លោកុ‌ប្បត្តិ ពាក្យ​លំនាំ

ពាក្យ​លំនាំ
កណ្ឌ​គម្ពីរ​លោកុប្បត្តិ រៀប‌រាប់​អំពី​ដើម​កំណើត​ពិភព​លោក ដើម​កំណើត​មនុស្ស​ជាតិ និង​ដើម​កំណើត​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ។ ក្នុង​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ គេ​យក​ពាក្យ​ខាង​ដើម​ដំបូង​ធ្វើ​ជា​ចំណង‌ជើង​របស់​កណ្ឌ​គម្ពីរ​នេះ គឺ «កាល​ដើម​ដំបូង»។ យើង​អាច​ចែក​កណ្ឌ​គម្ពីរ​នេះ​ជា​ពីរ​ផ្នែក​គឺ៖
១-១១ កំណើត​ពិភព​លោក កំណើត​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មនុស្ស​ផ្តាច់​ចំណង​មេត្រី​ជា‌មួយ​ព្រះ លោក​កាអ៊ីន និង​លោក​អេបិល លោក​ណូអេ និង​ទឹក​ជំនន់​ធំ ប៉ម​នៅ​បាបិល។ គ្មាន​អ្នក​ណា​អាច​បញ្ជាក់​អំពី​ពេល​វេលា​នៃ​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នោះ​បាន​ទេ ប៉ុន្តែ ព្រឹត្តិ‌ការណ៍​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​យល់​បញ្ហា​ជីវិត​ដែល​យើង​ជួប‌ប្រទះ​រាល់​ថ្ងៃ ដូច​ជា តើ​ជីវិត​មាន​អត្ថន័យ​ដូច​ម្តេច? តើ​មនុស្ស​យើង​មាន​តួ​នាទី​អ្វី​ក្នុង​លោក​នេះ? ហេតុ​អ្វី​បាន​ជា​ទំនាក់‌ទំនង​រវាង​មនុស្ស​នឹង​មនុស្ស​ពិបាក​យ៉ាង​នេះ?។ល។
១២-៥០ ក្នុង​ផ្នែក​នេះ មាន​រៀប‌រាប់​អំពី​របៀប​ដែល​ព្រះ​ចាប់​ផ្តើម​សង្គ្រោះ​មនុស្ស​ជាតិ គឺ​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​បុព្វ‌បុរស​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ស្គាល់ និង​គោរព​បម្រើ​ព្រះ‌អង្គ
- លោក​អ័ប្រា‌ហាំ (១២.១-២៥.១៨) ដែល​ជា​គំរូ​របស់​អ្នក​ជឿ និង​ការ​ស្តាប់​បង្គាប់​ព្រះ។
- លោក​អ៊ីសាក​ជា​កូន​របស់​លោក​អ័ប្រា‌ហាំ
- លោក​យ៉ាកុប​ជា​ចៅ​របស់​លោក​អ័ប្រា‌ហាំ (២៥.១៩-៣៧.១) ដែល​ទទួល​នាម​ថា «អ៊ីស្រា‌អែល»។ លោក​មាន​កូន​ប្រុស​ដប់ពីរ​នាក់ ដែល​ជា​កំណើត​កុល‌សម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។
- លោក​យ៉ូសែប (៣៧.២-៥០.២៦) ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​ដប់ពីរ​របស់​លោក​យ៉ាកុប។
កណ្ឌ​គម្ពីរ "លោកុប្បត្តិ" ណែ‌នាំ​អ្នក​អាន​ឲ្យ​ស្គាល់​ស្នា‌ព្រះ‌ហស្ត​របស់​ព្រះ គឺ​មុន‌ដំបូង​បង្អស់ ព្រះ‌អង្គ​បាន​បង្កើត​ពិភព​លោក និង​ប្រទាន​ឲ្យ​អ្វីៗ​សព្វ​សារពើ​ក្នុង​ពិភព​លោក​នេះ មាន​តម្លៃ​ដ៏​វិសេស ហើយ​ពិភព​លោក​ទាំង​មូល​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។ ប៉ុន្តែ មនុស្ស​លោក​បាន​ផ្តាច់​ចំណង​សម្ពន្ធ‌មេត្រី​ពី​ព្រះ ដែល​ធ្វើ​ឲ្យ​អំពើ​បាប​ចូល​មក​រាត‌ត្បាត​ពិភព​លោក។ ព្រះ​បាន​ជ្រើស‌រើស​ជន​ជាតិ​អ៊ីស្រា‌អែល ដើម្បី​រៀបចំ​គម្រោង​ការ​សង្គ្រោះ​ពិភព​លោក។

Выделить

Поделиться

Копировать

None

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь