូម​ឡើងមក​កន្លែងកិត្តិយស​មក៍!’ ពេលនោះ អ្នក​នឹង​មាន​កិត្តិយស​នៅមុខ​អស់អ្នក​ដែល​កំពុង​រួមតុអាហារ​ជាមួយ​អ្នក​។ 11ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។
12បន្ទាប់មក ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖“កាលណា​អ្នក​រៀបចំ​ជប់លៀង​អាហារថ្ងៃត្រង់ ឬ​អាហារពេលល្ងាច កុំ​ហៅ​មិត្តភក្ដិ បងប្អូន ឬ​សាច់ញាតិ​របស់អ្នក​ឡើយ ហើយក៏កុំ​ហៅ​អ្នកជិតខាង​ដែលជា​អ្នកមាន​ដែរ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​វិញ ហើយ​អ្នក​នឹង​ទទួលបាន​ការតបស្នង​។ 13ផ្ទុយទៅវិញ កាលណា​អ្នក​រៀបចំ​ពិធីជប់លៀង ចូរ​អញ្ជើញ​មនុស្សក្រីក្រ មនុស្ស​ពិការដៃជើង មនុស្ស​ខ្វិន និង​មនុស្ស​ខ្វាក់ភ្នែក​។ 14ធ្វើដូច្នេះ អ្នក​នឹង​មានពរ ពីព្រោះ​ពួកគេ​គ្មានអ្វី​សង​អ្នក​ទេ​។ អ្នក​នឹង​ទទួលបាន​ការ​តបស្នង នៅ​ថ្ងៃនៃការរស់ឡើងវិញ​របស់​មនុស្ស​សុចរិត”។
ពាក្យឧបមាអំពីពិធីជប់លៀងធំ
15នៅពេល​ឮ​សេចក្ដីទាំងនេះ ម្នាក់​ក្នុង​ភ្ញៀវរួមតុអាហារ​ក៏​ទូល​ព្រះយេស៊ូវ​ថា៖ “មានពរ​ហើយ អ្នកណាដែល​នឹង​ហូប​អាហារ#14:15 អាហារ​―ន័យត្រង់គឺ “នំប៉័ង”។​នៅក្នុង​អាណាចក្រ​របស់​ព្រះ​!”។
16ព្រះយេស៊ូវ​មានបន្ទូល​នឹង​អ្នកនោះ​ថា៖“មាន​បុរស​ម្នាក់​បាន​រៀបចំ​ពិធីជប់លៀង​ធំ​មួយ ហើយ​អញ្ជើញ​មនុស្ស​ជាច្រើន​។ 17លុះដល់​ម៉ោង​ជប់លៀង លោក​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​ប្រាប់​ពួក​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ថា​: ‘សូមអញ្ជើញ​មក ដ្បិត​ពិធីជប់លៀង​បាន​រៀបចំជាស្រេច​ហើយ​!’។
18 “ប៉ុន្តែ​ពួកគេ​ទាំងអស់គ្នា​សុទ្ធតែ​ចាប់ផ្ដើម​ដោះសា​។ អ្នក​ទីមួយ​និយាយថា​: ‘ខ្ញុំ​បាន​ទិញ​ដី​មួយ​កន្លែង ដូច្នេះ​ខ្ញុំ​ត្រូវតែ​ចេញទៅ​មើល​ដីនោះ សូម​លោក​ព្រមឲ្យ​ខ្ញុំ​ដកខ្លួន​ផង’។
19 “ម្នាក់ទៀត​និយាយថា​: ‘ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​ទៅ​សាកពួកវា​មើល៍ សូម​លោក​ព្រមឲ្យ​ខ្ញុំ​ដកខ្លួន​ផង’។
20 “ម្នាក់ផ្សេងទៀត​និយាយថា​: ‘ខ្ញុំ​ទើបតែ​រៀបការ​ប្រពន្ធ ដូច្នេះ​ខ្ញុំ​មិនអាច​ទៅ​បានទេ’។
21 “នៅពេល​ត្រឡប់មកវិញ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​របស់​ខ្លួន​អំពី​ការទាំងនេះ​។ ពេលនោះ​ម្ចាស់ផ្ទះ​ក៏​ខឹង ហើយ​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘ចូរ​ប្រញាប់​ចេញទៅ​តាមផ្លូវ # 14:21 តាម​ផ្លូវ―ឬ “កន្លែងសាធារណៈ”។ និង​ច្រកល្ហក​ក្នុង​ទីក្រុង ហើយ​នាំ​មនុស្សក្រីក្រ មនុស្ស​ពិការដៃជើង មនុស្ស​ខ្វាក់ភ្នែក និង​មនុស្ស​ខ្វិន​មក​ទីនេះចុះ’។
22 “បន្ទាប់មក បាវបម្រើ​នោះ​ជម្រាបថា​: ‘លោកម្ចាស់ អ្វីដែល​លោក​បង្គាប់ បាន​ធ្វើ​រួចហើយ ប៉ុន្តែ​នៅ​មាន​កន្លែង​អង្គុយ​ទៀត’។
23 “ចៅហ្វាយ​ក៏​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘ចូរ​ចេញទៅ​តាមផ្លូវ និង​ច្រកល្ហក # 14:23 ច្រកល្ហក―ន័យត្រង់គឺ “របង”។ ហើយ​តឿន​គេ​ឲ្យ​ចូលមក ដើម្បីឲ្យ​បាន​ពេញ​ផ្ទះ​របស់ខ្ញុំ​។ 24ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មានអ្នកណា​ក្នុងចំណោម​អ្នក​ទាំងនោះ​ដែល​ត្រូវបាន​អញ្ជើញ នឹង​បាន​ភ្លក់​អាហារ​របស់ខ្ញុំ​ឡើយ’”។
ការបាត់បង់នៅក្នុងការដើរតាមព្រះយេស៊ូវ
25មាន​ហ្វូងមនុស្ស​ជាច្រើន​កំពុង​ធ្វើដំណើរជាមួយ​ព្រះយេស៊ូវ ព្រះអង្គ​ក៏​ងាកមក​មានបន្ទូល​នឹង​ពួកគេ​ថា៖ 26“ប្រសិនបើ​អ្នកណា​មកឯ​ខ្ញុំ ហើយ​មិន​ស្អប់​ឪពុក ម្ដាយ ប្រពន្ធ កូន​ៗ បងប្អូនប្រុស និង​បងប្អូនស្រី​របស់​ខ្លួន ថែមទាំង​មិន​ស្អប់​ជីវិត​របស់​ខ្លួន​ទេ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។ 27អ្នកណាក៏ដោយដែល​មិន​លី​ឈើឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។
28 “ក្នុងចំណោម​អ្នករាល់គ្នា នៅពេល​ចង់​សាងសង់​អគារធំ​មួយ មាន​នរណា​មិន​អង្គុយ​គណនា​ចំណាយ​ជាមុនសិន ថា​តើ​មាន​គ្រប់គ្រាន់​នឹង​បង្ហើយ​ឬយ៉ាងណា​? 29ក្រែងលោ​ពេល​ចាក់​គ្រឹះ​ហើយ មិនអាច​បង្ហើយ​បាន នោះ​អស់អ្នក​ដែល​ឃើញ​នឹង​សើចចំអក​ដាក់​អ្នកនោះ 30ថា​: ‘អ្នក​នេះ​បាន​ចាប់ផ្ដើម​សាងសង់ ប៉ុន្តែ​បង្ហើយ​មិនបាន​!’។
31 “មួយវិញទៀត នៅពេល​ចេញទៅ​ច្បាំង​នឹង​ស្ដេច​មួយទៀត មាន​ស្ដេច​មួយណា​មិន​អង្គុយ​ពិចារណា​ជាមុនសិន ថា​តើ​ទ្រង់​អាច​តទល់​នឹង​ទ័ព​ពីរម៉ឺន​នាក់ដែល​កំពុង​មកច្បាំងនឹង​ទ្រង់ ដោយ​ទ័ព​មួយម៉ឺន​នាក់​បាន​ឬយ៉ាងណា​? 32បើមិនបានទេ ទ្រង់​នឹង​ចាត់​រាជទូត​ឲ្យទៅ​សុំ​ចរចា​រក​សន្តិភាព ខណៈដែល​ស្ដេចមួយទៀត​នៅ​ឆ្ងាយ​នៅឡើយ​។ 33ដូចគ្នាដែរ អ្នកណាក៏ដោយ​ក្នុង​អ្នករាល់គ្នា ដែល​មិន​លះបង់​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​មាន អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។
34 “ដូច្នេះ អំបិល​ជា​របស់​ល្អ ប៉ុន្តែ​បើ​សូម្បីតែ​អំបិល​ក៏​បាត់រសជាតិ​ទៅហើយ តើ​នឹង​ធ្វើឲ្យ​វា​ប្រៃឡើងវិញ​ដោយ​អ្វី​? 35វា​មិន​ត្រូវ​នឹង​ដី ហើយក៏មិន​ត្រូវ​នឹងជី​ដែរ​។ គេ​នឹង​បោះ​វា​ចោល​ទៅ​ខាងក្រៅ​។ អ្នក​ដែល​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”៕

目前選定:

លូកា 14: GKHB

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入