YouVersion 標誌
搜尋圖標

យ៉ូហាន 6

6
នំប៉័ងប្រាំ និងត្រីពីរ
1បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​បឹង#6:1 បឹង―ន័យត្រង់គឺ “សមុទ្រ”។​​កាលីឡេ (​ឬ​បឹង​ទីបេរាស​)​។ 2មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ទៅតាម​ព្រះអង្គ ពីព្រោះ​ពួកគេ​បាន​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​ដល់​ពួក​អ្នកមានជំងឺ​។ 3ព្រះយេស៊ូវ​ក៏​យាង​ឡើង​ទៅលើ​ភ្នំ ហើយ​គង់ចុះ​នៅ​ទីនោះ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​។
4ពេលនោះ បុណ្យរំលង​ដែលជា​ពិធីបុណ្យ​របស់​ជនជាតិយូដា ជិត​មកដល់​ហើយ​។ 5ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រឡើង ហើយ​ឃើញ​ថា​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កំពុង​មករក​ព្រះអង្គ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ភីលីព​ថា​៖“តើ​យើង​ទិញ​នំប៉័ង​មក​ពីណា ដើម្បីឲ្យ​អ្នកទាំងនេះ​បាន​ហូប​?”។ 6ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់ ពីព្រោះ​ព្រះអង្គផ្ទាល់​ជ្រាប​រួចហើយ​នូវ​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​។
7ភីលីព​ទូល​ឆ្លើយ​នឹង​ព្រះអង្គ​ថា​៖ “នំប៉័ង​អស់​ពីររយ​ឌេណារី#6:7 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ ក៏​មិន​ល្មម​ឲ្យ​ម្នាក់ៗ​ទទួលបាន​បន្តិចបន្តួច​ផង”។
8ម្នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ គឺ​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន​ពេត្រុស ទូល​ព្រះអង្គ​ថា​៖ 9“នៅ​ទីនេះ មាន​ក្មេងប្រុស​ម្នាក់​ដែល​មាន​នំប៉័ង​ស្រូវបាឡេ​ប្រាំ និង​ត្រី​ពីរ ប៉ុន្តែ​របស់​ទាំងនេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​ដូច្នេះ​?”។
10ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​ឲ្យ​មនុស្ស​ទាំងអស់​អង្គុយ​ចុះ”។
នៅ​កន្លែង​នោះ​មាន​ស្មៅ​ច្រើន ដូច្នេះ​ពួកគេ​ក៏​អង្គុយ​។ មាន​មនុស្សប្រុស​ចំនួន​ប្រមាណ​ប្រាំពាន់​នាក់​។ 11បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​អរព្រះគុណ រួច​ចែក#6:11 ឯកសារបុរាណខ្លះបន្ថែម “ពួកសិស្ស ហើយពួកសិស្សក៏ចែក”។​​ឲ្យ​ពួក​អ្នក​ដែល​កំពុង​អង្គុយ​ទាំងនោះ តាមដែល​ពួកគេ​ចង់បាន រីឯ​ត្រី ក៏​ព្រះអង្គ​ធ្វើ​ដូច្នោះ​ដែរ​។
12នៅពេល​ពួកគេ​ឆ្អែត​ហើយ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ចូរ​ប្រមូល​បំណែក​ដែល​សេសសល់ ដើម្បីកុំឲ្យ​បាត់​អ្វី​ឡើយ”។ 13ដូច្នេះ ពួកគេ​ក៏​ប្រមូល​បំណែក​ពី​នំប៉័ង​ស្រូវបាឡេ​ប្រាំ​នោះ ដែល​សេសសល់​ពី​អ្នកហូប ដាក់​បាន​ពេញ​ដប់ពីរ​កន្ត្រក​។
14នៅពេល​ហ្វូងមនុស្ស​ឃើញ​ទីសម្គាល់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ ពួកគេ​ក៏​និយាយ​ថា​៖ “លោកនេះ​ពិតជា​ព្យាការី​ដែល​មក​ក្នុង​ពិភពលោក​!”។ 15ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកគេ​រៀបនឹង​មក​ចាប់​ព្រះអង្គ​ឲ្យ​ធ្វើជា​ស្ដេច ដូច្នេះ​ព្រះអង្គ​យាង​ចាកចេញ​ទៅ​ភ្នំ​ម្ដងទៀត​តែព្រះអង្គឯង​។
ព្រះយេស៊ូវយាងលើទឹកបឹង
16លុះដល់​ពេលល្ងាច ពួក​សិស្ស​របស់​ព្រះអង្គ​ចុះ​ទៅ​មាត់​បឹង 17ហើយ​ជិះ​ទូក​ឆ្លង​បឹង​ទៅ​កាពើណិម​។ ពេលនោះ​ភាពងងឹត​ចូលមក​ហើយ ប៉ុន្តែ​ព្រះយេស៊ូវ​មិនទាន់​យាង​មករក​ពួកគេ​នៅឡើយទេ​។ 18ទឹក​បឹង​ក៏​រំជួលឡើង ដោយសារ​ខ្យល់​បក់​យ៉ាងខ្លាំង​។ 19នៅពេល​អុំទូក​បាន​ប្រមាណ​ប្រាំ ឬប្រាំមួយគីឡូម៉ែត្រ#6:19 ប្រាំ ឬ​ប្រាំ​មួយគីឡូម៉ែត្រ―ន័យត្រង់គឺ “25 ឬ​30​ស្តាឌៀន”។ 1ស្តាឌៀន=185ម៉ែត្រ។ ពួកគេ​ឃើញ​ព្រះយេស៊ូវ​កំពុង​យាង​លើ​ទឹក​បឹង ហើយ​មក​ជិត​ទូក នោះ​ពួកគេ​ក៏​ភ័យខ្លាច​។
20ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គឺ​ខ្ញុំ​ទេតើ កុំ​ខ្លាច​ឡើយ​!”។ 21ដូច្នេះ ពួកគេ​ក៏​ព្រម​ទទួល​ព្រះអង្គ​មកក្នុង​ទូក ហើយ​ភ្លាមនោះ​ទូក​បាន​ទៅដល់​តំបន់​ដែល​ពួកគេ​បម្រុង​ទៅ​។
នំប៉័ងនៃ​ជីវិត
22នៅ​ថ្ងៃបន្ទាប់ ហ្វូងមនុស្ស​ដែល​នៅ​ត្រើយម្ខាង​ដដែល​នោះ​បាន​ដឹង​ថា គ្មាន​ទូកតូច​ផ្សេង​នៅ​ទីនោះ​ឡើយ លើកលែងតែ​ទូកតូច​មួយ​ប៉ុណ្ណោះ#6:22 លើកលែងតែទូកតូចមួយប៉ុណ្ណោះ―ឯកសារបុរាណខ្លះថា “លើកលែងតែទូកតូចមួយដែលពួកសិស្សរបស់ព្រះយេស៊ូវបានជិះ”។ ហើយ​ដឹង​ថា​ព្រះយេស៊ូវ​មិន​បាន​យាង​ចូល​ក្នុង​ទូក​នោះ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ទេ គឺ​ពួក​សិស្ស​បាន​ចេញទៅ​តែគ្នាគេ​។ 23មាន​ទូកតូច​ផ្សេងៗ​មក​ពី​ទីបេរាស ជិត​កន្លែង​ដែល​គេ​បាន​ហូប​នំប៉័ង ក្រោយពី​ព្រះអម្ចាស់​បាន​អរព្រះគុណ​។ 24ដូច្នេះ នៅពេល​ហ្វូងមនុស្ស​ឃើញ​ថា ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទីនោះ ពួកគេ​ក៏​ជិះ​ទូកតូច​ទាំងនោះ​ទៅ​កាពើណិម​តាមរក​ព្រះយេស៊ូវ​។
25ពេល​រក​ព្រះអង្គ​ឃើញ​នៅ​ត្រើយម្ខាង​បឹង ពួកគេ​ក៏​ទូលថា​៖ “រ៉ាប៊ី តើ​លោក​មក​ដល់​ទីនេះ​ពីអង្កាល់​?”។
26ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​រក​ខ្ញុំ​មិនមែន​ដោយសារ​បាន​ឃើញ​ទីសម្គាល់​ទេ ប៉ុន្តែ​ដោយសារ​បាន​ហូប​នំប៉័ង​ឆ្អែត​ប៉ុណ្ណោះ​។ 27កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។
28ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​យើងខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​ធ្វើ​ការងារ​របស់​ព្រះ​?”។
29ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​ថា​៖“នេះ​ជា​ការងារ​របស់​ព្រះ គឺឲ្យ​អ្នករាល់គ្នា​ជឿលើ​ម្នាក់​ដែល​ព្រះ​ចាត់ឲ្យមក”។
30ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា​៖ “ចុះ​លោក​ធ្វើ​ទីសម្គាល់​អ្វី ដើម្បីឲ្យ​យើងខ្ញុំ​ឃើញ ហើយ​ជឿ​លោក​បាន​? តើ​លោក​នឹង​ធ្វើ​អ្វី​? 31ដូនតា​របស់យើងខ្ញុំ​បាន​ហូប​ម៉ាណា​នៅ​ទីរហោស្ថាន ដូចដែល​មាន​សរសេរ​ទុកមក​ថា​:‘ព្រះអង្គ​បាន​ប្រទាន​នំប៉័ង​ពី​ស្ថានសួគ៌​ឲ្យ​ពួកគេ​ហូប’#6:31 《និក្ខមនំ》 16:4; 《ទំនុកតម្កើង》 78:24។”។
32ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មិនមែន​ម៉ូសេ​ទេ ដែល​ឲ្យ​នំប៉័ង​ពី​ស្ថានសួគ៌​មក​អ្នករាល់គ្នា គឺ​ព្រះ​បិតា​របស់ខ្ញុំ​វិញ​ទេតើ ដែល​ប្រទាន​នំប៉័ង​ដ៏ពិត​ពី​ស្ថានសួគ៌​មក​អ្នករាល់គ្នា​។ 33ដ្បិត​នំប៉័ង​របស់​ព្រះ គឺជា​ម្នាក់​ដែល​ចុះមក​ពី​ស្ថានសួគ៌ ហើយ​ផ្ដល់ជីវិត​ដល់​មនុស្សលោក”។
34ពួកគេ​ក៏​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ សូម​ឲ្យ​នំប៉័ង​នេះ​មក​យើងខ្ញុំ​ជានិច្ច​ផង”។
35ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ អ្នក​ដែល​មករក​ខ្ញុំ​មិន​ឃ្លាន​សោះឡើយ ហើយ​អ្នក​ដែល​ជឿលើ​ខ្ញុំ​ក៏​មិន​ស្រេក​ទៀត​ដែរ​។ 36ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា អ្នករាល់គ្នា​បាន​ឃើញ​ខ្ញុំ#6:36 ឯកសារបុរាណខ្លះគ្មាន “ខ្ញុំ”។តែ​អ្នករាល់គ្នា​មិន​ជឿ​ទេ​។ 37អស់អ្នក​ដែល​ព្រះ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ នឹង​មករក​ខ្ញុំ ហើយ​អ្នក​ដែល​មករក​ខ្ញុំ ខ្ញុំ​មិន​បោះបង់ចោល#6:37 បោះបង់ចោល―ន័យត្រង់គឺ “បណ្ដេញ”។ជាដាច់ខាត 38ពីព្រោះ​ខ្ញុំ​បាន​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដើម្បី​ប្រព្រឹត្តតាម​បំណង​ចិត្ត​របស់ខ្ញុំ​ទេ គឺ​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ​។ 39នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក#6:39 ឯកសារបុរាណខ្លះបន្ថែម “គឺបិតា”។គឺកុំឲ្យ​ខ្ញុំ​បាត់បង់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ខ្ញុំ ប៉ុន្តែ​លើក​ពួកគេ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​។ 40នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ#6:40 ព្រះ​បិតា​ខ្ញុំ―ឯកសារបុរាណខ្លះថា “ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​មក”។គឺឲ្យ​អស់អ្នក​ដែល​ឃើញ​ព្រះបុត្រា ហើយ​ជឿលើ​ព្រះបុត្រានោះ មាន​ជីវិតអស់កល្បជានិច្ច ហើយ​ខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់”។
41ពេលនោះ ពួកយូដា​រអ៊ូរទាំ​អំពី​ព្រះយេស៊ូវ ពីព្រោះ​ព្រះអង្គ​មានបន្ទូលថា​:“គឺ​ខ្ញុំ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌”។ 42ពួកគេ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​យេស៊ូវ​កូន​របស់​យ៉ូសែប ដែល​យើង​ក៏​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់គាត់​ទេ​ឬ​? ម្ដេចក៏​ឥឡូវ​គាត់​និយាយ​ថា​:‘ខ្ញុំ​ចុះមក​ពី​ស្ថានសួគ៌’​?”។
43ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“កុំ​រអ៊ូរទាំ​ដាក់​គ្នាទៅវិញទៅមក​ឡើយ​។ 44គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ទាញ​អ្នកនោះ​មក​ប៉ុណ្ណោះ ហើយខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​។ 45ក្នុង​គម្ពីរ​ព្យាការី​មាន​សរសេរ​ទុកមក​ថា​:‘ពួកគេ​ទាំងអស់គ្នា​នឹង​ទទួលការ​បង្រៀន​ពី​ព្រះ’។#6:45 《អេសាយ》 54:13។អស់អ្នក​ដែល​បាន​ឮ ហើយ​រៀន​ពី​ព្រះ​បិតា ក៏​មករក​ខ្ញុំ​។ 46នេះ​មិនមែន​ថា មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះ​បិតា​ឡើយ មានតែ​ម្នាក់​ដែល​មក​ពី​ព្រះ​ប៉ុណ្ណោះ គឺ​អ្នកនោះ​ហើយ​ដែល​បាន​ឃើញ​ព្រះ​បិតា​។
47 “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ជឿ​ខ្ញុំ # 6:47 ឯកសារបុរាណខ្លះគ្មាន “ខ្ញុំ”។ មាន​ជីវិតអស់កល្បជានិច្ច​។ 48គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ 49ដូនតា​របស់អ្នករាល់គ្នា​បាន​ហូប​ម៉ាណា​នៅ​ទីរហោស្ថាន ប៉ុន្តែ​ពួកគេ​បាន​ស្លាប់​ហើយ​។ 50នេះ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌ ដើម្បីឲ្យ​អ្នកណា​ដែល​ហូប​នំប៉័ងនេះ មិន​ស្លាប់​ឡើយ​។ 51គឺ​ខ្ញុំ​ជា​នំប៉័ង​ដ៏​រស់​ដែល​ចុះមក​ពី​ស្ថានសួគ៌ ប្រសិនបើ​អ្នកណា​ហូប​នំប៉័ង​នេះ អ្នកនោះ​នឹង​រស់​ជារៀងរហូត​។ នំប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ គឺជា​រូបសាច់​របស់ខ្ញុំ#6:51 ឯកសារបុរាណខ្លះបន្ថែម “ដែល​ខ្ញុំ​នឹង​ឲ្យ”។សម្រាប់​ជីវិត​របស់​មនុស្សលោក”។
52ដូច្នេះ ពួកយូដា​ក៏​ឈ្លោះប្រកែក​គ្នា​ថា​៖ “តើ​អ្នកនេះ​អាច​ឲ្យ​សាច់​របស់​ខ្លួន​មក​យើង​ហូប​យ៉ាងដូចម្ដេច​បាន​?”។
53ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​ហូប​សាច់​របស់​កូនមនុស្ស និង​មិន​ផឹក​ឈាម​របស់​លោក​ទេ អ្នករាល់គ្នា​គ្មាន​ជីវិត​នៅក្នុង​ខ្លួន​ឡើយ​។ 54អ្នក​ដែល​ហូប​សាច់​របស់ខ្ញុំ និង​ផឹក​ឈាម​របស់ខ្ញុំ មាន​ជីវិតអស់កល្បជានិច្ច ហើយខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់ 55ពីព្រោះ​សាច់​របស់ខ្ញុំ​ជា​អាហារ​ដ៏ពិត ហើយ​ឈាម​របស់ខ្ញុំ​ជា​គ្រឿងផឹក​ដ៏ពិត​។ 56អ្នក​ដែល​ហូប​សាច់​របស់ខ្ញុំ និង​ផឹក​ឈាម​របស់ខ្ញុំ ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយខ្ញុំក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។ 57ព្រះ​បិតា​ដែល​មានព្រះជន្មរស់​បាន​ចាត់​ខ្ញុំ​ឲ្យមក ហើយខ្ញុំ​រស់​ដោយសារតែ​ព្រះ​បិតា​យ៉ាងណា អ្នក​ដែល​ហូប​ខ្ញុំ ក៏​នឹង​រស់​ដោយសារតែ​ខ្ញុំ​យ៉ាងនោះ​ដែរ​។ 58នេះ​ជា​នំប៉័ង​ដែល​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដូច​ម៉ាណា#6:58 ឯកសារបុរាណខ្លះគ្មាន “ម៉ាណា”។ដែល​ដូនតា​របស់អ្នករាល់គ្នា​បាន​ហូប ហើយ​ស្លាប់​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ហូប​នំប៉័ង​នេះ​នឹង​រស់​ជារៀងរហូត”។
59ព្រះអង្គ​មានបន្ទូល​សេចក្ដីទាំងនេះ នៅក្នុង​សាលាប្រជុំ ពេល​ព្រះអង្គ​កំពុង​បង្រៀន​នៅ​កាពើណិម​។
សិស្សជាច្រើនចាកចេញពីព្រះយេស៊ូវ
60មាន​ច្រើន​នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ឮ​ដូច្នេះ ក៏​និយាយថា​៖ “ពាក្យ​នេះ​ធ្ងន់ធ្ងរ​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន​?”។
61ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​អង្គទ្រង់​ថា ពួក​សិស្ស​របស់​ព្រះអង្គ​កំពុង​រអ៊ូរទាំ​អំពី​រឿង​នេះ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​រឿងនេះ​ធ្វើឲ្យ​អ្នករាល់គ្នា​ជំពប់ដួល​ឬ​? 62ចុះបើ​អ្នករាល់គ្នា​ឃើញ​កូនមនុស្ស​ឡើងទៅ​កន្លែងដែល​លោក​នៅ​ពីមុន​វិញ តើយ៉ាងណាទៅ​! 63គឺ​ព្រះវិញ្ញាណ​ទេតើ ដែល​ផ្ដល់ជីវិត រីឯ​សាច់ឈាម​វិញ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា គឺជា​វិញ្ញាណ និង​ជា​ជីវិត​។ 64ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​អ្នករាល់គ្នា​ដែល​មិន​ជឿ”។ ជាការពិត ព្រះយេស៊ូវ​ទ្រង់​ជ្រាប​តាំងពី​ដំបូង​ហើយ​ថា អ្នកណា​ជា​អ្នក​ដែល​មិន#6:64 ឯកសារបុរាណខ្លះគ្មាន “មិន”។​ជឿ ហើយ​អ្នកណា​ជា​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​។ 65ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​: ‘គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​បាន​ប្រទានឲ្យ​អ្នកនោះ​ពី​ព្រះ​បិតា​ប៉ុណ្ណោះ’”។
66តាំងពីពេលនោះមក សិស្ស​របស់​ព្រះយេស៊ូវ​ជាច្រើន​ក៏​ដកខ្លួនថយ ហើយ​លែង​ដើរ​ជាមួយ​ព្រះអង្គ​ទៀត​។ 67ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​សាវ័ក#6:67 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់​ថា​៖“អ្នករាល់គ្នា​ក៏​មិន​ចង់​ចាកចេញ​ដែរ មែនទេ​?”។
68ស៊ីម៉ូន​ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​នឹង​ទៅរក​នរណា​? ព្រះអង្គ​ទ្រង់​មាន​ព្រះបន្ទូល​នៃ​ជីវិតអស់កល្បជានិច្ច​។ 69យើងខ្ញុំ​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ#6:69 ព្រះអង្គ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ―ឯកសារបុរាណខ្លះថា “ព្រះអង្គជាព្រះគ្រីស្ទ ព្រះបុត្រារបស់ព្រះដ៏មានព្រះជន្ម​រស់”។”។
70ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នករាល់គ្នា​ទាំង​ដប់ពីរ​នាក់​ទេ​ឬ​? ប៉ុន្តែ​ម្នាក់​ក្នុង​អ្នករាល់គ្នា​ជា​មារ”។ 71ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​យូដាស កូន#6:71 កូន―ជាពាក្យជំនួយ។​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​។ គាត់នេះ​ហើយ ដែល​រៀបនឹង​ក្បត់​ព្រះអង្គ ទោះបី​គាត់​ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​ក៏ដោយ​៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入