Luke 23
23
1 រួចអ្នកនៅក្នុងអង្គប្រជុំទាំងមូលក៏ក្រោកឡើងនាំព្រះអង្គទៅជួបលោកពីឡាត់
2 ពួកគេក៏ចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ «យើងបានឃើញអ្នកនេះកំពុងនាំជនជាតិរបស់យើងបះបោរ និងហាមការបង់ពន្ធដារឲ្យព្រះចៅអធិរាជ ព្រមទាំងហៅខ្លួនឯងថាជាព្រះគ្រិស្ដ គឺជាស្ដេច»។
3 លោកពីឡាត់ក៏សួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកនិយាយត្រូវហើយ»
4 លោកពីឡាត់ក៏និយាយទៅពួកសម្ដេចសង្ឃ និងបណ្ដាជនថា៖ «ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ»
5 ប៉ុន្ដែពួកគេនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ទាំងបង្រៀនពាសពេញស្រុកយូដាទាំងមូល គឺចាប់ពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។
6 ពេលលោកពីឡាត់ឮដូច្នេះ ក៏សាកសួរថា បុរសម្នាក់នេះជាអ្នកស្រុកកាលីឡេមែនដែរឬអត់
7 កាលដឹងថា ព្រះអង្គស្ថិតក្នុងសិទ្ធិអំណាចរបស់ស្ដេចហេរ៉ូឌ លោកពីឡាត់ក៏បញ្ជូនព្រះអង្គទៅឯស្ដេចហេរ៉ូឌ ដ្បិតនៅថ្ងៃនោះស្ដេចក៏នៅក្នុងក្រុងយេរូសាឡិមដែរ
8 ពេលស្ដេចជួបព្រះយេស៊ូ ក៏ត្រេកអរជាពន់ពេក ព្រោះស្ដេចបានឮអំពីព្រះអង្គ និងចង់ជួបព្រះអង្គជាយូរមកហើយ ស្ដេចសង្ឃឹមថានឹងឃើញព្រះអង្គសំដែងទីសំគាល់អស្ចារ្យណាមួយ។
9 ស្ដេចក៏សួរព្រះអង្គជាច្រើន ប៉ុន្ដែព្រះអង្គមិនបានឆ្លើយអ្វីឡើយ។
10 ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យក៏ក្រោកឈរចោទប្រកាន់ព្រះអង្គយ៉ាងធ្ងន់ៗ។
11 កាលស្ដេចហេរ៉ូឌ និងពួកទាហានរបស់ស្ដេចចំអកមើលងាយព្រះអង្គរួច ក៏ពាក់អាវភ្លឺរលោងឲ្យព្រះអង្គ ហើយក៏បញ្ជូនព្រះអង្គទៅឲ្យលោកពីឡាត់វិញ។
12 នៅថ្ងៃនោះ លោកពីឡាត់ និងស្ដេចហេរ៉ូឌ ទាំងពីរនាក់បានត្រលប់ជាមិត្ដសម្លាញ់នឹងគ្នា ដ្បិតកាលពីមុនជាសត្រូវនឹងគ្នា។
13 កាលលោកពីឡាត់ហៅពួកសម្ដេចសង្ឃ ពួកអាជ្ញាធរ និងប្រជាជនមកជុំគ្នាហើយ
14 ក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាបាននាំបុរសម្នាក់នេះមកឲ្យខ្ញុំ ដោយចោទថាជាអ្នកញុះញង់ប្រជាជន ប៉ុន្ដែ មើល៍ នៅចំពោះមុខអ្នករាល់គ្នា ខ្ញុំបានសាកសួរគាត់អស់ហើយ ឃើញថាបុរសម្នាក់នេះគ្មានទោសដូចដែលអ្នករាល់គ្នាចោទប្រកាន់សោះ។
15 ស្ដេចហេរ៉ូឌក៏ដូចគ្នាដែរ ដ្បិតស្ដេចបានបញ្ជូនបុរសនេះមកឲ្យយើងវិញ ហើយមើល៍ គាត់មិនបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់សោះ
16 ដូច្នេះពេលដាក់ទណ្ឌកម្មគាត់ហើយ ខ្ញុំនឹងដោះលែងគាត់»
17 [រៀងរាល់ថ្ងៃបុណ្យ លោកពីឡាត់ធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យពួកគេ]។
18 ប៉ុន្ដែពួកគេស្រែកទាំងអស់គ្នាថា៖ «សូមយកម្នាក់នេះទៅ ហើយដោះលែងបារ៉ាបាសឲ្យយើងវិញ!»
19 បារ៉ាបាសត្រូវគេចាប់ដាក់គុក ដោយព្រោះតែការបះបោរ និងការកាប់សម្លាប់ដែលបានកើតឡើងនៅក្នុងក្រុង។
20 ដោយចង់ដោះលែងព្រះយេស៊ូ លោកពីឡាត់ក៏និយាយបញ្ជាក់ទៅពួកគេម្ដងទៀត។
21 ប៉ុន្ដែពួកគេស្រែកថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!»
22 លោកពីឡាត់ក៏និយាយទៅពួកគេជាលើកទីបីថា៖ «ហេតុអ្វី តើអ្នកនេះបានធ្វើអ្វីអាក្រក់ឬ? ខ្ញុំឃើញថាគាត់គ្មានទោសត្រូវស្លាប់ទេ ដូច្នេះពេលដាក់ទណ្ឌកម្មហើយ ខ្ញុំនឹងដោះលែងគាត់!»
23 ប៉ុន្ដែពួកគេបានទទូចដោយសំឡេងឮៗទាមទារឲ្យឆ្កាងព្រះអង្គ ហើយសំឡេងរបស់ពួកគេក៏យកឈ្នះបាន
24 ដូច្នេះលោកពីឡាត់ក៏សម្រេចចិត្ដធ្វើតាមការទាមទាររបស់ពួកគេ
25 ហើយលោកក៏ដោះលែងមនុស្សម្នាក់ដែលពួកគេបានសូម ជាម្នាក់ដែលត្រូវគេចាប់ដាក់គុកពីបទបះបោរ និងកាប់សម្លាប់ ឯព្រះយេស៊ូវិញ លោកបានប្រគល់ទៅតាមចិត្ដរបស់ពួកគេ។
26 កាលពួកគេនាំព្រះអង្គទៅ ក៏ចាប់បុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេនដែលទើបមកពីចម្ការ គឺពួកគេបានដាក់ឈើឆ្កាងលើគាត់ឲ្យលីដើរតាមព្រះយេស៊ូ
27 ហើយមានប្រជាជនច្រើនកុះករបានដើរតាមព្រះអង្គ មានទាំងពួកស្ដ្រីកំពុងកាន់ទុក្ខ និងកំពុងយំសោកសម្រាប់ព្រះអង្គផង។
28 ប៉ុន្ដែព្រះយេស៊ូងាកមកមានបន្ទូលទៅពួកគេថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ! កុំយំសម្រាប់ខ្ញុំអី ចូរយំសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាវិញចុះ
29 ដ្បិតមើល៍ នឹងមានថ្ងៃមួយមកដល់ដែលពួកគេនឹងនិយាយថា មានពរហើយដល់ពួកស្ដ្រីអារ និងផ្ទៃដែលមិនបានបង្កើតកូន ព្រមទាំងស្ដ្រីដែលមិនបានបំបៅកូន។
30 ពេលនោះពួកគេនឹងចាប់ផ្ដើមនិយាយទៅកាន់ភ្នំនានាថា សូមធ្លាក់សង្កត់យើងទៅ ហើយនិយាយទៅទីទួលនានាទៀតថា សូមគ្របលើយើងទៅ
31 ព្រោះកាលដើមឈើនៅស្រស់នៅឡើយ ពួកគេធ្វើការទាំងនេះទៅហើយ ចុះពេលដើមឈើក្រៀម នោះតើនឹងមានអ្វីកើតឡើង?»
32 គេនាំមនុស្សមានទោសធ្ងន់ពីរនាក់ទៀតទៅឆ្កាងជាមួយព្រះអង្គដែរ។
33 កាលមកដល់កន្លែងមួយឈ្មោះលលាដ៌ក្បាល ពួកគេក៏ឆ្កាងព្រះអង្គ និងមនុស្សមានទោសធ្ងន់ពីរនាក់ទៀតនៅទីនោះដែរ គឺម្នាក់នៅខាងស្ដាំព្រះអង្គ និងម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។
34 ព្រះយេស៊ូបានមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! សូមលើកលែងទោសដល់ពួកគេផង ដ្បិតពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីទេ»។ ពួកគេបានចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ។
35 ប្រជាជនបានឈរមើលព្រះអង្គ ឯពួកអាជ្ញាធរក៏មើលងាយព្រះអង្គដែរ ដោយនិយាយថា៖ «វាសង្គ្រោះអ្នកដទៃបាន ចូរឲ្យវាសង្គ្រោះខ្លួនឯងមើល៍ បើវានេះជាព្រះគ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន»
36 ឯពួកទាហានក៏ចំអកឲ្យព្រះអង្គដែរ និងបានចូលមកជិតឲ្យទឹកខ្មេះដល់ព្រះអង្គ
37 ទាំងនិយាយថា៖ «បើឯងជាស្ដេចរបស់ជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនឯងមើល៍!»
38 ហើយនៅចំពីលើព្រះអង្គមានចំណារមួយថា នេះជាស្ដេចរបស់ជនជាតិយូដា។
39 មនុស្សមានទោសធ្ងន់ម្នាក់ដែលត្រូវគេឆ្កាងដែរនោះបានប្រមាថព្រះអង្គថា៖ «តើឯងមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!»
40 ប៉ុន្ដែម្នាក់ទៀតបន្ទោសម្នាក់នោះថា៖ «តើឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ ដ្បិតឯងក៏ជាប់ទោសដូចគ្នា?
41 សម្រាប់យើងយុត្ដិធម៌ហើយ ដ្បិតយើងទទួលទោសសមនឹងអ្វីដែលយើងបានប្រព្រឹត្ដ ប៉ុន្ដែម្នាក់នេះមិនបានធ្វើខុសអ្វីសោះ»។
42 រួចគាត់ទូលទៅព្រះអង្គថា៖ «ព្រះយេស៊ូអើយ! ពេលព្រះអង្គចូលទៅក្នុងនគររបស់ព្រះអង្គ សូមនឹកចាំពីខ្ញុំផង»។
43 ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះអ្នកនឹងនៅស្ថានសួគ៌ជាមួយខ្ញុំ»។
44 ប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល
45 ដួងអាទិត្យបានបាត់រស្មី ហើយវាំងនននៅក្នុងព្រះវិហារបានរហែកជាពីរ
46 ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះវរបិតាអើយ! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះអង្គវិញ» ពេលមានបន្ទូលបែបនេះហើយ ព្រះអង្គផុតដង្ហើមទៅ។
47 កាលនាយទាហានម្នាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏សរសើរតម្កើងព្រះជាម្ចាស់ថា៖ «បុរសនេះជាមនុស្សសុចរិតមែន»
48 រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើលហេតុការណ៍នេះ កាលបានសង្កេតឃើញហេតុការណ៍ដែលបានកើតឡើង ក៏ត្រលប់ទៅវិញទាំងគក់ទ្រូង។
49 ពួកអ្នកដែលស្គាល់ព្រះអង្គទាំងអស់ និងពួកស្ដ្រីដែលបានដើរតាមព្រះអង្គពីស្រុកកាលីឡេមកបានឈរមើលហេតុការណ៍ទាំងនេះពីចម្ងាយ។
50 មើល៍ មានបុរសម្នាក់ឈ្មោះយ៉ូសែបជាសមាជិកម្នាក់នៃក្រុមប្រឹក្សាកំពូល និងជាមនុស្សល្អ ហើយសុចរិត។
51 គាត់មិនបានយល់ស្របជាមួយផែនការ និងអំពើរបស់ពួកគេនេះទេ។ គាត់មកពីក្រុងអើរីម៉ាថេ ជាក្រុងមួយនៃស្រុកយូដា គាត់ជាអ្នកដែលកំពុងរង់ចាំនគរព្រះជាម្ចាស់
52 គាត់បានចូលទៅជួបលោកពីឡាត់សុំយកសពព្រះយេស៊ូ។
53 កាលគាត់ដាក់សពចុះហើយ ក៏រុំនឹងសំពត់ទេសឯក ហើយបានបញ្ចុះសពនោះនៅក្នុងផ្នូរដែលដាប់ទៅក្នុងថ្ម ជាកន្លែងដែលមិនទាន់បានបញ្ចុះសពណានៅឡើយ។
54 ថ្ងៃនោះជាថ្ងៃរៀបចំ ហើយថ្ងៃសប្ប័ទបានខិតជិតមកដល់
55 ឯពួកស្ដ្រីដែលចេញមកពីស្រុកកាលីឡេជាមួយព្រះអង្គ បានដើរតាមទៅមើលផ្នូរ និងរបៀបដែលគេដាក់សពរបស់ព្រះអង្គ។
56 កាលបានត្រលប់មកវិញ ពួកគេក៏រៀបចំគ្រឿងក្រអូប និងប្រេងក្រអូប ហើយបានសម្រាកនៅថ្ងៃសប្ប័ទតាមបញ្ញត្ដិ។
Pašlaik izvēlēts:
Luke 23: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.