Chapa ya Youversion
Ikoni ya Utafutaji

លោកុ‌ប្បត្តិ 3

3
អំពើ​បាប​ពី​ដំបូង និង​ការ​ដាក់​ទោស
1ឯ​ពស់​ជា​សត្វ​មួយ​ដែល​មាន​កល‌ល្បិច​លើស​ជាងអស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "អ្នក​មិនត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​សួន‌ច្បារ"មែន​ឬ?» 2ស្ត្រីពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ឡាយ​នៅ​ក្នុង​សួន‌ច្បារ​បាន 3តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​មួយ​ដែល​នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ឡើយ ហើយ​ក៏​កុំ​ប៉ះ​ពាល់​ដែរ ក្រែង‌លោ​ស្លាប់"»។ 4ប៉ុន្ដែ ពស់​និយាយ​ទៅ​កាន់​ស្ត្រី​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ជា​ពិត​ទេ 5ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា ពេល​ណា​អ្នក​បរិ‌ភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ ព្រម​ទាំង​ដឹង​ខុស​ត្រូវ​ផង»។ 6ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។ 7ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ខ្ទាស់ ធ្វើ​ជា​ប៉ឹង​បិទ​បាំង​កាយ។
8ពួក‌គេ​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​យាង​នៅ​ក្នុង​សួន‌ច្បារ នៅ​ពេល​ថ្ងៃ​ល្ហើយ នោះបុរស និង​ប្រពន្ធ​គាត់ ក៏​ពួន​ពី​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ។ 9ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ហៅ​បុរស​នោះ ដោយមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ឯណា?» 10គាត់​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​ក្នុង​សួន‌ច្បារ ទូល‌បង្គំ​ភ័យ​ខ្លាច ព្រោះ​ទូល‌បង្គំ​នៅ​ខ្លួន​ទទេ ហើយ​ទូល‌បង្គំ​ក៏​ពួន»។ 11ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បាន​បរិ‌ភោគ​ផ្លែ​ឈើ​ដែល​យើង​បាន​ហាមមិន​ឲ្យ​បរិភោគ​នោះ​ឬ?»។ 12បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យ​នៅ​ជា‌មួយ​ទូល‌បង្គំ នាង​បាន​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល‌បង្គំ ទូល‌បង្គំ​ក៏​ទទួល​ទាន​ទៅ»។ 13ពេលនោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​បាន​ជា​នាង​ធ្វើ​ដូច្នេះ?»។ ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ទៅ»។ 14ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពស់​ថា៖
«ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ
ក្នុង​ចំណោម​សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់
ឯង​ជា​សត្វ​ត្រូវ​បណ្ដា‌សា​ហើយ
គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ
ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​មួយ​ជីវិត។
15យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី
ព្រម​ទាំង​ពូជ​ឯង និង​ពូជ​នាង
ក្លាយ​ជា​សត្រូវ​នឹង​គ្នា
ពូជ​នាង​នឹង​កិន​ក្បាល​ឯង
ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។
16ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​ថា៖
«យើង​នឹង​ធ្វើ​ឲ្យ​នាង
មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន
នៅ​ពេល​មាន​ផ្ទៃ​ពោះ
នាង​នឹង​សម្រាល​កូន​ទាំង​ឈឺចុក​ចាប់
ចិត្ត​នាង​នឹង​ប្រាថ្នា​ចង់​បាន​ប្តី
ហើយ​ប្តី​នឹង​ត្រួត‌ត្រា​លើ​នាង»។
17ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ដាម​ថា៖
«ដោយ​ព្រោះ​អ្នក​បាន​ស្តាប់​តាម​ពាក្យ
ប្រពន្ធ​របស់​អ្នក
ហើយ​បរិ‌ភោគ​ផ្លែ​ឈើ
ដែល​យើង​បាន​ហាម​អ្នក​ថា
"មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​នោះ​ឡើយ"
នោះ​ដី​នឹង​ត្រូវ​បណ្ដា‌សា​ដោយ​សារ​អ្នក
អ្នក​នឹង​រកស៊ី​ពី​ដី​ដោយ​នឿយ‌ហត់
អស់​មួយ​ជីវិត។
18ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ​ឲ្យ​អ្នក
ហើយ​អ្នក​នឹង​បរិ‌ភោគ​តិណ‌ជាតិ​ទាំង​ឡាយ
ដែល​ដុះ​នៅ​តាម​ទី​វាល។
19អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស
រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ
ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក
អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់
ទៅ​ជា​ធូលី​ដី​វិញ»។
20អ័ដាម​បាន​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​គាត់​ថា "អេវ៉ា" ព្រោះ​នាង​ជា​ម្តាយ​នៃ​ជីវិត​មនុស្ស​ទាំង​អស់។ 21ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​អាវ​ពី​ស្បែក​សត្វ​ឲ្យ​អ័ដាម និង​ប្រពន្ធ​គាត់ ដើម្បី​បិទ​បាំង​កាយ។
22ពេល​នោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ មនុស្ស​បាន​ត្រឡប់​ជា​ម្នាក់​ដូច​យើង​ដែរ ទាំង​ដឹង​ខុស​ត្រូវ​ផង ហើយ​ឥឡូវ​នេះ គេ​អាច​លូក​ដៃ​ទៅ​បេះ​ផ្លែ​ពី​ដើម​ឈើ​ជីវិត​បរិ‌ភោគ​បាន​ទៀត​ផង ហើយ​រស់​ជា​រៀង​រហូត»។ 23ដូច្នេះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ក៏​បណ្តេញ​គេ​ចេញ​ពី​សួន‌ច្បារ​អេដែន ឲ្យ​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ព្រះ‌អង្គ​បាន​យក​គេ​ចេញ​មក​នោះ។ 24ព្រះ‌អង្គ​បាន​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូ‌ប៊ីម​នៅ​ខាង​កើត​សួន‌ច្បារ​អេដែន និង​ដាវ​ជា​អណ្ដាត​ភ្លើង រេបែរ​ទៅ​គ្រប់​ទិស ដើម្បី​ការ​ពារ​ផ្លូវ​ទៅ​ឯ​ដើម​ឈើ​ជីវិត។

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia