YouVersion 標誌
搜尋圖標

យ៉ូហាន 4

4
ព្រះយេស៊ូវ និងស្ដ្រីសាម៉ារី
1នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស និង​ធ្វើពិធីជ្រមុជទឹក​ច្រើន​ជាង​យ៉ូហាន 2(​តាមពិត ព្រះយេស៊ូវ​ផ្ទាល់​មិន​បាន​ធ្វើពិធីជ្រមុជទឹក​ទេ គឺ​ពួក​សិស្ស​របស់​ព្រះអង្គ​វិញ​ដែល​ធ្វើ​) 3ព្រះអង្គ​ក៏​យាង​ចេញ​ពី​យូឌា ហើយ​ទៅ​កាលីឡេ​ម្ដងទៀត​។ 4ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាងកាត់តាម​សាម៉ារី 5ដូច្នេះ ព្រះអង្គ​ក៏​យាង​មកដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ស៊ូខារ នៅ​សាម៉ារី​។ ទីក្រុងនោះ​នៅ​ជិត​ដី​មួយ​កន្លែង​ដែល​យ៉ាកុប​បាន​ឲ្យ​យ៉ូសែប​កូន​របស់​គាត់ 6ហើយ​អណ្ដូង​របស់​យ៉ាកុប​ក៏​នៅ​ទីនោះ​ដែរ​។ ព្រះយេស៊ូវ​ទ្រង់​អស់កម្លាំង​ក្នុង​ការធ្វើដំណើរ ក៏​គង់ចុះ​នៅ​ក្បែរ​អណ្ដូង​។ ពេល​នោះ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់#4:6 ម៉ោង​ដប់​ពីរ​ថ្ងៃត្រង់―ន័យត្រង់គឺ “ម៉ោងទីប្រាំមួយ”។​។
7មាន​ស្ត្រី​សាម៉ារី​ម្នាក់​មក​ដង​ទឹក​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“សូម​ឲ្យខ្ញុំ​ផឹក​ផង”។ 8ពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​ទៅ​ទីក្រុង​អស់ហើយ ដើម្បី​ទិញ​អាហារ​។
9ស្ត្រី​ជនជាតិសាម៉ារី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោក​ជា​ជនជាតិយូដា ម្ដេចក៏​សុំ​ផឹក​ពី​ខ្ញុំ​ដែល​ជា​ស្ត្រី​ជនជាតិសាម៉ារី​ដូច្នេះ​?”។ ដ្បិត​ជនជាតិយូដា​មិន​សេពគប់​ជាមួយ​ជនជាតិសាម៉ារី​ទេ#4:9 ឯកសារបុរាណខ្លះគ្មាន “ដ្បិតជនជាតិយូដា​មិន​សេពគប់​ជាមួយ​ជនជាតិសាម៉ារី​ទេ”។​។
10ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖“ប្រសិនបើ​នាង​បាន​ស្គាល់​អំណោយទាន​របស់​ព្រះ ហើយ​ដឹងថា​អ្នក​ដែល​កំពុង​និយាយ​នឹង​នាង​ថា​: ‘សូម​ឲ្យ​ខ្ញុំ​ផឹក​ផង’ ជា​អ្នកណា ម្ល៉េះសម​នាង​បាន​សុំ​ពី​គាត់​វិញ ហើយ​គាត់​ក៏​ឲ្យ​ទឹក​រស់​ដល់​នាង”។
11ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ លោក​គ្មាន​យោងដងទឹក​ទេ ហើយ​អណ្ដូង​នេះ​ក៏​ជ្រៅ ចុះ​លោក​បាន​ទឹក​រស់​មក​ពីណា​? 12លោក​មិន​ធំជាង​យ៉ាកុប​ដូនតា​របស់យើងខ្ញុំ​ទេ មែនទេ​? គាត់​បាន​ឲ្យ​អណ្ដូង​នេះ​ដល់​យើងខ្ញុំ ហើយ​ខ្លួនគាត់ និង​កូន​ៗ​របស់​គាត់ ព្រមទាំងហ្វូងសត្វ​របស់​គាត់​ក៏​ផឹក​ពី​អណ្ដូងនេះ​ដែរ”។
13ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖“អស់អ្នក​ដែល​ផឹក​ទឹក​នេះ នឹង​ស្រេក​ទៀត 14ប៉ុន្តែ​អ្នកណាក៏ដោយដែល​ផឹក​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​មិន​ស្រេក​សោះឡើយ គឺ​ជារៀងរហូត​។ ផ្ទុយទៅវិញ ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នកនោះ នឹង​ក្លាយជា​ប្រភព​ទឹក​ផុសឡើង​ដល់​ជីវិតអស់កល្បជានិច្ច​នៅក្នុង​អ្នកនោះ”។
15ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បីកុំឲ្យ​ខ្ញុំ​ស្រេក និង​ដើម្បី​កុំឲ្យ​ខ្ញុំ​មក​ដង​នៅ​ទីនេះ​ឡើយ”។
16ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា​៖“ចូរ​ទៅ​ហៅ​ប្ដី​របស់នាង​មក​ទីនេះ”។
17ស្ត្រី​នោះ​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ខ្ញុំ​គ្មាន​ប្ដី​ទេ”។
ព្រះយេស៊ូវ​មានបន្ទូលថា​៖“ដែល​នាង​និយាយ​ថា​: ‘គ្មាន​ប្ដី​ទេ’ ត្រូវ​ហើយ 18ពីព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​នាក់​ហើយ រីឯ​ម្នាក់​ដែល​នាង​មាន​ឥឡូវនេះ មិនមែន​ជា​ប្ដី​របស់នាង​ទេ​។ រឿងនេះ​នាង​និយាយ​ពិត​ហើយ”។
19ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ខ្ញុំ​យល់ឃើញ​ថា លោក​ជា​ព្យាការី​! 20ដូនតា​របស់យើងខ្ញុំ​បាន​ថ្វាយបង្គំ​នៅលើ​ភ្នំ​នេះ ប៉ុន្តែ​ពួកលោក​និយាយ​ថា កន្លែង​ដែល​ត្រូវ​ថ្វាយបង្គំ គឺ​នៅ​យេរូសាឡិម​វិញ”។
21ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា មាន​ពេលវេលា​នឹង​មក ដែល​អ្នករាល់គ្នា​នឹង​ថ្វាយបង្គំ​ព្រះ​បិតា​មិនមែន​នៅលើ​ភ្នំ​នេះ ហើយក៏​មិនមែន​នៅ​យេរូសាឡិម​ដែរ​។ 22អ្នករាល់គ្នា​ថ្វាយបង្គំ​អ្វីដែល​អ្នករាល់គ្នា​មិន​ស្គាល់ រីឯ​យើង​វិញ យើង​ថ្វាយបង្គំ​អ្វីដែល​យើង​ស្គាល់ ដ្បិត​សេចក្ដីសង្គ្រោះ​មកពី​ជនជាតិយូដា​។ 23ប៉ុន្តែ​ពេលវេលា​នឹង​មក គឺ​ឥឡូវនេះ​ហើយ ដែល​ពួក​អ្នកថ្វាយបង្គំ​ដ៏ពិត​នឹង​ថ្វាយបង្គំ​ព្រះ​បិតា​ក្នុង​វិញ្ញាណ និងសេចក្ដីពិត ពីព្រោះ​ព្រះ​បិតា​ត្រូវការ​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ​។ 24ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ ត្រូវតែ​ថ្វាយបង្គំ​ក្នុង​វិញ្ញាណ និងសេចក្ដីពិត”។
25ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “ខ្ញុំ​ដឹង​ហើយ​ថា ព្រះ​មែស៊ី​ដែល​ហៅថា​ព្រះ​គ្រីស្ទ​នឹង​យាង​មក​។ នៅពេល​ព្រះអង្គ​យាង​មក ព្រះអង្គ​នឹង​ថ្លែង​ការ​ទាំងអស់​ដល់​យើងខ្ញុំ”។
26ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ហ្នឹងហើយ ដែល​កំពុង​និយាយ​នឹង​នាង”។
ស្រូវទុំល្មមហើយ
27នៅពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​មក​ដល់ ហើយ​ពួកគេ​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះអង្គ​កំពុង​មានបន្ទូល​ជាមួយ​ស្ត្រី​ម្នាក់ ប៉ុន្តែ​គ្មានអ្នកណា​ទូល​សួរថា​: “លោកគ្រូ​ត្រូវការ​អ្វី​?” ឬ “ហេតុអ្វី​បានជា​លោកគ្រូ​និយាយ​ជាមួយ​នាង​?” ឡើយ​។
28ស្ត្រី​នោះ​ក៏​ទុក​ក្អម​របស់​នាង​ចោល ហើយ​ចូលទៅ​ក្នុង​ទីក្រុង ប្រាប់​គេ​ថា​៖ 29“មក៍! មើល​ម្នាក់​ដែល​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​។ អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?”។ 30ពួកគេ​ក៏​ចេញ​ពី​ទីក្រុង ហើយ​មករក​ព្រះអង្គ​។
31ខណៈពេល​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី សូមអញ្ជើញ​ពិសា”។
32ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ខ្ញុំ​មាន​អាហារ​ហូប​ហើយ ជា​អាហារ​ដែល​អ្នករាល់គ្នា​មិន​ស្គាល់”។
33ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា​៖ “គ្មាន​អ្នកណា​យក​អ្វី​មក​ឲ្យ​លោក​ពិសា​ទេ មែនទេ​?”។
34ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាហារ​របស់ខ្ញុំ គឺ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក និង​បង្ហើយ​ការងារ​របស់​ព្រះអង្គ​។ 35តើ​អ្នករាល់គ្នា​មិន​និយាយ​ថា​: ‘នៅ​បួនខែ​ទៀត បាន​ដល់​រដូវច្រូតកាត់’ ទេ​ឬ​? មើល៍! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ងើបភ្នែកឡើង​មើល​ទៅ​វាលស្រែ ដែល​ក្រហមល្មម#4:35 ក្រហមល្មម―ន័យត្រង់គឺ “ស”។សម្រាប់​ការច្រូតកាត់​ហើយ​។ 36អ្នក​ដែល​ច្រូត​ទទួល​ឈ្នួល ហើយ​កំពុង​ប្រមូល​ផល​សម្រាប់​ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យ​អ្នក​ដែល​សាបព្រោះ និង​អ្នក​ដែល​ច្រូត​អរសប្បាយ​ជាមួយគ្នា​។ 37ដូច្នេះ ពាក្យទំនៀម​នេះ​ពិត​ណាស់ គឺ​: ‘ម្នាក់​សាបព្រោះ ម្នាក់ទៀត​ច្រូត’។ 38ខ្ញុំ​បាន​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ច្រូត​អ្វីដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើការនឿយហត់​; អ្នកផ្សេង​បាន​ធ្វើការនឿយហត់ ហើយ​អ្នករាល់គ្នា​បាន​ចូល​ក្នុង​ការនឿយហត់​របស់​ពួកគេ”។
ព្រះសង្គ្រោះរបស់ពិភពលោក
39ជនជាតិសាម៉ារី​ជាច្រើន​នៅ​ទីក្រុង​នោះ​បាន​ជឿលើ​ព្រះអង្គ ដោយសារតែ​ពាក្យ​ដែល​ស្ត្រី​នោះ​ធ្វើបន្ទាល់​ថា​: “លោក​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ”។ 40ដូច្នេះ នៅពេល​ពួក​ជនជាតិសាម៉ារី​មករក​ព្រះអង្គ ពួកគេ​ក៏​សុំ​ព្រះអង្គ​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ នោះ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​ពីរ​ថ្ងៃ​។ 41ក្រោយមក មាន​មនុស្ស​ច្រើនទៀត​បាន​ជឿ ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះអង្គ​។ 42ពួកគេ​ក៏​និយាយ​នឹង​ស្ត្រី​នោះ​ថា​៖ “ឥឡូវនេះ​យើង​ជឿ មិនមែន​ដោយសារតែ​សម្ដី​របស់នាង​ទៀតទេ គឺ​ដោយសារ​យើងផ្ទាល់​បាន​ឮ ហើយ​ដឹង​ថា ព្រះអង្គ​ពិតជា​ព្រះសង្គ្រោះ​នៃ​ពិភពលោក#4:42 ឯកសារបុរាណខ្លះបន្ថែម “គឺព្រះគ្រីស្ទ”។”។
អ្នកកាលីឡេទទួលព្រះយេស៊ូវ
43ក្រោយពី​ពីរ​ថ្ងៃ​នោះ ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ​ទៅ​កាលីឡេ​។ 44តាមពិត ព្រះអង្គ​ផ្ទាល់​ធ្លាប់​ធ្វើបន្ទាល់​ថា ព្យាការី​គ្មាន​កិត្តិយស​នៅក្នុង​ស្រុកកំណើត​របស់ខ្លួន​ទេ​។ 45នៅពេល​ព្រះយេស៊ូវ​យាង​មកដល់​កាលីឡេ អ្នកកាលីឡេ​ក៏​ទទួល​ព្រះអង្គ ដោយសារ​ឃើញ​ការ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​ពិធីបុណ្យ ពីព្រោះ​ពួកគេ​បាន​ទៅ​ពិធីបុណ្យ​នោះ​ដែរ​។
ប្រោសកូនមន្ត្រីម្នាក់ឲ្យជា
46ព្រះយេស៊ូវ​យាង​មកដល់​កាណា​ក្នុង​កាលីឡេ​ម្ដងទៀត ជា​កន្លែងដែល​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយជា​ស្រាទំពាំងបាយជូរ​។ មាន​មន្ត្រីរាជការ​ម្នាក់ ដែល​កូនប្រុស​របស់គាត់​មានជំងឺ​នៅ​កាពើណិម​។ 47នៅពេល​គាត់​ឮ​ថា ព្រះយេស៊ូវ​កំពុង​យាង​មក​ពី​យូឌា​ទៅ​កាលីឡេ គាត់​ក៏​ទៅរក​ព្រះអង្គ ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​ចុះទៅ​ប្រោស​កូន​របស់​គាត់​ឲ្យជា ពីព្រោះ​កូននោះ​ជិត​ស្លាប់​ហើយ​។
48ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ”។
49មន្ត្រីរាជការ​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់​អើយ សូមអញ្ជើញ​ចុះទៅ មុន​នឹង​កូន​របស់ខ្ញុំ​ស្លាប់​!”។
50ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អញ្ជើញ​ទៅ​ចុះ កូន​របស់លោក​នៅរស់​ទេ#4:50 នៅរស់​ទេ―ឬ “ជាហើយ”។”។ អ្នក​នោះ​បាន​ជឿ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់ ហើយ​ចេញទៅ​។
51ខណៈដែល​គាត់​កំពុង​ចុះទៅ ពួក​បាវបម្រើ​របស់​គាត់​មកជួប​គាត់ ហើយ​ប្រាប់#4:51 ប្រាប់―ឯកសារបុរាណខ្លះថា “រាយការណ៍”។​ថា​កូនប្រុស​របស់​គាត់​នៅរស់​ទេ​។ 52គាត់​ក៏​សួរ​ពួកគេ​អំពី​ម៉ោង​ដែល​កូនគាត់​បាន​ធូរស្បើយ នោះ​ពួកគេ​ប្រាប់​គាត់​ថា​៖ “ម៉ោង​មួយរសៀល#4:52 ម៉ោង​មួយ​រសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំពីរ”។​ម្សិលមិញ គ្រុន​បាន​ចាកចេញ​ពី​កូនរបស់លោក​ហើយ”។ 53ឪពុក​បាន​ដឹង​ថា គឺ​នៅ​ម៉ោង​នោះឯង ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​:“កូន​របស់លោក​នៅរស់​ទេ” ដូច្នេះ គាត់​ក៏​ជឿ ព្រមទាំង​គ្រួសារ​ទាំងមូល​របស់​គាត់​ផង​។
54ព្រះយេស៊ូវ​បាន​ធ្វើ​ទីសម្គាល់​ទីពីរ​នេះ នៅពេល​ព្រះអង្គ​យាង​មក​ពី​យូឌា​ទៅ​កាលីឡេ​៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入