YouVersion 標誌
搜尋圖標

យ៉ូហាន 5

5
ប្រោសអ្នកជំងឺនៅក្បែរស្រះឲ្យជា
1បន្ទាប់ពីការទាំងនេះ មាន​ពិធីបុណ្យ​មួយ​របស់​ជនជាតិយូដា ហើយ​ព្រះយេស៊ូវ​យាង​ឡើងទៅ​យេរូសាឡិម​។ 2នៅ​យេរូសាឡិម​ត្រង់​ទ្វារចៀម មាន​ស្រះ​មួយ គេ​ហៅ​ជា​ភាសាហេព្រើរ#5:2 ភាសាហេព្រើរ―ឬ “ភាសាអើរ៉ាម”។​ថា “បេថែសដា#5:2 បេថែសដា―ឯកសារបុរាណខ្លះថា “បេថសាថា” ឬ “បេថសៃដា”។” ដែល​មាន​របៀង​ប្រាំ​។ 3មាន​ហ្វូងមនុស្ស​មួយក្រុម​ដែល​មានជំងឺ គឺ​ខ្វាក់ភ្នែក ខ្វិន និង​ក្រញង់ កំពុង​ដេក​តាម​របៀង​ទាំងនោះ​។ ពួកគេ​រង់ចាំ​ទឹកស្រះកម្រើក 4ដ្បិត​មាន​ទូតសួគ៌​ចុះមក​ក្នុង​ស្រះ​ម្ដងម្កាល ហើយ​កូរ​ទឹក​។ បន្ទាប់ពី​ការកូរទឹក​នោះ អ្នក​ដែល​ចុះ​មុនគេ​នឹង​ត្រូវបាន​ប្រោសឲ្យ​ជា ទោះបីជា​មានជំងឺ​អ្វីក៏ដោយ​។#5:3-4 ឯកសារបុរាណខ្លះគ្មាន “ពួកគេ​រង់ចាំ​ទឹក​ស្រះកម្រើក...​ជំងឺ​អ្វី​ក៏ដោយ”។
5នៅ​ទីនោះ មាន​បុរស​ម្នាក់​ដែល​មានជំងឺ​សាមសិបប្រាំបី​ឆ្នាំ​មកហើយ​។ 6ព្រះយេស៊ូវ​ទត​ឃើញ​បុរសនោះ​កំពុង​ដេក ហើយ​ជ្រាប​ថា គាត់​នៅ​យ៉ាងនោះ​យូរយារ​មកហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“តើ​អ្នក​ចង់​ជា​ឬទេ​?”។
7អ្នកជំងឺ​នោះ​ទូល​តបថា​៖ “លោកម្ចាស់ នៅពេល​ដែល​ទឹក​កម្រើក ខ្ញុំ​គ្មាន​អ្នកណា​ជួយ​ដាក់​ខ្ញុំ​ទៅក្នុង​ស្រះ​ទេ ហើយ​នៅពេល​ខ្ញុំ​កំពុង​ទៅ ក៏​មាន​អ្នកផ្សេង​ចុះទៅ​មុន​ខ្ញុំ”។
8ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ក្រោកឡើង យក​កន្ទេល​របស់អ្នក ហើយ​ដើរ​ទៅចុះ​!”។ 9បុរស​នោះ​ក៏​ជា​ភ្លាម ហើយ​យក​កន្ទេល​របស់​គាត់​ដើរ​ទៅ​។
ថ្ងៃ​នោះ ជា​ថ្ងៃសប្ប័ទ#5:9 ថ្ងៃសប្ប័ទ―សូមមើល 《និក្ខមនំ》 20:8-11។​។ 10ដូច្នេះ ពួកយូដា​ក៏​និយាយ​នឹង​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​នោះ​ថា​៖ “ថ្ងៃនេះ​ជា​ថ្ងៃសប្ប័ទ ដូច្នេះ​អ្នក​យក​កន្ទេល​របស់អ្នក ខុសច្បាប់​ហើយ”។
11បុរសនោះ​ក៏​តប​នឹង​ពួកគេ​ថា​៖ “អ្នក​ដែល​ធ្វើឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា​: ‘ចូរ​យក​កន្ទេល​របស់អ្នក ហើយ​ដើរ​ទៅចុះ’”។
12ពួកគេ​សួរ​គាត់​ថា​៖ “តើ​ម្នាក់​ដែល​ប្រាប់​អ្នក​ថា​: ‘យក​កន្ទេល#5:12 ឯកសារបុរាណខ្លះបន្ថែម “របស់អ្នក”។ ហើយ​ដើរ​ទៅ’ ជា​នរណា​?”។ 13ប៉ុន្តែ​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​នោះ មិន​បាន​ដឹង​ថា​ជា​នរណា​ទេ ពីព្រោះ​មាន​ហ្វូងមនុស្ស​នៅ​កន្លែង​នោះ ហើយ​ព្រះយេស៊ូវ​បាន​យាង​ចេញទៅស្ងាត់ៗ​។
14បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ទ្រង់​រក​គាត់​នៅក្នុង​ព្រះវិហារ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖“មើល៍! អ្នក​ជា​ហើយ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ ក្រែងលោ​មាន​ការ​អាក្រក់ជាង​នេះ​កើតឡើង​ដល់​អ្នក”។ 15បុរស​នោះ​ក៏​ចេញទៅ ហើយ​រាយការណ៍ប្រាប់​ពួកយូដា​ថា អ្នក​ដែល​ធ្វើឲ្យ​គាត់​ជា​គឺ​ព្រះយេស៊ូវ​។
ព្រះបិតា និងព្រះបុត្រា
16នេះជាហេតុដែល​ពួកយូដា​បៀតបៀន​ព្រះយេស៊ូវ#5:16 បៀតបៀន​ព្រះ​យេស៊ូវ―ឯកសារបុរាណខ្លះថា “ចង់ធ្វើគុតព្រះអង្គ”។ គឺ​ពីព្រោះ​ព្រះអង្គ​ទ្រង់​ធ្វើ​ការទាំងនេះ​នៅ​ថ្ងៃសប្ប័ទ​។ 17ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“រហូតមកដល់​ពេលនេះ ព្រះ​បិតា​របស់ខ្ញុំ​ធ្វើការ ហើយខ្ញុំក៏​ធ្វើការ​ដែរ”។ 18ហេតុនេះហើយបានជា​ពួកយូដា​កាន់តែ​ចង់​ធ្វើគុត​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​មិនគ្រាន់តែ​ល្មើស​នឹង​ថ្ងៃសប្ប័ទ​ប៉ុណ្ណោះទេ គឺថែមទាំង​ហៅ​ព្រះ​ថា​ជា​បិតា​របស់ខ្លួន​ទៀតផង ដោយ​លើក​អង្គទ្រង់​ស្មើ​នឹង​ព្រះ​។
19ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះបុត្រា​មិនអាច​ធ្វើ​អ្វី​ដោយ​អង្គទ្រង់​បានឡើយ លើកលែងតែ​ព្រះបុត្រា​ឃើញ​ព្រះ​បិតា​ធ្វើ ពីព្រោះ​អ្វីៗដែល​ព្រះបិតា​ធ្វើ ព្រះបុត្រា​ក៏​ធ្វើ​ការទាំងនោះ​ដូចគ្នា​ដែរ​។ 20ជាការពិត ព្រះ​បិតា​ស្រឡាញ់​ព្រះបុត្រា ហើយ​បង្ហាញ​ព្រះបុត្រា​នូវ​ការ​ទាំងអស់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ​; ព្រះបិតា​នឹង​បង្ហាញ​ព្រះបុត្រា​នូវ​ការ​ដ៏​ធំជាង​នេះ​ទៅទៀត ដើម្បីឲ្យ​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​។ 21ព្រោះថា​ព្រះ​បិតា​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ហើយ​ផ្ដល់ជីវិត​យ៉ាងណា ព្រះបុត្រា​ក៏​ផ្ដល់ជីវិត​ដល់​អ្នកដែល​ព្រះបុត្រា​ចង់​ផ្ដល់ឲ្យ​យ៉ាងនោះ​ដែរ​។ 22ពោលគឺ ព្រះ​បិតា​មិន​ជំនុំជម្រះ​អ្នកណាទេ ប៉ុន្តែ​ព្រះបិតា​បាន​ប្រគល់​ការជំនុំជម្រះ​ទាំងស្រុង​ដល់​ព្រះបុត្រា​រួចហើយ 23ដើម្បីឲ្យ​មនុស្ស​ទាំងអស់​គោរពកោតខ្លាច​ព្រះបុត្រា ដូចដែល​គោរពកោតខ្លាច​ព្រះ​បិតា​ដែរ​។ អ្នក​ដែល​មិន​គោរពកោតខ្លាច​ព្រះបុត្រា ក៏​មិន​គោរពកោតខ្លាច​ព្រះ​បិតា​ដែល​ចាត់​ព្រះបុត្រា​ឲ្យមក​ដែរ​។
ជីវិត និងការជំនុំជម្រះ
24 “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។
25 “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពេលវេលា​នឹង​មក គឺ​ឥឡូវនេះ​ហើយ ដែល​មនុស្សស្លាប់​នឹង​ឮ​សំឡេង​ព្រះបុត្រារបស់ព្រះ ហើយ​អ្នក​ដែល​ឮ​នឹង​រស់​។ 26ជាការពិត ព្រះ​បិតា​មាន​ជីវិត​នៅក្នុង​អង្គទ្រង់​យ៉ាងណា ព្រះអង្គ​ក៏​ផ្ដល់​ឲ្យ​ព្រះបុត្រា​មាន​ជីវិត​នៅក្នុង​អង្គទ្រង់​យ៉ាងនោះ​ដែរ​; 27ហើយ​ព្រះបិតា​បាន​ផ្ដល់​សិទ្ធិអំណាច​ដល់​ព្រះបុត្រា​ឲ្យ​ជំនុំជម្រះ ពីព្រោះ​ព្រះបុត្រា​ជា​កូនមនុស្ស​។ 28កុំ​ភ្ញាក់ផ្អើល​នឹង​ការនេះ​ឡើយ គឺថា​ពេលវេលា​នឹង​មក ដែល​មនុស្ស​ទាំងអស់​នៅក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះបុត្រា 29ហើយ​ចេញមក​; អ្នក​ដែល​ប្រព្រឹត្តការល្អ​នឹង​រស់ឡើងវិញ ដើម្បី​ទទួល​ជីវិត រីឯ​អ្នក​ដែល​ប្រព្រឹត្តការអាក្រក់​នឹង​រស់ឡើងវិញ ដើម្បី​ត្រូវបាន​ជំនុំជម្រះ​។
30 “ខ្ញុំ​មិនអាច​ធ្វើ​អ្វី​ដោយ​ខ្លួនខ្ញុំ​បានឡើយ ខ្ញុំ​ជំនុំជម្រះ​តាមដែល​ខ្ញុំ​ឮ ហើយ​ការជំនុំជម្រះ​របស់ខ្ញុំ​គឺ​សុចរិតយុត្តិធម៌ ពីព្រោះ​ខ្ញុំ​មិន​ស្វែងរក​បំណង​របស់ខ្ញុំ​ទេ ប៉ុន្តែ​ស្វែងរក​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក # 5:30 ឯកសារបុរាណខ្លះបន្ថែម “គឺព្រះបិតា”។
ពាក្យបន្ទាល់អំពីព្រះយេស៊ូវ
31 “ប្រសិនបើ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ខ្លួនខ្ញុំ ពាក្យបន្ទាល់​របស់ខ្ញុំ​គឺ​មិន​ពិត​ទេ​។ 32មាន​ម្នាក់ទៀត​ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ ខ្ញុំ​ក៏​ដឹង​ហើយ​ថា ពាក្យបន្ទាល់ដែល​អ្នកនោះ​ធ្វើបន្ទាល់​អំពី​ខ្ញុំ​គឺ​ពិត​។ 33អ្នករាល់គ្នា​បាន​ចាត់​គេ​ឲ្យទៅ​រក​យ៉ូហាន គាត់​ក៏​ធ្វើបន្ទាល់​អំពី​សេចក្ដីពិត​។ 34តាមពិត ខ្ញុំ​មិន​ទទួលយក​ពាក្យបន្ទាល់​ពី​មនុស្ស​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​សេចក្ដីទាំងនេះ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​សង្គ្រោះ​។ 35យ៉ូហាន​ជា​ចង្កៀង​ដែល​ឆេះ​បញ្ចេញពន្លឺ ហើយ​អ្នករាល់គ្នា​ក៏​ចង់​ត្រេកអរ​ក្នុង​ពន្លឺ​របស់​គាត់​មួយរយៈ​។
36 “ប៉ុន្តែ​ខ្ញុំ​មាន​ពាក្យបន្ទាល់​ប្រសើរជាង​ពាក្យបន្ទាល់​របស់​យ៉ូហាន​។ ព្រោះថា​ការងារ​ដែល​ព្រះ​បិតា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ គឺ​ការងារ​ទាំងនោះ​ដែល​ខ្ញុំ​កំពុង​ធ្វើ​ហ្នឹងហើយ ធ្វើបន្ទាល់​អំពី​ខ្ញុំ​ថា ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក​។ 37ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ព្រះអង្គ​ផ្ទាល់​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ហើយ​។ អ្នករាល់គ្នា​មិន​ធ្លាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ ហើយក៏មិន​ធ្លាប់​ឃើញ​រូបសណ្ឋាន​របស់​ព្រះអង្គ​ដែរ 38ព្រមទាំង​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​ស្ថិតនៅ​ក្នុង​ខ្លួន​ផង ពីព្រោះ​អ្នករាល់គ្នា​មិន​ជឿ​ម្នាក់​ដែល​ព្រះអង្គ​បាន​ចាត់ឲ្យមក​ទេ​។ 39អ្នករាល់គ្នា​ស្រាវជ្រាវ​គម្ពីរ ពីព្រោះ​អ្នករាល់គ្នា​គិតថា ក្នុង​គម្ពីរនោះ​មាន​ជីវិតអស់កល្បជានិច្ច​។ តាមពិត គឺ​គម្ពីរ​នោះ​ឯង ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ​។ 40ប៉ុន្តែ​អ្នករាល់គ្នា​មិន​ចង់​មករក​ខ្ញុំ ដើម្បី​បាន​ជីវិត​ទេ​។
41 “ខ្ញុំ​មិន​ទទួលយក​សិរីរុងរឿង​ពី​មនុស្ស​ទេ 42ប៉ុន្តែ​ខ្ញុំ​ស្គាល់​អ្នករាល់គ្នា​ហើយ​ថា អ្នករាល់គ្នា​គ្មាន​សេចក្ដីស្រឡាញ់របស់ព្រះ​នៅក្នុង​ខ្លួន​ឡើយ​។ 43ខ្ញុំ​បាន​មក​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា​ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ទទួល​ខ្ញុំ​ទេ​; ប្រសិនបើ​មាន​អ្នកដទៃ​មក​ក្នុង​នាម​របស់ខ្លួន​គេ អ្នករាល់គ្នា​នឹង​ទទួល​អ្នកនោះ​វិញ​។ 44តើ​អ្នករាល់គ្នា​អាច​ជឿ​យ៉ាងដូចម្ដេច​បាន ខណៈដែល​អ្នករាល់គ្នា​ទទួលយក​សិរីរុងរឿង​ពី​គ្នាទៅវិញទៅមក ប៉ុន្តែ​មិន​ស្វែងរក​សិរីរុងរឿង​ពី​ព្រះ​តែមួយអង្គ​គត់​? 45កុំ​គិត​ថា ខ្ញុំ​នឹង​ចោទប្រកាន់​អ្នករាល់គ្នា​នៅចំពោះ​ព្រះ​បិតា​ឡើយ មាន​ម្នាក់​ដែល​ចោទប្រកាន់​អ្នករាល់គ្នា​ហើយ គឺ​ម៉ូសេ​ដែល​អ្នករាល់គ្នា​យកជាទីសង្ឃឹម​។ 46តាមពិត ប្រសិនបើ​អ្នករាល់គ្នា​ជឿ​ម៉ូសេ ម្ល៉េះសម​អ្នករាល់គ្នា​បាន​ជឿ​ខ្ញុំ ពីព្រោះ​លោក​បាន​សរសេរ​អំពី​ខ្ញុំ 47ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​សំណេរ​របស់​លោក​ទេ តើ​អ្នករាល់គ្នា​នឹង​ជឿ​ពាក្យ​របស់ខ្ញុំ​យ៉ាងដូចម្ដេច​?”៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入