លោកុ‌ប្បត្តិ 4

4
កាអ៊ីន​ធ្វើ​ឃាត​អេបិល
1អ័ដាម​បាន​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​កូន ប្រុស​ម្នាក់ ដោយ​សារ​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន»។ 2គាត់​ក៏​បង្កើត​បាន​អេបិល​ជា​ប្អូន​ទៀត ហើយ​អេបិល​ជា​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ 3លុះ​ដល់​រដូវ​ប្រមូល​ផល កាអ៊ីន​បាន​យក​ភោគ‌ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា 4ហើយ​អេបិល​ក៏​យក​កូន​ដំបូង​មួយ​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​របស់​វា​ដែរ។ ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ 5តែ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ ដូច្នេះ កាអ៊ីន​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ឡើង​ទឹក​មុខ​ក្រញូវ។ 6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ខឹង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ? 7ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​ល្អ តើនឹង​មិន​បាន​រីក‌រាយ​ទេ​ឬ? ហើយ​បើ​អ្នក​ប្រព្រឹត្ត​មិន​ល្អ​ទេ បាប​កំពុង​តែ​ក្រាប​នៅ​មាត់​ទ្វារ​ស្រាប់ ហើយ​វា​ប្រាថ្នា​ចង់​បាន​អ្នក តែ​អ្នក​ត្រូវ​តែ​មាន​អំណាច​លើ​វា​វិញ»។
8កាអ៊ីន​បាន​បបួល​អេបិល​ជា​ប្អូន​ថា៖ «តោះ​យើង ចេញ​ទៅ​ឯ​ចម្ការ» ហើយ​កាល​គេ​នៅ​ឯ​ចម្ការ កាអ៊ីន​ក៏​ស្ទុះ​ទៅ​សម្លាប់​អេបិល​ជា​ប្អូន ឲ្យ​ស្លាប់​ទៅ។ 9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «តើ​អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ថា៖ «ទូល‌បង្គំ​មិន​ដឹង​ទេ តើ​ទូល‌បង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​ឬ?» 10ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? សូរ​សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី ឡើង​មក​ដល់​យើង។ 11ឥឡូវ​នេះ អ្នក​ត្រូវ​បាន​ដី​ដាក់​បណ្ដា‌សា​ហើយ ដោយ​សារ​ដី​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក​ពី​ដៃ​របស់​អ្នក។ 12ពេល​ណា​អ្នក​ធ្វើ​ស្រែ​ចម្ការ ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ពេញ​កម្លាំង​ទៀត​ទេ អ្នក​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែន‌ដី»។ 13កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទោស​របស់​ទូល‌បង្គំ​ធ្ងន់​ពេក​ណាស់ ទូល‌បង្គំ​ទ្រាំ‌ទ្រ​មិន​បាន​ទេ។ 14មើល៍ ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពីដី​នេះ​ហើយ ឯ​ទូល‌បង្គំ​ក៏​ត្រូវ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​របស់​ព្រះ‌អង្គ​ទៀត ទូល‌បង្គំ​នឹង​ត្រូវ​សាត់‌ព្រាត់ អណ្ដែត​ទៅ​មក​លើ​ផែន‌ដី អ្នក​ណា​ដែល​ជួប​ទូល‌បង្គំ គេ​មុខជា​សម្លាប់​ទូល‌បង្គំ​ជា​មិន​ខាន»។ 15ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មិន​ដូច្នោះ​ទេ! បើ​អ្នក​ណា​សម្លាប់​អ្នក គេនឹង​សង​សឹក​អ្នក​នោះ​មួយ​ជា​ប្រាំពីរ»។ ព្រះ‌យេហូវ៉ា​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​បាន​ជួប​គាត់ បាន​សម្លាប់​គាត់​ឡើយ។ 16បន្ទាប់​មក កាអ៊ីន​ក៏​ចេញ​ពី​ព្រះ‌យេហូវ៉ា ទៅ​នៅ​ស្រុក​ណូឌ ខាង​កើត​ស្រុក​អេដែន។
ពូជ‌ពង្ស​របស់​លោក​កាអ៊ីន
17កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​របស់​គាត់ ហើយ​នាង​ក៏​មាន​ទម្ងន់​បង្កើត​បាន​អេណុក។ កាអ៊ីន​បាន​សង់​ក្រុង​មួយ រួច​ដាក់​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក កូន​របស់​គាត់។ 18អេណុក​បង្កើត​បាន​អ៊ីរ៉ាឌ អ៊ីរ៉ាឌ​បង្កើត​មហ៊ូ‌យ៉ែល មហ៊ូ‌យ៉ែល​បង្កើត​មទូសែល ហើយ​មទូសែល​បង្កើត​ឡាមេក។ 19ឡាមេក​មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ​នាង​អ័ដា មួយ​ទៀត​ឈ្មោះ​នាង​ស៊ីឡា។ 20នាង​អ័ដា​បង្កើត​បាន​យ៉ាបាល ដែល​ជា​បុព្វ‌បុរស​របស់​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ជំរំ ហើយ​មាន​ហ្វូង​សត្វ។ 21ប្អូន​របស់​គាត់​ឈ្មោះ​យូបាល គាត់​ជាឪពុក​របស់​ពួក​អ្នក​លេង​ពិន និង​ប៉ី។ 22រី​ឯ​នាង​ស៊ីឡា​បង្កើត​បាន​ទូបាល-កាអ៊ីន ជា​មេ​បង្រៀន​ពួក​ជាង​លង្ហិន និង​ជាង​ដែកគ្រប់​ប្រភេទ។ ប្អូន​ស្រី​របស់​ទូបាល-កាអ៊ីន​ឈ្មោះ​នាង​ណាអា‌ម៉ា។
23ឡាមេក​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖
«ម្នាល​អ័ដា និង​ស៊ី‌ឡា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ
ឱ​នាង​ជា​ប្រពន្ធ​របស់​ឡាមេក​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ
ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់
ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស
គឺ​កំលោះ​ម្នាក់
ដែល​បាន​វាយ​ខ្ញុំ​ឲ្យ​មាន​ស្នាម​ជាំ។
24ប្រសិន‌បើ​ត្រូវ​សង​សឹក​ជួស​កាអ៊ីន​មួយ​ជា​ប្រាំពីរ
នោះ​ត្រូវ​សង​សឹក​ជួស​ឡាមែក
មួយ​ជា​ចិត​សិប​ប្រាំពីរ​ដង​វិញ»។
25អ័ដាម​បាន​ស្គាល់​ប្រពន្ធ​របស់​គាត់​ម្តង​ទៀត ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សេត ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​ពូជ មួយ​ទៀត​មក​ខ្ញុំ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់​ទៅ​នោះ»។ 26សេត​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​គាត់​បាន​ដាក់​ឈ្មោះ​ថា អេណុស។ នៅ​គ្រា​នោះ មនុស្ស​បាន​ចាប់​ផ្តើម​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

Выделить

Поделиться

Копировать

None

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь

Видео по теме លោកុ‌ប្បត្តិ 4