YouVersion 標誌
搜尋圖標

យ៉ូហាន 17

17
ព្រះយេស៊ូវទ្រង់អធិស្ឋានសម្រាប់អង្គទ្រង់
1ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ងើបព្រះនេត្រ​ទៅ​មេឃ ហើយ​ទូលថា​៖
“ព្រះ​បិតា​អើយ
ពេលវេលា​មក​ដល់​ហើយ​!
សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបុត្រា​របស់ព្រះអង្គ​ផង
ដើម្បីឲ្យ​ព្រះបុត្រា​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ
2 ដូចដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះបុត្រា​នូវ​សិទ្ធិអំណាច​លើ​មនុស្ស # 17:2 មនុស្ស​―ឬ “សាច់ឈាម”។ ទាំងអស់
និង​ដើម្បីឲ្យ​ព្រះបុត្រា​បាន​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ព្រះបុត្រា​ដែរ​។
3 នេះ​ជា​ជីវិតអស់កល្បជានិច្ច
គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់
និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។
4 ទូលបង្គំ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​នៅ​ផែនដី
ដោយ​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រគល់​ឲ្យ​ទូលបង្គំ​ធ្វើ​។
5 ព្រះ​បិតា​អើយ
ឥឡូវនេះ សូម​ព្រះអង្គ​លើកតម្កើងសិរីរុងរឿង​ដល់​ទូលបង្គំ​ជាមួយ​អង្គទ្រង់
ដោយ​សិរីរុងរឿង​ដែល​ទូលបង្គំ​មាន​ជាមួយ​ព្រះអង្គ តាំងពីមុន​ដែល​មាន​ពិភពលោក​ផង​។
ព្រះយេស៊ូវទ្រង់អធិស្ឋានសម្រាប់ពួកសិស្ស
6 ទូលបង្គំ​បាន​សម្ដែង​ព្រះនាម​របស់ព្រះអង្គ
ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ពី​ពិភពលោក​។
ពួកគេ​ជា​របស់ព្រះអង្គ
ព្រះអង្គ​បាន​ប្រទាន​ពួកគេ​មក​ទូលបង្គំ
ហើយ​ពួកគេ​បាន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។
7 ឥឡូវនេះ ពួកគេ​ដឹង​ហើយ​ថា
អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ គឺ​មក​ពី​ព្រះអង្គ
8 ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ
ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ
ពួកគេ​ក៏​ទទួលយក
ហើយ​ដឹង​ពិតប្រាកដ​ថា ទូលបង្គំ​មក​ពី​ព្រះអង្គ
ព្រមទាំង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។
9 ទូលបង្គំ​ទូល​អង្វរ​សម្រាប់​ពួកគេ
មិនមែន​ទូល​អង្វរ​សម្រាប់​ពិភពលោក​ទេ
គឺ​សម្រាប់​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​វិញ
ពីព្រោះ​ពួកគេ​ជា​របស់ព្រះអង្គ​។
10 អ្វីៗ​ទាំងអស់​របស់ទូលបង្គំ​ជា​របស់ព្រះអង្គ
អ្វីៗ​របស់ព្រះអង្គ​ជា​របស់ទូលបង្គំ
ហើយ​ទូលបង្គំ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ពួកគេ​។
11 ទូលបង្គំ​មិន​នៅ​ក្នុង​ពិភពលោក​ទៀតទេ​។
ពួកគេ​នៅ​ក្នុង​ពិភពលោក
រីឯទូលបង្គំវិញ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។
ព្រះ​បិតា​ដ៏វិសុទ្ធ​អើយ
សូម​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​ផង
គឺ​នាម​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ
ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ ដូចដែល​យើង​ជា​អង្គមួយ​ដែរ​។
12 ពេល​ទូលបង្គំ​នៅ # 17:12 ឯកសារបុរាណខ្លះបន្ថែម “ក្នុងពិភពលោក”។ ជាមួយ​ពួកគេ
ទូលបង្គំ​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ
គឺ​នាម​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​។
ទូលបង្គំ​បាន​រក្សា​ពួកគេ
ហើយ​គ្មានអ្នកណា​ក្នុង​ពួកគេ​វិនាស​ឡើយ
លើកលែងតែ​កូននៃសេចក្ដីវិនាស # 17:12 កូន​នៃ​សេចក្ដី​វិនាស―ឬ “អ្នកដែលត្រូវវិនាស”។ ប៉ុណ្ណោះ
ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។
13 ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។
ទូលបង្គំ​និយាយ​សេចក្ដីទាំងនេះ​ក្នុង​ពិភពលោក
ដើម្បីឲ្យ​ពួកគេ​មាន​អំណរ​របស់ទូលបង្គំ​ត្រូវបាន​បំពេញ​ក្នុង​ខ្លួនពួកគេ​។
14 ទូលបង្គំ​បាន​ផ្ដល់​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​ពួកគេ​ហើយ​។
ពិភពលោក​ស្អប់​ពួកគេ
ពីព្រោះ​ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ
ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។
15 ទូលបង្គំ​ទូល​អង្វរ​មិនមែន​ដើម្បីឲ្យ​ព្រះអង្គ​យក​ពួកគេ​ចេញ​ពី​ពិភពលោក​ទេ
គឺ​ដើម្បីឲ្យ​ព្រះអង្គ​ការពារ​ពួកគេ​ពី​មេអាក្រក់​វិញ​។
16 ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ
ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។
17 សូម​ញែក​ពួកគេ​ជាវិសុទ្ធ​ដោយ​សេចក្ដីពិត​ផង​;
គឺ​ព្រះបន្ទូល​របស់ព្រះអង្គ​ហើយ ជា​សេចក្ដីពិត​។
18 ដូចដែល​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​ក្នុង​ពិភពលោក​យ៉ាងណា
ទូលបង្គំក៏​បាន​ចាត់​ពួកគេ​ឲ្យទៅ​ក្នុង​ពិភពលោក​យ៉ាងនោះដែរ​។
19 ទូលបង្គំ​ញែក​ខ្លួន​ជាវិសុទ្ធ​សម្រាប់​ពួកគេ
ដើម្បីឲ្យ​ពួកគេ​ត្រូវ​បាន​ញែកជាវិសុទ្ធ​ក្នុង​សេចក្ដីពិត​ដែរ​។
ព្រះយេស៊ូវទ្រង់អធិស្ឋានសម្រាប់អ្នកជឿទាំងអស់
20 ទូលបង្គំ​ទូល​អង្វរ​មិនគ្រាន់តែ​សម្រាប់​អ្នកទាំងនេះ​ប៉ុណ្ណោះទេ
ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ជឿលើ​ទូលបង្គំ​តាមរយៈ​ពាក្យ​របស់​ពួកគេ​ដែរ
21 ដើម្បីឲ្យ​ពួកគេ​ទាំងអស់គ្នា​រួមគ្នាតែមួយ​។
ព្រះ​បិតា​អើយ
ដូចដែល​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ហើយទូលបង្គំ​នៅក្នុង​ព្រះអង្គ​យ៉ាងណា
សូមឲ្យ​ពួកគេ # 17:21 ឯកសារបុរាណខ្លះបន្ថែម “បានជាអង្គមួយ”។ នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ
ដើម្បីឲ្យ​ពិភពលោក​បាន​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។
22 សិរីរុងរឿង​ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ
ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ
ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ
ដូចដែល​យើង​ជា​អង្គ​មួយ​ដែរ
23 គឺ​ទូលបង្គំ​នៅក្នុង​ពួកគេ ហើយ​ព្រះអង្គ​នៅក្នុង​ទូលបង្គំ
ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ​យ៉ាង​គ្រប់លក្ខណ៍
ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក
ព្រមទាំង​ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ពួកគេ
ដូចដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​ដែរ​។
24 ព្រះ​បិតា​អើយ
ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ
ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ
ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។
25 ព្រះ​បិតា​ដ៏សុចរិតយុត្តិធម៌​អើយ
ទោះបីជា​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ក៏ដោយ ក៏​ទូលបង្គំ​ស្គាល់​ព្រះអង្គ
ហើយ​អ្នកទាំងនោះ​ក៏​ដឹង​ថា គឺ​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។
26 ទូលបង្គំ​បាន​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ
ហើយ​នឹង​ឲ្យ​ស្គាល់​ទៀត
ដើម្បីឲ្យ​សេចក្ដីស្រឡាញ់​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​បាន​នៅ​ក្នុង​ពួកគេ
ហើយទូលបង្គំក៏​នៅក្នុង​ពួកគេ​ដែរ”៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入