យ៉ូហាន 7
7
បងប្អូនរបស់ព្រះយេស៊ូវមិនជឿដល់ព្រះអង្គ
1ក្រោយនោះមក ព្រះយេស៊ូវយាងចុះឡើងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយាងទៅស្រុកយូដាទេ ព្រោះសាសន៍យូដារកសម្លាប់ព្រះអង្គ។ 2ថ្ងៃបុណ្យបារាំរបស់សាសន៍យូដាជិតដល់ហើយ 3ដូច្នេះ ប្អូនៗរបស់ព្រះអង្គទូលថា៖ «សូមបងចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញអ្វីដែលបងធ្វើ។ 4គ្មានអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន ហើយធ្វើការដោយលាក់កំបាំងនោះទេ បើបងធ្វើការទាំងនេះ សូមបងបង្ហាញខ្លួនឲ្យមនុស្សលោកស្គាល់ផង»។ 5(ដ្បិតសូម្បីតែបងប្អូនរបស់ព្រះអង្គ ក៏មិនបានជឿដល់ព្រះអង្គដែរ)។ 6ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់នៅឡើយទេ តែពេលវេលារបស់ប្អូន នោះមានជានិច្ច។ 7មនុស្សលោកមិនអាចស្អប់ប្អូនៗបានទេ តែគេស្អប់បងវិញ ព្រោះបងធ្វើបន្ទាល់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ 8ចូរប្អូនៗឡើងទៅបុណ្យនោះចុះ បងមិនទាន់ទៅទេ ព្រោះមិនទាន់ដល់ពេលនៅឡើយ»។ 9កាលព្រះអង្គមានព្រះបន្ទូលដូច្នេះរួចហើយ ព្រះអង្គក៏គង់នៅស្រុកកាលីឡេតទៅទៀត។
ព្រះយេស៊ូវនៅក្នុងពិធីបុណ្យបារាំ
10ប៉ុន្តែ កាលប្អូនៗរបស់ព្រះអង្គឡើងទៅចូលរួមពិធីបុណ្យផុតហើយ ព្រះអង្គក៏យាងទៅដែរ តែមិនឲ្យអ្នកណាដឹងទេ គឺទៅដោយសម្ងាត់វិញ។ 11ក្នុងពិធីបុណ្យនោះ ពួកសាសន៍យូដាសួររកព្រះអង្គថា «តើលោកនៅឯណា?» 12បណ្តាជនជាច្រើនក៏ខ្សឹបខ្សៀវពីព្រះអង្គ ខ្លះថា «លោកជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ!»។ 13ប៉ុន្តែ គ្មានអ្នកណាហ៊ាននិយាយពីព្រះអង្គ ដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។
14នៅពាក់កណ្តាលពេលបុណ្យនោះ ព្រះយេស៊ូវយាងឡើងទៅក្នុងព្រះវិហារ ហើយចាប់ផ្តើមបង្រៀន។ 15ពួកសាសន៍យូដានឹកឆ្ងល់ថា៖ «តើអ្នកនេះចេះគម្ពីរមកពីណា បើគាត់មិនដែលរៀនសោះ?» 16ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅពួកគេថា៖ «សេចក្តីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក។ 17បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ នឹងដឹងថាសេចក្តីបង្រៀននេះមកពីព្រះ ឬមកពីខ្លួនខ្ញុំផ្ទាល់។ 18អ្នកណានិយាយដោយអាងខ្លួនឯង អ្នកនោះចង់តែលើកតម្កើងខ្លួនឯង តែអ្នកដែលចង់លើកតម្កើងព្រះ ដែលចាត់ឲ្យខ្លួនមក អ្នកនោះពិតត្រង់ ហើយគ្មានសេចក្ដីភូតភរណានៅក្នុងខ្លួនឡើយ។
19តើលោកម៉ូសេមិនបានឲ្យក្រឹត្យវិន័យមកអ្នករាល់គ្នាទេឬ? ប៉ុន្តែ ក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ហេតុអី្វបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?» 20បណ្តាជនក៏ឆ្លើយឡើងថា៖ «អ្នកមានអារក្សចូលហើយ តើអ្នកណារកសម្លាប់អ្នក?» 21ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើការមួយ ហើយអ្នកទាំងអស់គ្នាបែរជាឆ្ងល់ទៅវិញ។ 22លោកម៉ូសេបង្គាប់ឲ្យអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក (តាមពិត ពិធីកាត់ស្បែកមិនមែនមកពីលោកម៉ូសេទេ គឺមកពីបុព្វបុរសវិញ) ហើយអ្នកក៏កាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ។ 23បើមនុស្សទទួលកាត់ស្បែកនៅថ្ងៃសប្ប័ទ មិនខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ ម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ព្រោះតែខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ? 24កុំជំនុំជម្រះតាមការមើលឃើញខាងក្រៅឡើយ ត្រូវជំនុំជម្រះតាមសេចក្តីសុចរិតវិញ»។
តើអ្នកនេះជាព្រះគ្រីស្ទមែនឬ?
25មានពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមែនទេ ដែលគេរកសម្លាប់នោះ? 26មើល៍! លោកនិយាយដោយចំហ តែគ្មានអ្នកណាថាអ្វីសោះ តើពួកនាម៉ឺនពិតជាយល់ថា អ្នកនេះជាព្រះគ្រីស្ទមែនឬ? 27យើងដឹងថាអ្នកនេះមកពីណាហើយ តែកាលណាព្រះគ្រីស្ទយាងមក នោះគ្មានអ្នកណាដឹងថាមកពីណាទេ»។ 28ដូច្នេះ កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «តើអ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាឬទេ? ខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ព្រះដែលចាត់ខ្ញុំមក ទ្រង់ពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ 29ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។ 30ដូច្នេះគេរកចាប់ព្រះអង្គ ប៉ុន្តែ គ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ 31ក្នុងចំណោមបណ្តាជន មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ ហើយគេនិយាយថា៖ «កាលណាព្រះគ្រីស្ទយាងមក តើព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬ?»
គេចាត់កងរក្សាព្រះវិហារឲ្យមកចាប់ព្រះយេស៊ូវ
32ពួកផារិស៊ីបានឮគេខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ ហើយពួកសង្គ្រាជ និងពួកផារិស៊ីក៏ចាត់កងរក្សាព្រះវិហារឲ្យទៅចាប់ព្រះអង្គ។ 33ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងត្រឡប់ទៅឯព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកនោះវិញហើយ។ 34អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ 35ពួកសាសន៍យូដានិយាយគ្នាគេថា៖ «តើអ្នកនេះគិតទៅណា បានជាយើងរកមិនឃើញ? តើគិតទៅរកពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រិក ដើម្បីបង្រៀនដល់សាសន៍នោះឬ? 36តើមានន័យដូចម្ដេច ដែលគាត់និយាយថា "អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញ" ហើយថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបាន" នោះ?»
ទន្លេទឹករស់
37នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃដ៏អស្ចារ្យ ព្រះយេស៊ូវឈរបន្លឺព្រះសូរសៀងឡើងថា៖ «បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមករកខ្ញុំ ហើយផឹកចុះ 38អ្នកណាដែលជឿដល់ខ្ញុំ បទគម្ពីរចែងថា "នឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក"»។ 39គឺព្រះអង្គមានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ព្រះអង្គនឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានតម្កើងឡើង នៅឡើយ។
ប្រជាជនខ្វែងគំនិតគ្នាដោយព្រោះព្រះយេស៊ូវ
40ពេលពួកគេបានឮ មានមនុស្សជាច្រើននិយាយថា៖ «លោកនេះ ពិតជាហោរានោះហើយ»។ 41អ្នកខ្លះទៀតថា៖ «នេះជាព្រះគ្រីស្ទហើយ» តែខ្លះទៀតសួរថា៖ «តើព្រះគ្រីស្ទត្រូវយាងមកពីស្រុកកាលីឡេឬ? 42តើគម្ពីរមិនបានចែងថា ព្រះគ្រីស្ទត្រូវកើតពីរាជវង្សព្រះបាទដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលព្រះបាទដាវីឌបានគង់នៅទេឬ?» 43ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះព្រះអង្គ។ 44មានអ្នកខ្លះចង់ចាប់ព្រះអង្គ តែគ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គឡើយ។
ពួកអាជ្ញាធរមិនជឿដល់ព្រះអង្គ
45កងរក្សាព្រះវិហារក៏ត្រឡប់ទៅរកពួកសង្គ្រាជ និងពួកផារិស៊ីវិញ លោកទាំងនោះសួរថា៖ «ហេតុអ្វីបានជាមិនចាប់អ្នកនោះមក?» 46ពួកកងរក្សាព្រះវិហារឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ 47ដូច្នេះ ពួកផារិស៊ីតបទៅវិញថា៖ «អ្នករាល់គ្នាក៏ចាញ់បោកអ្នកនោះដែរឬ? 48តើមានអ្នកណាម្នាក់ក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ជឿដល់អ្នកនោះឬទេ? 49បណ្តាជនទាំងនេះ មិនស្គាល់ក្រឹត្យវិន័យសោះ ដូច្នេះ គេនឹងត្រូវបណ្តាសាហើយ»។ 50លោកនីកូដេមទៅរកព្រះយេស៊ូវទាំងយប់ ដែលជាពួកផារិស៊ីដែរ មានប្រសាសន៍ទៅគេថា៖ 51«តើក្រឹត្យវិន័យរបស់យើង កាត់ទោសមនុស្សមុនពេលឮចម្លើយពីអ្នកនោះ ហើយមិនបានដឹងពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាយ៉ាងណាសិនទេឬ?» 52គេឆ្លើយតបថា៖ «តើលោកមកពីស្រុកកាលីឡេដែរឬ? ចូរពិចារណាមើលចុះ មិនដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ»។ 53បន្ទាប់មក គេក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន។
Voafantina amin'izao fotoana izao:
យ៉ូហាន 7: គកស១៦
Asongadina
Hizara
Dika mitovy
Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies