កំណើតពិភពលោក 16
16
កំណើតណាពីអ៊ីស្មាអែល
1សារ៉ាយ ជាភរិយារបស់អ៊ីប្រាំ ពុំបានបង្កើតកូនជូនប្ដីទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះហាជើរ។ 2សារ៉ាយជម្រាបអ៊ីប្រាំថា៖ «ដោយអុលឡោះតាអាឡាមិនប្រទានឲ្យខ្ញុំមានកូនដូច្នេះ សូមបងទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំ នឹងបានកូនប្រុសមួយតាមរយៈនាង»។ អ៊ីប្រាំក៏ស្តាប់តាមពាក្យសំដីរបស់សារ៉ាយ។ 3ពេលសារ៉ាយជាភរិយា យកហាជើរជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យអ៊ីប្រាំជាស្វាមី ធ្វើជាប្រពន្ធ អ៊ីប្រាំរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។ 4អ៊ីប្រាំបានយកហាជើរ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថា ខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយចៅហ្វាយស្រីរបស់ខ្លួន។ 5សារ៉ាយពោលទៅកាន់អ៊ីប្រាំថា៖ «ព្រោះតែបងហ្នឹងហើយ បានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់បង។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមអុលឡោះតាអាឡាធ្វើជាចៅក្រមរវាងបង និងខ្ញុំចុះ!»។ 6អ៊ីប្រាំតបទៅសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។ សារ៉ាយក៏ធ្វើបាបហាជើរ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។
7ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ 8ម៉ាឡាអ៊ីកាត់នោះពោលថា៖ «ហាជើរ ជាស្រីបម្រើរបស់សារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីសារ៉ាយ ជាចៅហ្វាយរបស់នាងខ្ញុំ»។ 9ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះចៅហ្វាយរបស់នាងវិញ ហើយស្តាប់បង្គាប់គាត់ទៅ»។ 10ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាង កើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជពង្សរបស់នាងនឹងមានច្រើនឥតគណនា»។ 11ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។
នាងនឹងសំរាលបានកូនប្រុសមួយ
នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល
ដ្បិតអុលឡោះតាអាឡាបានឮសំរែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។
12កូននេះប្រៀបបានទៅនឹងលាព្រៃ
វានឹងវាយមនុស្សទាំងអស់
ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។
វានឹងរស់នៅដាច់ដោយឡែកពី
បងប្អូនរបស់វា»។
13ហាជើរបានដាក់ឈ្មោះអុលឡោះតាអាឡាដែលមានបន្ទូលមកនាងថា “អែលរ៉ូអ៊ី” ដ្បិតនាងពោលថា «អុលឡោះឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញទ្រង់»។ 14ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្តូងទឹកនោះថា “អណ្តូងឡាហាយរយ”។ អណ្តូងនោះស្ថិតនៅចន្លោះភូមិកាដែស និងភូមិបារ៉ែដ។
15ហាជើរសំរាលបានកូនប្រុសមួយជូនអ៊ីប្រាំ ហើយអ៊ីប្រាំដាក់ឈ្មោះកូនដែលហាជើរបានបង្កើតជូនគាត់នោះថា “អ៊ីស្មាអែល”។ 16នៅពេលដែលហាជើរបង្កើតអ៊ីស្មាអែលជូនគាត់នោះ អ៊ីប្រាំមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
Выбрано:
កំណើតពិភពលោក 16: អគត
Выделить
Поделиться
Копировать

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь
© 2014 United Bible Societies, UK.