YouVersion 標誌
搜尋圖標

កិច្ចការ 1

1
អារម្ភកថា
1ឱ ឯកឧត្ដម#1:1 ឯកឧត្ដម―ជាពាក្យជំនួយ។​ថេវភីល​អើយ! ពិតណាស់ហើយ ខ្ញុំ​បាន​សរសេរ​ក្នុង​សៀវភៅ​ទីមួយ#1:1 សៀវភៅទីមួយ―គឺ《ដំណឹងល្អរបស់លូកា》។ អំពី​កិច្ចការ​ទាំងអស់​ដែល​ព្រះយេស៊ូវ​បាន​ចាប់ផ្ដើម​ធ្វើ និង​បង្រៀន 2រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ ក្រោយពី​ព្រះអង្គ​បាន​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួក​សាវ័ក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​។ 3បន្ទាប់ពី​ការ​រងទុក្ខ ព្រះយេស៊ូវ​ក៏​បាន​សម្ដែង​អង្គទ្រង់​ដល់​អ្នកទាំងនោះ​ដោយ​ភស្តុតាង​ជាច្រើន​ថា ព្រះអង្គ​មានព្រះជន្មរស់​។ ក្នុងអំឡុង​សែសិប​ថ្ងៃ ព្រះអង្គ​បាន​លេចមក​ដល់​ពួកគេ ហើយ​មានបន្ទូល​អំពី​អាណាចក្រ​របស់​ព្រះ។
សេចក្ដីសន្យាអំពីព្រះវិញ្ញាណដ៏វិសុទ្ធ
4ពេល​គង់នៅជាមួយ​ពួកគេ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​ថា​៖“កុំ​ចាកចេញ​ពី​យេរូសាឡិម​ឡើយ ផ្ទុយទៅវិញ ចូរ​រង់ចាំ​សេចក្ដីសន្យា​របស់​ព្រះ​បិតា ដែល​អ្នករាល់គ្នា​បាន​ឮ​ពី​ខ្ញុំ​ហើយ 5ដ្បិត​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជ​ដោយ​ទឹក#1:5 ដោយទឹក―ឬ “ក្នុងទឹក”។ប៉ុន្តែ​មិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នា​នឹង​ទទួលពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ”។
6ដូច្នេះ នៅពេល​មកជួបជុំគ្នា ពួកគេ​ទូល​សួរ​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​នឹង​ស្ដារ​អាណាចក្រ​អ៊ីស្រាអែល​ឡើងវិញ​នៅ​ពេល​នេះ​ឬ​?”។
7ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ពេល ឬ​វេលា​ដែល​ព្រះ​បិតា​បាន​កំណត់​ដោយ​សិទ្ធិអំណាច​របស់ព្រះអង្គ គឺ​មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ឡើយ​។ 8យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។
ការយាងឡើងទៅស្ថានសួគ៌
9បន្ទាប់ពី​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ត្រូវបាន​លើកឡើង​ទៅ​នៅពេល​ពួកគេ​កំពុង​សម្លឹងមើល ហើយ​មាន​ពពក​មួយ​ទទួលយក​ព្រះអង្គ​បាត់​ពី​ភ្នែក​ពួកគេ​។ 10នៅពេល​ពួកគេ​កំពុង​សម្លឹងមើល​ទៅ​មេឃ ខណៈដែល​ព្រះយេស៊ូវ​យាង​ចាកចេញទៅ​នោះ មើល៍! មាន​បុរស​ពីរ​នាក់​ស្លៀក​សម្លៀកបំពាក់​ស ឈរនៅក្បែរ​ពួកគេ 11ហើយ​និយាយថា​៖ “អ្នក​កាលីឡេ​អើយ ហេតុអ្វីបានជា​អ្នករាល់គ្នា​ឈរ​សម្លឹងមើល​ទៅ​មេឃ​? ព្រះយេស៊ូវ​នេះឯង​ដែល​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ​ពី​អ្នករាល់គ្នា នឹង​យាង​មកវិញ​តាមរបៀបដែល​អ្នករាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើងទៅ​លើមេឃ​យ៉ាងនោះដែរ”។
អធិស្ឋានដោយមានចិត្តតែមួយ
12បន្ទាប់មក ពួកគេ​ក៏​ត្រឡប់​ពី​ភ្នំ​មួយ​ដែល​ហៅថា “ភ្នំដើមអូលីវ” ទៅ​យេរូសាឡិម​វិញ​។ ភ្នំនោះ​នៅ​ជិត​យេរូសាឡិម មាន​ចម្ងាយផ្លូវ​ដែលអនុញ្ញាតឲ្យធ្វើដំណើរ#1:12 ដែលអនុញ្ញាតឲ្យធ្វើដំណើរ​―ជាពាក្យជំនួយ។​ក្នុង​ថ្ងៃសប្ប័ទ។ 13នៅពេល​ចូលទៅ​ទីក្រុង ពួកគេ​ក៏​ឡើងទៅ​បន្ទប់ខាងលើ ជា​កន្លែងដែល​ពួកគេ​ស្នាក់នៅ​។ ពួកគេ​ទាំងនោះ​មាន
ពេត្រុស និង​យ៉ូហាន
យ៉ាកុប និង​អនទ្រេ
ភីលីព និង​ថូម៉ាស
បារថូឡូមេ និង​ម៉ាថាយ
យ៉ាកុប​កូន#1:13 កូន―ជាពាក្យជំនួយ។​របស់​អាល់ផាយ
ស៊ីម៉ូន​អ្នកជាតិនិយម
និង​យូដាស​កូន​របស់​យ៉ាកុប។
14ពួកគេ​ទាំងអស់គ្នា​តែងតែ​ផ្ចង់ស្មារតី​ដោយមានចិត្តតែមួយ​ក្នុង​ការអធិស្ឋាន ជាមួយ​ស្ត្រី​ៗ និង​ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ ព្រមទាំង​ប្អូន​ៗ​របស់​ព្រះអង្គ​ផង​។
ម៉ាត់ធាសត្រូវបានជ្រើសរើស
15នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន#1:15 បងប្អូន―ឯកសារបុរាណខ្លះថា “សិស្ស”។ ហើយ​និយាយថា​៖ 16“បងប្អូន​អើយ បទគម្ពីរ​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែងទុកមុន​តាមរយៈ​មាត់​របស់​ដាវីឌ​ត្រូវតែ​បាន​បំពេញឲ្យសម្រេច គឺ​អំពី​យូដាស​ដែល​បាន​ធ្វើជា​អ្នកនាំផ្លូវ​ឲ្យ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ​។ 17ជាការពិត គាត់​ត្រូវបាន​រាប់​ជា​ម្នាក់​ក្នុងចំណោម​ពួកយើង ហើយ​បាន​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ​។ 18ប៉ុន្តែ​អ្នកនេះ​បាន​ទិញ​ដី​មួយ​កន្លែង​ដោយ​រង្វាន់​នៃ​សេចក្ដីទុច្ចរិត ហើយ​ធ្លាក់សំយុងក្បាល​បែក​ពោះ នោះ​ពោះវៀន​ទាំងអស់​របស់​គាត់​ក៏​ធ្លាយចេញមក​។ 19ហេតុការណ៍នេះ​ត្រូវ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម​បាន​ដឹង បានជា​គេ​ហៅ​ដី​នោះ​ជា​ភាសា​របស់គេ​ថា ‘អាកិលដាម៉ា’ ដែលមានអត្ថន័យថា ‘វាល​ឈាម’។ 20ដ្បិត​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ទំនុកតម្កើង​ថា​:
‘សូមឲ្យ​លំនៅ​របស់​អ្នកនោះ​បាន​ស្ងាត់ជ្រងំ
កុំ​ឲ្យ​មាន​អ្នកណា​រស់នៅ​ទីនោះឡើយ’ # 1:20 《ទំនុកតម្កើង》 69:25។ ហើយ​ថា​:
សូមឲ្យ​អ្នក​ផ្សេង​ទទួល​មុខងារ​របស់​គាត់’។#1:20 《ទំនុកតម្កើង》 109:8។
21“ដូច្នេះ ត្រូវតែ​ឲ្យ​ម្នាក់​ក្នុង​អ្នក​ដែល​រួមដំណើរជាមួយ​ពួកយើង នៅ​គ្រប់​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូវ​បាន​យាង​ចេញចូល​ក្នុងចំណោម​ពួកយើង 22ចាប់តាំងពី​ពិធីជ្រមុជទឹក​របស់​យ៉ូហាន រហូតដល់​ថ្ងៃ​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ទទួលឡើង​ពី​ពួកយើង​ទៅ គឺ​ឲ្យ​ម្នាក់​ក្នុង​អ្នកទាំងនេះ​ធ្វើជា​សាក្សី​ជាមួយ​យើង​អំពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ”។
23ដូច្នេះ ពួកគេ​បាន​លើកឈ្មោះ​ពីរ​នាក់ គឺ​យ៉ូសែប​ដែល​គេ​ហៅថា​បារសាបាស​ផង​យូស្ទុសផង និង​ម្នាក់ទៀត​គឺ​ម៉ាត់ធាស​។ 24ពួកគេ​ក៏​អធិស្ឋាន​ថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ឈ្វេងយល់ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​។ សូម​សម្ដែង​ថា​ព្រះអង្គ​បាន​ជ្រើសរើស​អ្នកណា​ពី​អ្នក​ទាំង​ពីរ​នេះ​ផង 25ដើម្បី​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ និង​មុខងារជាសាវ័ក ដែល​យូដាស​បាន​បោះបង់ចោល​ដើម្បី​ទៅ​កន្លែង​របស់ខ្លួន”។ 26បន្ទាប់មក ពួកគេ​ក៏​ចាប់ឆ្នោត​ឲ្យ​ពីរនាក់នោះ ហើយ​ឆ្នោត​ត្រូវ​លើ​ម៉ាត់ធាស ដូច្នេះ​គាត់​ក៏​ត្រូវបាន​រាប់បញ្ចូល​ជាមួយ​សាវ័ក​ទាំង​ដប់មួយ​នាក់​៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入