លោកុប្បត្តិ 9
9
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយលោកណូអេ
1 ព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ ព្រមទាំងកូនប្រុសទាំងបីនាក់របស់លោក ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនពាសពេញផែនដីទៅ! 2សត្វចតុប្បាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាននឹងភ័យខ្លាចអ្នករាល់គ្នា។ យើងឲ្យអ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។ 3សត្វទាំងប៉ុន្មានដែលលូនវារ ហើយមានជីវិត នឹងបានទៅជាអាហារសម្រាប់អ្នករាល់គ្នា គឺយើងឲ្យអ្វីៗមកអ្នករាល់គ្នា ដូចយើងបានឲ្យធញ្ញជាតិដល់អ្នករាល់គ្នាដែរ។ 4 ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។ 5ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាមដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
6 អ្នកណាបង្ហូរឈាមមនុស្ស
អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញ
មិនខាន។
ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សលោកមកជាតំណាងរបស់ព្រះអង្គ។ 7 ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយឲ្យមានពាសពេញលើផែនដីចុះ»។
8ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេ និងកូនប្រុសទាំងបីរបស់លោកទៀតថា៖ 9«យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ 10ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។ 11យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។ 12ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ 13គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។ 14ពេលណាយើងប្រមូលពពកឲ្យមូលផ្ដុំគ្នាពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។ 15ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។ 16ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។ 17ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ឥន្ទធនូនេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។
មនុស្សលោកពីជំនាន់លោកណូអេ រហូតដល់ជំនាន់លោកអប្រាហាំ
លោកណូអេ និងកូនប្រុសទាំងបីរបស់លោក
18កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះ ឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។ 19កូនប្រុសទាំងបីរបស់លោកណូអេបានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។
20លោកណូអេបានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។ 21លោកបានពិសាស្រាទំពាំងបាយជូរ ហើយស្រវឹង របូតខោអាវនៅក្នុងជំរំរបស់លោក។ 22លោកហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។ 23ពេលនោះ លោកសិម និងលោកយ៉ាផេត បានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេឡើយ។ 24ពេលលោកណូអេស្វាងស្រា ហើយដឹងអំពីហេតុការណ៍ដែលកូនពៅរបស់លោកធ្វើ 25លោកក៏ពោលថា៖
«កាណានត្រូវបណ្ដាសាហើយ!
សូមឲ្យបងប្អូនរបស់វាប្រើវា
ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។
26លោកពោលទៀតថា៖
«សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់សិម
សូមឲ្យកាណានបានទៅជា
ទាសកររបស់សិមចុះ!
27សូមព្រះជាម្ចាស់ប្រទានឲ្យយ៉ាផេត
មានចិត្តទូលំទូលាយ ឲ្យគេបានស្នាក់នៅ
ក្នុងជំរំរបស់សិម ហើយឲ្យកាណាន
បានទៅជាទាសកររបស់អ្នកទាំងពីរ»។
28ក្រោយទឹកជំនន់ធំ លោកណូអេរស់បានបីរយហាសិបឆ្នាំទៀត។ 29លោករស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មក លោកក៏ទទួលមរណភាព។
Aktualisht i përzgjedhur:
លោកុប្បត្តិ 9: គខប
Thekso
Ndaje
Copy
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
Khmer Standard Version © 2005 United Bible Societies.