Luke 22
22
1 នៅពេលពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាពិធីបុណ្យរំលងជិតមកដល់
2 ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកមធ្យោបាយសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចប្រជាជន។
3 អារក្សសាតាំងបានចូលយូដាសដែលហៅថា អ៊ីស្ការីយ៉ុត ជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ
4 គាត់បានចេញទៅពិគ្រោះជាមួយពួកសម្ដេចសង្ឃ និងពួកប្រធានឆ្មាំព្រះវិហារពីមធ្យោបាយដែលគាត់អាចប្រគល់ព្រះអង្គទៅឲ្យពួកគេ។
5 ពួកគេត្រេកអរណាស់ ហើយបានយល់ព្រមឲ្យប្រាក់គាត់
6 ឯយូដាសក៏យល់ព្រម រួចរកឱកាសប្រគល់ព្រះអង្គនៅពេលគ្មានបណ្ដាជននៅជាមួយពួកគេ។
7 ពេលដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវថ្វាយយញ្ញបូជាជាកូនចៀមសម្រាប់ពិធីបុណ្យរំលង
8 ព្រះអង្គបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងដើម្បីឲ្យពួកយើងបានបរិភោគ»
9 ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?»
10 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ ពេលពួកអ្នកចូលទៅក្នុងក្រុង ពួកអ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ចូរដើរតាមអ្នកនោះទៅក្នុងផ្ទះដែលអ្នកនោះចូល
11 ហើយប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរមកអ្នកថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយនឹងសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា?
12 គាត់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ»។
13 អ្នកទាំងពីរក៏ចាកចេញទៅ ហើយឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះពួកគេក៏រៀបចំពិធីបុណ្យរំលង។
14 លុះដល់ពេលវេលា ព្រះអង្គក៏អង្គុយនៅតុអាហារជាមួយពួកសាវករបស់ព្រះអង្គ
15 ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «នៅថ្ងៃបុណ្យរំលងនេះ ខ្ញុំចង់បរិភោគជាមួយអ្នករាល់គ្នាឲ្យអស់ចិត្ដ មុនពេលខ្ញុំរងទុក្ខវេទនា
16 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលងនេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់»
17 រួចព្រះអង្គយកពែងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយមានបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ
18 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេ រហូតដល់នគរព្រះជាម្ចាស់មកដល់»។
19 បន្ទាប់មកព្រះអង្គយកនំប៉័ងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយកាច់ចែកឲ្យពួកសិស្ស ទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំដែលបានឲ្យមកអ្នករាល់គ្នា ចូរធ្វើបែបនេះចុះដើម្បីរំឭកដល់ខ្ញុំ»។
20 ក្រោយពីបរិភោគរួច ព្រះអង្គក៏មានបន្ទូលអំពីពែងបែបដូច្នោះដែរថា៖ «ពែងនេះជាកិច្ចព្រមព្រៀងថ្មីដោយនូវឈាមខ្ញុំ ដែលបានបង្ហូរសម្រាប់អ្នករាល់គ្នា
21 ប៉ុន្ដែមើល៍ ដៃរបស់អ្នកក្បត់ខ្ញុំ ក៏ដាក់នៅលើតុអាហារជាមួយខ្ញុំដែរ
22 ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្ដីដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។
23 ពួកគេក៏ចាប់ផ្ដើមសួរដេញដោលគ្នាអំពីអ្នកដែលបម្រុងធ្វើដូច្នេះ។
24 ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
25 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកស្ដេចនៃជនជាតិនានាគ្រប់គ្រងលើប្រជាជន ហើយពួកអ្នកមានសិទ្ធិអំណាចលើប្រជាជន គេហៅថា ពួកអ្នកមានគុណ
26 ប៉ុន្ដែអ្នករាល់គ្នាវិញ មិនមែនដូច្នោះទេ អ្នកធំជាងគេក្នុងចំណោមអ្នករាល់គ្នា ចូរឲ្យអ្នកនោះធ្វើដូចជាអ្នកតូចជាងគេ ឯអ្នកដឹកនាំដូចជាអ្នកបម្រើ
27 ដ្បិតអ្នកធំជាងជាអ្នកណា តើជាអ្នកដែលកំពុងអង្គុយនៅតុអាហារ ឬជាអ្នកដែលកំពុងបម្រើគេ? តើមិនមែនជាអ្នកកំពុងអង្គុយនៅតុអាហារទេឬ? ខ្ញុំប្រៀបដូចជាអ្នកដែលកំពុងបម្រើនៅក្នុងចំណោមអ្នករាល់គ្នា
28 ហើយអ្នករាល់គ្នាជាពួកអ្នកដែលបាននៅជាមួយខ្ញុំ នៅពេលខ្ញុំជួបសេចក្ដីល្បួង
29 ដូច្នេះព្រះវរបិតារបស់ខ្ញុំឲ្យនគរមួយដល់ខ្ញុំជាយ៉ាងណា ខ្ញុំនឹងឲ្យដល់អ្នករាល់គ្នាជាយ៉ាងនោះដែរ
30 ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុជាមួយខ្ញុំក្នុងនគររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្កជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
31 ស៊ីម៉ូន ស៊ីម៉ូនអើយ! មើល៍អារក្សសាតាំងបានសុំអ្នកហើយ ដើម្បីរែងអ្នកដូចជាស្រូវដូច្នោះដែរ
32 ប៉ុន្ដែខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកធ្លាក់ចុះឡើយ ហើយនៅពេលអ្នកប្រែចិត្ដ ចូរពង្រឹងបងប្អូនរបស់អ្នកផង»។
33 ប៉ុន្ដែលោកពេត្រុសបានទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំបានត្រៀមនៅជាមួយព្រះអង្គហើយ ទោះបីត្រូវជាប់គុក ឬស្លាប់ក៏ដោយ»។
34 ព្រះអង្គក៏មានបន្ទូលថា៖ «ពេត្រុសអើយ! ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35 រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កាលខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅដោយគ្មានថង់ប្រាក់ ថង់យាម និងស្បែកជើង តើអ្នករាល់គ្នាបានខ្វះខាតអ្វីទេ?» ពួកគេទូលថា៖ «គ្មានទេ»។
36 ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ប៉ុន្ដែឥទ្បូវនេះ អ្នកណាមានថង់ប្រាក់ ចូរយកទៅ ហើយអ្នកណាមានថង់យាមក៏យកទៅដូចគ្នា ឯអ្នកណាដែលគ្មានវិញ ចូរលក់អាវរបស់ខ្លួនទិញដាវមួយចុះ
37 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីដែលបានចែងទុកអំពីខ្ញុំនេះត្រូវតែសម្រេច ដែលថា គេបានរាប់លោកបញ្ចូលជាមួយពួកល្មើសច្បាប់។ សេចក្ដីដែលទាក់ទងនឹងខ្ញុំឈានដល់ការសម្រេចហើយ»។
38 ពួកគេក៏ទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្រប់ហើយ»។
39 កាលព្រះអង្គចេញទៅ ក៏យាងទៅភ្នំដើមអូលីវតាមទម្លាប់ ឯពួកសិស្សក៏បានទៅតាមព្រះអង្គដែរ។
40 ពេលមកដល់កន្លែងហើយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»
41 រួចព្រះអង្គក៏ចេញពីពួកគេចម្ងាយប្រហែលមួយចោលដុំថ្ម ហើយព្រះអង្គបានលុតជង្គង់ អធិស្ឋានថា៖
42 «ឱព្រះវរបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកពែងនេះចេញពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំទ្បើយ គឺតាមព្រះអង្គវិញ»
43 នោះមានទេវតាពីស្ថានសួគ៌បានលេចមកឯព្រះអង្គ ដើម្បីចម្រើនកម្លាំងឲ្យព្រះអង្គ
44 ហើយកាលព្រះអង្គខ្វល់ខ្វាយជាពន់ពេក ក៏ខំប្រឹងអធិស្ឋានខ្លាំងឡើងថែមទៀត ញើសរបស់ព្រះអង្គត្រលប់ដូចជាតំណក់ឈាមកំពុងស្រក់មកលើដី។
45 កាលព្រះអង្គក្រោកពីអធិស្ឋាន ក៏យាងទៅឯពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ដោយព្រោះសេចក្ដីសោកសៅ
46 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»។
47 កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះក៏មានបណ្ដាជនមកឯព្រះអង្គ ហើយយូដាសជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរកំពុងនាំមុខគេ។ គាត់បានចូលមកជិតព្រះយេស៊ូដើម្បីថើបព្រះអង្គ។
48 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយការថើបឬ?»
49 ពេលពួកអ្នកនៅជុំវិញឃើញហេតុការណ៍ហៀបនឹងកើតទ្បើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងប្រយុទ្ធដោយដាវដែរឬទេ?»
50 ស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមពួកគេបានកាប់បាវបម្រើរបស់សម្ដេចសង្ឃម្នាក់ដាច់ត្រចៀកខាងស្ដាំ។
51 ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឈប់! ប៉ុណ្ណឹងបានហើយ» រួចព្រះអង្គក៏ពាល់ត្រចៀកនោះ ហើយបានប្រោសគាត់ឲ្យជាវិញ។
52 ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកដែលបានមកទាស់នឹងព្រះអង្គ ពួកសម្ដេចសង្ឃ ពួកប្រធានឆ្មាំព្រះវិហារ និងពួកចាស់ទុំថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមានទាំងដាវ និងដំបងដូច្នេះ?
53 ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃក្នុងព្រះវិហារ អ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ ប៉ុន្ដែឥឡូវនេះជាពេលវេលារបស់អ្នករាល់គ្នា និងជាសិទ្ធិអំណាចនៃសេចក្ដីងងឹត»។
54 ពួកគេក៏ចាប់ព្រះអង្គបណ្ដើរទៅផ្ទះរបស់សម្ដេចសង្ឃម្នាក់ ហើយលោកពេត្រុសបានដើរតាមពីចម្ងាយ។
55 ពេលពួកគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយ ក៏អង្គុយចុះជុំគ្នា ឯលោកពេត្រុសក៏នៅក្នុងចំណោមពួកគេដែរ។
56 កាលស្រីបម្រើម្នាក់បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ»
57 ប៉ុន្ដែគាត់បដិសេធថា៖ «នែនាង! ខ្ញុំមិនស្គាល់ម្នាក់នោះទេ»។
58 បន្ដិចក្រោយមក កាលម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកក៏នៅក្នុងចំណោមពួកគេដែរ» តែលោកពេត្រុសនិយាយថា៖ «នែលោក! មិនមែនខ្ញុំទេ!»
59 ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយអះអាងថា៖ «អ្នកនេះនៅជាមួយម្នាក់នោះប្រាកដណាស់ ព្រោះគាត់ជាអ្នកស្រុកកាលីឡេដែរ»
60 ប៉ុន្ដែលោកពេត្រុសនិយាយថា៖ «នែអ្នក! ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអ្វីទេ»។ ពេលគាត់កំពុងនិយាយនៅទ្បើយ មាន់ក៏រងាវទ្បើងភ្លាម
61 ព្រះអម្ទាស់បានងាកមកមើលលោកពេត្រុស គាត់ក៏នឹកឃើញពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រាប់គាត់ថា ថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។
62 គាត់ក៏ចេញទៅក្រៅ ទាំងទ្រហោយំយ៉ាងក្ដុកក្ដួល។
63 ពួកមនុស្សដែលកំពុងយាមព្រះយេស៊ូបានចំអកឲ្យព្រះអង្គទាំងវាយដំ
64 និងបានបិទមុខព្រះអង្គ ហើយសួរថា៖ «ទាយទៅមើល៍ តើអ្នកណាវាយឯង?»
65 ហើយពួកគេបាននិយាយពាក្យប្រមាថដល់ព្រះអង្គជាច្រើនទៀត។
66 លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖
67 «ប្រាប់យើងមើល៍ បើអ្នកជាព្រះគ្រិស្ដមែន» ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ទោះបីខ្ញុំប្រាប់ពួកលោក ក៏ពួកលោកមិនជឿ
68 ហើយទោះបីខ្ញុំសួរពួកលោកវិញ ក៏ពួកលោកមិនព្រមឆ្លើយដែរ
69 ប៉ុន្ដែពីពេលនេះទៅ កូនមនុស្សនឹងអង្គុយនៅកន្លែងមានអំណាច គឺខាងស្ដាំនៃព្រះជាម្ចាស់»
70 ពួកគេទាំងអស់គ្នាក៏សួរថា៖ «បើដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកលោកនិយាយត្រូវ គឺខ្ញុំនេះហើយ»
71 ពួកគេក៏និយាយថា៖ «តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ព្រោះយើងបានឮផ្ទាល់ចេញពីមាត់របស់វាហើយ!»
Pašlaik izvēlēts:
Luke 22: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.