លោកុប្បត្តិ 8
8
លោកណូអេចេញពីទូកធំ
1ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។ 2ប្រភពទឹកដែលផុសចេញពីទីជម្រៅ និងទ្វារមេឃ បិទជិតវិញ ហើយភ្លៀងក៏ឈប់ធ្លាក់ដែរ។ 3ទឹកបានស្រកចុះពីផែនដីបន្តិចម្ដងៗ កម្ពស់ទឹកចាប់ផ្ដើមថយចុះ នៅថ្ងៃទីមួយរយហាសិប។
4នៅថ្ងៃទីដប់ប្រាំពីរនៃខែទីប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ 5រីឯទឹកក៏កាន់តែស្រកទៅៗរហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។
6សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកធំដែលលោកបានធ្វើ 7ហើយលោកបានលែងសត្វក្អែកមួយ សត្វនោះក៏ហើរទៅហើរមក រហូតទាល់តែដីគោកលេចឡើង។ 8បន្ទាប់មក លោកបានលែងសត្វព្រាបមួយ ព្រោះចង់ដឹងថា ទឹកបានស្រកចុះឬយ៉ាងណា។ 9ប៉ុន្តែ ព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកលោកក្នុងទូកធំវិញ ដ្បិតទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ លោកក៏លាតដៃទទួលព្រាបនោះ ចូលមកក្នុងទូកធំជាមួយលោកវិញ។ 10លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកធំទៅសាជាថ្មី។ 11នៅពេលល្ងាចព្រាបបានវិលមករកលោកវិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ លោកណូអេដឹងថា ទឹកបានស្រកពីផែនដីហើយ។ 12លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបមិនបានវិលត្រឡប់មករកលោកវិញទេ។ 13នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។ 14នៅថ្ងៃទីម្ភៃប្រាំពីរនៃខែទីពីរ ផែនដីបានរីងស្ងួតអស់។
15ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកណូអេថា៖ 16«ចូរចេញពីទូកធំនេះទៅ គឺចេញទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។ 17ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។ 18លោកណូអេក៏ចេញពីទូកធំ រីឯកូនប្រុស ភរិយា និងកូនប្រសាស្រីរបស់លោកក៏ចេញមកដែរ។ 19សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាន នាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។
20លោកណូអេបានសង់អាសនៈ*មួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ លោកបានយកសត្វខ្លះពីក្នុងចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបបរិសុទ្ធគ្រប់ប្រភេទ មកដុតទាំងមូលថ្វាយជាយញ្ញបូជានៅលើអាសនៈ។ 21ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលម្អៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។ 22ដរាបណាមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្ដៅ មានរដូវក្ដៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។
Aktualisht i përzgjedhur:
លោកុប្បត្តិ 8: គខប
Thekso
Ndaje
Copy
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
Khmer Standard Version © 2005 United Bible Societies.