លោកុប្បត្តិ 2
2
1ដូច្នេះ ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅលើមេឃ ផែនដីក៏បានចប់សព្វគ្រប់។ 2នៅថ្ងៃទីប្រាំពីរ ព្រះទ្រង់បានបញ្ចប់កិច្ចការដែលព្រះអង្គបានធ្វើ ហើយព្រះអង្គក៏ឈប់សម្រាកពីគ្រប់ទាំងកិច្ចការទាំងនោះនៅថ្ងៃទីប្រាំពីរ។ 3ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។
4នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះបានបង្កើត។
ការបង្កើតមនុស្សប្រុស និងមនុស្សស្រី
នៅគ្រាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតផែនដី និងផ្ទៃមេឃ 5ផែនដីមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅទីវាលដែរ ព្រោះព្រះយេហូវ៉ាដ៏ជាព្រះមិនបានបង្អុរភ្លៀងមកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សណាភ្ជួររាស់ដីដែរ 6តែមានទឹកផុស ចេញពីដីមកស្រោចស្រពលើផែនដីទាំងមូល។ 7ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។ 8រួចព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលព្រះអង្គបានសូនឲ្យនៅទីនោះ។ 9ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើឲ្យដីដុះគ្រប់ដើមឈើទាំងអស់ ដែលគួរជាទីពេញចិត្ត ហើយសម្រាប់ជាអាហារផង ក៏មានដើមឈើជីវិត និងដើមឈើដឹងខុសត្រូវ នៅកណ្ដាលសួនច្បារនោះដែរ។
10មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនច្បារ ហើយហូរបែកពីទីនោះ ចេញទៅជាបួន។ 11ទន្លេទីមួយឈ្មោះ ពិសុន ជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស 12ហើយមាសដែលមកពីស្រុកនោះ មានគុណភាពល្អ មានទាំងជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ 13ទន្លេទីពីរឈ្មោះ គីហុន ជាទន្លេដែលហូរព័ទ្ធស្រុកគូសទាំងមូល។ 14ទន្លេទីបីឈ្មោះ ហ៊ីដេកែល ជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ។ ទន្លេទីបួនឈ្មោះ អ៊ើប្រាត។
15ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។ 16ព្រះយេហូវ៉ាដ៏ជាព្រះបង្គាប់មនុស្សថា៖ «អ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានដោយសេរី 17តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។
18ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «ដែលមនុស្សប្រុសនៅតែម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា»។ 19ព្រះយេហូវ៉ាដ៏ជាព្រះបានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វហើរទាំងប៉ុន្មាន រួចក៏យកមកឲ្យមនុស្ស ដើម្បីឲ្យដឹងថាគាត់ហៅដូចម្តេច ហើយសត្វទាំងអស់មានឈ្មោះតាមដែលមនុស្សបានដាក់ឲ្យ។ 20មនុស្សបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ និងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែសម្រាប់អ័ដាម មិនឃើញមានជំនួយណាសម្រាប់ឲ្យជួយគាត់សោះ។ 21ព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់ រួចព្រះអង្គយកឆ្អឹងជំនីររបស់គាត់មួយ ហើយភ្ជិតសាច់ទៅវិញ 22ហើយឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីបុរសមក ព្រះអង្គបានធ្វើឲ្យទៅជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។ 23បុរសនោះក៏ពោលឡើងថា៖
«នេះហើយជាឆ្អឹងដែលកើតចេញពីឆ្អឹងអញ
ហើយជាសាច់ដែលកើតចេញពីសាច់អញ
ត្រូវហៅនាងថា "ស្ត្រី "
ព្រោះបានយកចេញពីបុរស មក»។
24ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។ 25រីឯបុរស និងប្រពន្ធរបស់គាត់នៅខ្លួនទទេ ឥតអៀនខ្មាសឡើយ។
Iliyochaguliwa sasa
លោកុប្បត្តិ 2: គកស១៦
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
© 2016 United Bible Societies