YouVersion 標誌
搜尋圖標

យ៉ូហាន 16

16
1 “ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ធ្វើឲ្យជំពប់ដួល # 16:1 ជំពប់ដួល―ឬ “បាត់បង់ជំនឿ”។ ឡើយ​។ 2គេ​នឹង​បណ្ដេញ​អ្នករាល់គ្នា​ចេញពី​សាលាប្រជុំ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ គឺ​មាន​ពេលវេលា​នឹង​មក ដែល​អស់អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​នឹង​គិតថា ខ្លួនគេ​កំពុង​ថ្វាយ​ការបម្រើ​ដល់​ព្រះ​។ 3ពួកគេ​នឹង​ធ្វើ​ការទាំងនេះ ដោយសារ​ពួកគេ​មិន​ស្គាល់​ព្រះ​បិតា ហើយក៏មិន​ស្គាល់​ខ្ញុំ​ដែរ​។ 4ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ ដើម្បី​កាលណា​ពេលវេលា​នោះ​មក​ដល់ អ្នករាល់គ្នា​បាន​នឹកឃើញ​ថា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​។ ខ្ញុំ​មិន​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​តាំងពី​ដំបូង​ទេ ពីព្រោះ​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា​។
កិច្ចការ​របស់ព្រះវិញ្ញាណដ៏វិសុទ្ធ
5 “ឥឡូវនេះ ខ្ញុំ​នឹង​ទៅឯ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ហើយ​គ្មានអ្នកណា​ក្នុង​អ្នករាល់គ្នា​សួរ​ខ្ញុំ​ថា​: ‘តើ​លោក​នឹង​ទៅ​ឯណា​?’ ឡើយ​។ 6ផ្ទុយទៅវិញ ដោយសារ​ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ចិត្ត​របស់អ្នករាល់គ្នា​បាន​ពេញ​ដោយ​ទុក្ខព្រួយ​។ 7ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីពិត​ដល់​អ្នករាល់គ្នា​ថា ការ​ដែល​ខ្ញុំ​ទៅ គឺ​ជាប្រយោជន៍​ដល់​អ្នករាល់គ្នា ពីព្រោះ​ប្រសិនបើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះជំនួយ​នឹង​មិន​មករក​អ្នករាល់គ្នា​ឡើយ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ឲ្យមក​រក​អ្នករាល់គ្នា​។ 8នៅពេល​យាង​មក​ដល់ ព្រះអង្គ​នឹង​ឲ្យ​ពិភពលោក​ដឹងកំហុស​ទាក់ទងនឹង​បាប ទាក់ទងនឹង​សេចក្ដីសុចរិត និង​ទាក់ទងនឹង​ការជំនុំជម្រះ 9គឺ​ទាក់ទងនឹង​បាប ពីព្រោះ​ពួកគេ​មិន​ជឿលើ​ខ្ញុំ​; 10ទាក់ទងនឹង​សេចក្ដីសុចរិត ពីព្រោះ​ខ្ញុំ​ទៅឯ​ព្រះ​បិតា ហើយ​អ្នករាល់គ្នា​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​; 11ទាក់ទងនឹង​ការជំនុំជម្រះ ពីព្រោះ​មេគ្រប់គ្រង​របស់​ពិភពលោកនេះ​ត្រូវបាន​ផ្ដន្ទាទោស​ហើយ​។
12 “ខ្ញុំ​នៅតែ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដើម្បី​ប្រាប់​អ្នករាល់គ្នា ប៉ុន្តែ​ឥឡូវនេះ​អ្នករាល់គ្នា​មិនអាច​ទទួល​បានទេ​។ 13នៅពេល​ព្រះអង្គ​ដែល​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​នាំផ្លូវ​អ្នករាល់គ្នា​ទៅ​ក្នុង#16:13 ទៅក្នុង​―ឯកសារបុរាណខ្លះថា “នៅក្នុង”។គ្រប់ទាំង​សេចក្ដីពិត ពីព្រោះ​ព្រះអង្គ​នឹង​មិន​មានបន្ទូល​ចេញពី​អង្គទ្រង់​ទេ គឺ​ព្រះអង្គ​នឹង​មានបន្ទូល​នូវ​អ្វីៗដែល​ព្រះអង្គ​ទ្រង់​ឮ​វិញ ហើយ​ថ្លែង​នូវ​អ្វីៗ​ដែល​នឹង​មក ដល់​អ្នករាល់គ្នា​។ 14ព្រះអង្គ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ខ្ញុំ ពីព្រោះ​ព្រះអង្គ​នឹង​ទទួល​អ្វី​ដែល​ជា​របស់ខ្ញុំ ហើយ​ថ្លែង​ដល់​អ្នករាល់គ្នា​។ 15អ្វីៗ​ទាំងអស់​ដែល​ព្រះ​បិតា​មាន​ជា​របស់ខ្ញុំ​។ ហេតុនេះហើយបានជា​ខ្ញុំ​និយាយ​ថា ព្រះវិញ្ញាណ​នឹង​ទទួល​អ្វី​ដែល​ជា​របស់ខ្ញុំ ហើយ​ថ្លែង​ដល់​អ្នករាល់គ្នា​។
ទុក្ខព្រួយត្រឡប់ជាអំណរ
16 “បន្តិចទៀត អ្នករាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ # 16:16 ឯកសារបុរាណខ្លះបន្ថែម “ពីព្រោះខ្ញុំនឹងទៅឯបិតា”។ ”។
17ដូច្នេះ អ្នកខ្លះ​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “តើ​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​យើង​ថា​:‘បន្តិចទៀត អ្នករាល់គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ’ និង​ថា​:‘ពីព្រោះ​ខ្ញុំ​ទៅឯ​ព្រះ​បិតា’ នេះ​មានន័យ​ដូចម្ដេច​?”។ 18ពួកគេ​ក៏​និយាយ​ទៀត​ថា​៖ “តើ​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូលថា​:‘បន្តិចទៀត’ នេះ​មានន័យ​ដូចម្ដេច​? យើង​មិន​យល់​អ្វីដែល​ព្រះអង្គ​មានបន្ទូល​ទេ”។
19ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពួកគេ​ចង់​ទូល​សួរ​ព្រះអង្គ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​សួរ​គ្នាទៅវិញទៅមក​អំពី​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយថា​: ‘បន្តិចទៀត អ្នករាល់គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ’ នេះ​ឬ​?
20 “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​នឹង​យំ ហើយ​កាន់ទុក្ខ រីឯ​ពិភពលោក​នឹង​អរសប្បាយ​។ អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យព្រួយចិត្ត ប៉ុន្តែ​ទុក្ខព្រួយ​របស់អ្នករាល់គ្នា​នឹង​ត្រឡប់ជា​អំណរ​វិញ​។ 21នៅពេល​ស្ត្រី​សម្រាល​កូន នាង​មាន​ទុក្ខព្រួយ ពីព្រោះ​ពេលវេលា​របស់​នាង​មក​ដល់ ប៉ុន្តែ​ពេល​នាង​សម្រាល​បាន​កូន​ហើយ នាង​លែង​នឹកចាំ​ទុក្ខវេទនា​នោះ​ទៀត​ហើយ ដោយសារតែ​អំណរ​ដែល​មនុស្ស​ម្នាក់​កើតមក​ក្នុង​ពិភពលោក​។ 22ដូច្នេះ ឥឡូវនេះ​អ្នករាល់គ្នា​មាន​ទុក្ខព្រួយ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នករាល់គ្នា​ម្ដងទៀត នោះ​ចិត្ត​របស់អ្នករាល់គ្នា​នឹង​អរសប្បាយ ហើយ​គ្មានអ្នកណា​យក​អំណរ​របស់អ្នករាល់គ្នា​ចេញ​ពី​អ្នករាល់គ្នា​ឡើយ​។ 23នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​មិន​សួរ​ខ្ញុំ​ពី​អ្វី​ទៀត​ឡើយ​។
“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។ 24រហូតមកដល់​ពេលនេះ អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​អ្វី​ក្នុង​នាម​របស់ខ្ញុំ​ទេ​។ ចូរ​សុំ​ចុះ នោះ​អ្នករាល់គ្នា​នឹង​ទទួល ដើម្បីឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវ​បាន​បំពេញ​។
ព្រះយេស៊ូវមានជ័យជម្នះលើពិភពលោកហើយ
25 “ខ្ញុំ​បាន​និយាយ​សេចក្ដីទាំងនេះ​នឹង​អ្នករាល់គ្នា​ដោយ​ពាក្យប្រៀបប្រដូច​។ ពេលវេលា​នឹង​មក ដែល​ខ្ញុំ​លែង​និយាយ​នឹង​អ្នករាល់គ្នា​ដោយ​ពាក្យប្រៀបប្រដូច​ទៀតឡើយ ផ្ទុយទៅវិញ​ខ្ញុំ​នឹង​ប្រាប់​អ្នករាល់គ្នា​យ៉ាងច្បាស់​អំពី​ព្រះ​បិតា​។ 26នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ទូល​សុំ​ក្នុង​នាម​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា​ជំនួស​អ្នករាល់គ្នា​ទេ 27ដ្បិត​ព្រះ​បិតា​ផ្ទាល់​ទ្រង់​ស្រឡាញ់​អ្នករាល់គ្នា ដោយសារ​អ្នករាល់គ្នា​បាន​ស្រឡាញ់​ខ្ញុំ និង​ជឿ​ថា ខ្ញុំ​ចេញមក​ពី​ព្រះ#16:27 ព្រះ​―ឯកសារបុរាណខ្លះថា “ព្រះបិតា”។ 28ខ្ញុំ​ចេញ​ពី​ព្រះ​បិតា ហើយ​មក​ក្នុង​ពិភពលោក​; ខ្ញុំ​នឹង​ចាកចេញ​ពី​ពិភពលោក ហើយ​ទៅឯ​ព្រះ​បិតា​វិញ”។
29ពួក​សិស្ស​របស់​ព្រះអង្គ​ទូលថា​៖ “មើល៍! ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​យ៉ាងច្បាស់ ហើយ​លែង​មានបន្ទូល​ជា​ពាក្យប្រៀបប្រដូច​ទៀត​ហើយ​។ 30ឥឡូវនេះ យើងខ្ញុំ​ដឹង​ហើយ​ថា ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីៗ​ទាំងអស់ ហើយ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ទូល​សួរ​ព្រះអង្គ​ទេ​។ ដោយសារតែការនេះ យើងខ្ញុំ​ជឿ​ថា​ព្រះអង្គ​យាង​មក​ពី​ព្រះ”។
31ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ឥឡូវនេះ អ្នករាល់គ្នា​ជឿ​ឬ​? 32មើល៍! ពេលវេលា​នឹង​មក គឺ​បាន​មក​ដល់​ហើយ ដែល​អ្នករាល់គ្នា​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ ម្នាក់ៗ​ទៅ​កន្លែង​របស់ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​។ តាមពិត ខ្ញុំ​មិន​នៅ​តែម្នាក់ឯង​ទេ ពីព្រោះ​ព្រះ​បិតា​គង់នៅ​ជាមួយ​ខ្ញុំ​។ 33ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入