YouVersion 標誌
搜尋圖標

យ៉ូហាន 21

21
លេចមកដល់ពួកសិស្សជាលើកទីបី
1បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​បាន​សម្ដែង​អង្គទ្រង់​ដល់​ពួក​សិស្ស​ម្ដងទៀត នៅ​បឹង#21:1 បឹង​―ឬ “សមុទ្រ”។​ទីបេរាស#21:1 បឹងទីបេរាស​―គឺ “បឹងកាលីឡេ”។​។ ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់​យ៉ាងនេះ​:
2ពេលនោះ ស៊ីម៉ូន​ពេត្រុស ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម#21:2 ឌីឌីម―ឬ “កូនភ្លោះ”។ ណាថាណែល​អ្នកកាណា​ក្នុង​កាលីឡេ កូនទាំងពីរ​របស់​សេបេដេ និង​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៀត នៅ​ជាមួយគ្នា​។
3ស៊ីម៉ូន​ពេត្រុស​និយាយ​នឹង​ពួកគេ​ថា​៖ “ខ្ញុំ​ទៅ​នេសាទត្រី”។
ពួកគេ​ថា​៖ “យើង​ទៅ​ជាមួយ​ដែរ”។ ពួកគេ​ក៏​ចេញទៅ ហើយ​ជិះ​ទូក​។ ប៉ុន្តែ​នៅ​យប់​នោះ ពួកគេ​ចាប់​មិន​បាន​អ្វីសោះ​។
4លុះដល់​ព្រលឹម​ហើយ ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​មាត់បឹង ប៉ុន្តែ​ពួក​សិស្ស​មិន​បាន​ដឹង​ថា​ជា​ព្រះយេស៊ូវ​ទេ​។
5ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“កូន​រាល់គ្នា​អើយ កូន​គ្មាន​ត្រី​ទេ មែនទេ​?”។
ពួកគេ​ទូល​ថា​៖ “គ្មានទេ”។
6ព្រះអង្គ​មានបន្ទូលថា​៖“ចូរ​ទម្លាក់​អួន​ទៅ​ខាងស្ដាំ​ទូក នោះ​នឹង​បាន​ត្រី”។ ពួកគេ​ក៏​ទម្លាក់​អួន ប៉ុន្តែ​ទាញ​វា​មិន​រួច​ទេ ដោយសារតែ​ចំនួន​ត្រី​ច្រើន​។ 7សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​ក៏​និយាយ​នឹង​ពេត្រុស​ថា​៖ “គឺ​ព្រះអម្ចាស់​ហើយ​!”។
នៅពេល​ឮ​ថា​ជា​ព្រះអម្ចាស់ ស៊ីម៉ូន​ពេត្រុស​ក៏​យក​អាវ​មក​ក្រវាត់ ពីព្រោះ​គាត់​នៅ​ខ្លួនទទេ ហើយ​លោតចុះ​ទៅក្នុង​បឹង​។ 8រីឯ​សិស្ស​ឯទៀត​បាន​មក​ក្នុង​ទូកតូច ទាំង​អូស​អួន​ដែល​មាន​ត្រី ពីព្រោះ​ពួកគេ​នៅ​មិន​ឆ្ងាយ​ពី​គោក​ទេ គឺ​ប្រមាណ​កៅសិបម៉ែត្រ#21:8 កៅសិបម៉ែត្រ―ន័យត្រង់គឺ “200ហត្ថ” ឬ “200ផេហុស”។ 1ផេហុស=46សង់ទីម៉ែត្រ។​។ 9នៅពេល​ឡើងទៅលើ​គោក ពួកគេ​ក៏​ឃើញ​មាន​រងើកភ្លើង ហើយ​មាន​ត្រី​ដាក់ពីលើ​វា ទាំង​មាន​នំប៉័ង​ដែរ​។
10ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​យក​ត្រី​ខ្លះ#21:10 ខ្លះ―ជាពាក្យជំនួយ។ដែល​ទើបតែ​ចាប់​បាន​មក”។ 11ស៊ីម៉ូន​ពេត្រុស​ក៏​ចុះទៅ ហើយ​ទាញ​អួន​ដែល​ពេញ​ដោយ​ត្រី​ធំ​ៗ​មួយរយ​ហាសិប​បី​ក្បាល​មកលើ​គោក​។ ទោះបីជា​មាន​ត្រី​ច្រើន​យ៉ាងនេះ​ក៏ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ​។
12ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មក៍! ហូប​ចុះ”។ ប៉ុន្តែ​គ្មានអ្នកណា​ក្នុង​ពួក​សិស្ស​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​លោក​ជា​នរណា​?” ឡើយ ពីព្រោះ​ពួកគេ​ដឹង​ហើយ​ថា ជា​ព្រះអម្ចាស់​។ 13ព្រះយេស៊ូវ​យាង​មក​យក​នំប៉័ង​ប្រទាន​ដល់​ពួកគេ រីឯ​ត្រី ក៏​ព្រះអង្គ​ធ្វើ​ដូច្នោះ​ដែរ​។
14នេះ​ជា​លើក​ទីបី​ហើយ ដែល​ព្រះយេស៊ូវ​លេចមក​ដល់​ពួក​សិស្ស ក្រោយពី​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។
ព្រះយេស៊ូវ និងពេត្រុស
15នៅពេល​ពួកគេ​ហូប​ហើយ ព្រះយេស៊ូវ​ទ្រង់​សួរ​ស៊ីម៉ូន​ពេត្រុស​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន#21:15, 16, 17 យ៉ូហាន―ឯកសារបុរាណខ្លះថា “យ៉ូណាស”។អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នកទាំងនេះ​ស្រឡាញ់​ខ្ញុំ​ឬទេ​?”។
គាត់​ទូលថា​៖ “បាទ ព្រះអម្ចាស់ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។
ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​កូនចៀម​របស់ខ្ញុំ​ចុះ”។
16ព្រះអង្គ​ទ្រង់​សួរ​គាត់​ទៀត​ជាលើកទីពីរ​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬទេ​?”។
គាត់​ទូល​ឆ្លើយថា​៖ “បាទ ព្រះអម្ចាស់ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។
ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ឃ្វាល​ចៀម​របស់ខ្ញុំ​ចុះ”។
17ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។
ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។
ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។ 18ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ពេល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ដោយ​ខ្លួនឯង ហើយ​ដើរ​ទៅ​កន្លែងដែល​អ្នក​ចង់​ទៅ​។ ប៉ុន្តែ​ពេល​អ្នក​ចាស់​ទៅ អ្នក​នឹង​លាត​ដៃ​របស់អ្នក ហើយ​អ្នកផ្សេង​នឹង​ក្រវាត់​ឲ្យ​អ្នក រួច​នាំ​អ្នក​ទៅ​កន្លែងដែល​អ្នក​មិន​ចង់​ទៅ”។ 19ព្រះអង្គ​មានបន្ទូល​ដូច្នេះ គឺ​បញ្ជាក់​ថា​ពេត្រុស​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយ​ការស្លាប់​បែបណា​។ បន្ទាប់ពី​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​ចុះ​!”។
កំណែដំណឹងមិនពិត
20ពេត្រុស​ងាក​ទៅ ក៏​ឃើញ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​កំពុង​មកតាម គឺ​ម្នាក់​ដែល​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​អំឡុង​អាហារពេលល្ងាច ហើយ​ទូល​សួរថា​: “ព្រះអម្ចាស់​អើយ តើ​នរណា​ជា​អ្នក​ដែល​ក្បត់​ព្រះអង្គ​?”។ 21នៅពេល​ពេត្រុស​ឃើញ​អ្នកនោះ ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ ចុះ​អ្នកនោះ​ដូចម្ដេច​ដែរ​?”។
22ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រសិនបើ​ខ្ញុំ​ចង់ឲ្យ​អ្នកនោះ​នៅ​រហូតដល់​ពេល​ខ្ញុំ​មក តើ​ជា​អ្វី​នឹង​អ្នក​? ចូរ​អ្នក​មកតាម​ខ្ញុំ​ចុះ​!”។
23ដូច្នេះ ពាក្យ​នេះ​ក៏​ចេញទៅ​ក្នុងចំណោម​បងប្អូន​ថា​: “សិស្ស​ម្នាក់​នោះ​នឹង​មិន​ស្លាប់​ទេ”។ តាមពិត ព្រះយេស៊ូវ​មិន​បាន​មានបន្ទូល​នឹង​ពេត្រុស​ថា គាត់​នឹង​មិន​ស្លាប់​នោះ​ឡើយ គឺ​គ្រាន់តែថា​:“ប្រសិនបើ​ខ្ញុំ​ចង់ឲ្យ​អ្នកនោះ​នៅ​រហូតដល់​ពេល​ខ្ញុំ​មក តើ​ជា​អ្វី​នឹង​អ្នក​?”។
អវសានកថា
24គឺ​សិស្ស​ម្នាក់​នេះ​ហើយ ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ ព្រមទាំង​សរសេរ​សេចក្ដីទាំងនេះ ហើយ​យើង​ក៏​ដឹង​ថា ពាក្យបន្ទាល់​របស់​គាត់​គឺ​ពិត​។
25មាន​ការ​ជាច្រើន​ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ​។ ប្រសិនបើ​ឲ្យ​សរសេរ​ម្ដងមួយៗ ខ្ញុំ​គិតថា សូម្បីតែ​ពិភពលោក​ក៏គ្មាន​កន្លែង​ទុក​សៀវភៅ​ទាំងនោះ​ដែល​ត្រូវបាន​សរសេរ​ដែរ​៕​៚

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入