Acts of the Apostles 2
2
1 កាលដល់ថ្ងៃបុណ្យថ្ងៃទីហាសិប ពួកគេទាំងអស់គ្នាកំពុងជួបជុំគ្នានៅកន្លែងតែមួយ
2 ស្រាប់តែមានសំឡេងមកពីស្ថានសួគ៌ ដូចជាសន្ធឹកខ្យល់យ៉ាងខ្លាំងពេញនៅក្នុងផ្ទះទាំងមូលដែលពួកគេកំពុងអង្គុយ
3 ហើយពួកគេបានឃើញអ្វីមួយដូចជាអណ្ដាតភ្លើងដែលបែកចេញពីគ្នាមកសណ្ឋិតលើពួកគេម្នាក់ៗ។
4 ពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាចម្លែកអស្ចារ្យតាមដែលព្រះវិញ្ញាណផ្ដល់ឲ្យ។
5 នៅពេលនោះ មានជនជាតិយូដាដែលគោរពកោតខ្លាចព្រះជាម្ចាស់មកពីគ្រប់ប្រជាជាតិនៅក្រោមមេឃកំពុងស្នាក់នៅក្នុងក្រុងយេរូសាឡិម
6 កាលបានឮសំឡេងនេះ នោះបណ្ដាជនក៏នាំគ្នាមកមើល ហើយធ្វើឲ្យពួកគេស្រឡាំងកាំង ព្រោះពួកគេម្នាក់ៗបានឮអ្នកទាំងនោះនិយាយភាសារបស់ពួកគេផ្ទាល់។
7 ពួកគេនឹកអស្ចារ្យ ទាំងស្ងើចសរសើរ ហើយសួរថា៖ «មើល៍ ពួកអ្នកដែលកំពុងនិយាយទាំងអស់នេះ តើមិនមែនជាពួកអ្នកស្រុកកាលីឡេទេឬ?
8 ចុះហេតុដូចម្ដេចបានជាយើងឮពួកគេនិយាយភាសាកំណើតរបស់យើងរៀងៗខ្លួនដូច្នេះ?
9 គឺមានអ្នកស្រុកផារថុស អ្នកស្រុកមេឌី អ្នកស្រុកអេឡាំ និងពួកអ្នករស់នៅស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស និងស្រុកអាស៊ី
10 ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងបណ្ដាស្រុកក្នុងតំបន់លីប៊ីក្បែរតំបន់គីរេន និងពួកអ្នកក្រុងរ៉ូមដែលស្នាក់នៅទីនោះ
11 ព្រមទាំងជនជាតិយូដា ពួកអ្នកចូលសាសនាយូដា អ្នកស្រុកក្រេត និងអ្នកស្រុកអារ៉ាប់។ យើងឮពួកគេប្រកាសអំពីការអស្ចារ្យរបស់ព្រះជាម្ចាស់ជាភាសារបស់យើងផ្ទាល់!»
12 បណ្ដាជននឹកអស្ចារ្យ ទាំងគិតមិនយល់ទាំងអស់គ្នា ក៏សួរគ្នាថា៖ «តើនេះមានន័យយ៉ាងដូចម្ដេច?»
13 ប៉ុន្ដែអ្នកខ្លះទៀតចំអកថា៖ «ពួកនេះផឹកស្រាទំពាំងបាយជូរថ្មីជ្រុលទេតើ»។
14 ពេលនោះលោកពេត្រុសក៏ក្រោកឈរជាមួយពួកសាវកទាំងដប់មួយ ហើយបន្លឺសំឡេងថា៖ «ឱបងប្អូនយូដា និងបងប្អូនទាំងអស់ដែលរស់នៅក្រុងយេរូសាឡិមអើយ! សូមអ្នករាល់គ្នាយល់ពីហេតុការណ៍នេះ ហើយផ្ទៀងស្ដាប់ពាក្យរបស់ខ្ញុំចុះ
15 ដ្បិតអ្នកទាំងនេះមិនបានស្រវឹងដូចជាអ្នករាល់គ្នាស្មាននោះទេ ព្រោះម៉ោងប្រាំបួនព្រឹកនៅឡើយ!
16 ប៉ុន្ដែនេះជាអ្វីដែលលោកយ៉ូអែលជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា
17 ព្រះជាម្ចាស់មានបន្ទូលថា នៅថ្ងៃចុងក្រោយ យើងនឹងចាក់វិញ្ញាណរបស់យើងលើមនុស្សទាំងអស់ ហើយកូនប្រុសកូនសី្ររបស់អ្នករាល់គ្នានឹងថ្លែងព្រះបន្ទូល ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ដ រីឯពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្ដិ។
18 នៅគ្រានោះ យើងនឹងចាក់វិញ្ញាណរបស់យើងលើពួកបាវបម្រើរបស់យើង ទាំងប្រុសទាំងស្រី ហើយពួកគេនឹងថ្លែងព្រះបន្ទូល។
19 យើងនឹងបង្ហាញការអស្ចារ្យនៅលើមេឃ ព្រមទាំងទីសំគាល់នៅផែនដី គឺជាឈាម ជាភ្លើង និងកំសួលផ្សែង
20 ហើយដួងអាទិត្យនឹងត្រលប់ជាងងឹត ឯខែនឹងត្រលប់ជាឈាម មុនថ្ងៃដ៏រុងរឿងអស្ចារ្យរបស់ព្រះអម្ចាស់មកដល់
21 ហើយនៅពេលនោះ អស់អ្នកណាដែលអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់ នោះនឹងទទួលបានសេចក្ដីសង្គ្រោះ។
22 ឱ បងប្អូនអ៊ីស្រាអែលអើយ! សូមស្ដាប់សេចក្ដីទាំងនេះចុះថា ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូ ជាអ្នកក្រុងណាសារ៉ែតដល់អ្នករាល់គ្នាដោយអំណាច និងការអស្ចារ្យ ព្រមទាំងទីសំគាល់នានាដែលព្រះជាម្ចាស់បានធ្វើតាមរយៈព្រះយេស៊ូនៅកណ្ដាលចំណោមអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានដឹងស្រាប់។
23 ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានបញ្ជូនមកតាមគោលបំណង និងព្រះតម្រិះជាមុនរបស់ព្រះអង្គដែលបានកំណត់ទុក រីឯអ្នករាល់គ្នាបានឆ្កាងសម្លាប់ព្រះអង្គដោយដៃរបស់ពួកមនុស្សមិនគោរពក្រឹត្យវិន័យ
24 ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ ដោយបំផ្លាញការឈឺចាប់នៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់គ្មានអំណាចបង្ខាំងព្រះអង្គទុកបានឡើយ។
25 ស្ដេចដាវីឌក៏បានថ្លែងអំពីព្រះយេស៊ូដែរថា ខ្ញុំឃើញព្រះអម្ចាស់នៅមុខខ្ញុំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំខ្ញុំដើម្បីកុំឲ្យខ្ញុំរង្គើឡើយ
26 ដោយហេតុនេះហើយបានជាចិត្ដរបស់ខ្ញុំរីករាយ អណ្ដាតរបស់ខ្ញុំសរសើរតម្កើង ហើយលើសនេះទៀត រូបកាយរបស់ខ្ញុំនឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ
27 ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងរបស់ខ្ញុំឲ្យនៅក្នុងស្ថាននរកឡើយ ហើយក៏មិនបណ្ដោយឲ្យអ្នកដ៏បរិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
28 ព្រះអង្គបានបង្ហាញខ្ញុំឲ្យស្គាល់ផ្លូវនៃជីវិត ហើយបំពេញខ្ញុំដោយសេចក្ដីអំណរនៅចំពោះព្រះវត្តមានរបស់ព្រះអង្គ។
29 បងប្អូនអើយ! ទាក់ទងនឹងស្ដេចដាវីឌដែលជាបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយដោយច្បាស់លាស់ទៅបងប្អូនថា ស្ដេចដាវីឌបានស្លាប់ ហើយគេបានបញ្ចុះសពរបស់ស្ដេច រីឯផ្នូររបស់ស្ដេចវិញ នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះ។
30 ដោយព្រោះស្ដេចដាវីឌជាអ្នកនាំព្រះបន្ទូល ព្រមទាំងដឹងថា ព្រះជាម្ចាស់បានសន្យាជាមួយស្ដេចដោយស្បថថា នឹងឲ្យពូជពង្សខាងសាច់ឈាមម្នាក់របស់ស្ដេចអង្គុយលើបល្ល័ង្ករបស់ស្ដេច
31 ដោយស្ដេចដាវីឌដឹងជាមុនដូច្នេះ បានជាថ្លែងអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដថា ព្រះជាម្ចាស់មិនទុកព្រះអង្គចោលឲ្យនៅក្នុងស្ថាននរកឡើយ ឬឲ្យរូបកាយរបស់ព្រះអង្គជួបការរលួយដែរ
32 គឺព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់អំពីការនេះ។
33 ដូច្នេះក្រោយពីព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូឲ្យគង់នៅខាងស្ដាំព្រះអង្គ ហើយក្រោយពីបានទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតារួច ព្រះអង្គក៏ចាក់ព្រះវិញ្ញាណ ដូចដែលអ្នករាល់គ្នាបានឃើញ និងបានឮនេះស្រាប់ហើយ។
34 ទោះបីស្ដេចដាវីឌមិនបានឡើងទៅស្ថានសួគ៌ក៏ដោយ ក៏ស្ដេចបានថ្លែងថា ព្រះអម្ចាស់មានបន្ទូលទៅព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
35 រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់ជើងរបស់អ្នក។
36 ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងអស់បានដឹងជាប្រាកដចុះថា ព្រះជាម្ចាស់បានតាំងព្រះយេស៊ូ ដែលអ្នករាល់គ្នាបានឆ្កាងនេះឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដ»។
37 ពេលពួកគេស្ដាប់ឮដូច្នេះហើយ ពួកគេក៏មានសេចក្ដីប៉ះពាល់ចិត្ដ និងបានសួរទៅលោកពេត្រុស ព្រមទាំងសាវកឯទៀតថា៖ «ឱបងប្អូនអើយ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
38 លោកពេត្រុសឆ្លើយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ដ ហើយទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដរៀងៗខ្លួនចុះ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានការលើកលែងទោសបាប និងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ
39 ព្រោះសេចក្ដីសន្យានេះសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងសម្រាប់អស់អ្នកនៅឆ្ងាយ គឺអស់អ្នកដែលព្រះអម្ចាស់ជាព្រះរបស់យើងបានត្រាស់ហៅមកឯព្រះអង្គផ្ទាល់»។
40 លោកពេត្រុសបានធ្វើបន្ទាល់ដោយពាក្យសំដីជាច្រើនទៀត ទាំងដាស់តឿនពួកគេ ដោយនិយាយថា៖ «ចូរអ្នករាល់គ្នាសង្គ្រោះខ្លួនឲ្យរួចពីជំនាន់វៀចវេរនេះចុះ»។
41 បន្ទាប់មក អស់អ្នកដែលបានទទួលយកពាក្យសំដីរបស់គាត់ដោយអំណរ គេបានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រហែលបីពាន់នាក់ ត្រូវបានបន្ថែមទៅក្នុងចំណោមពួកគេ។
42 អ្នកទាំងនេះបាននៅជាមួយពួកសាវកបន្ដទៀត ទាំងនៅក្នុងការបង្រៀន ការប្រកបគ្នា ការកាច់នំប៉័ង និងការអធិស្ឋាន។
43 ពួកគេមានសេចក្ដីស្ញប់ស្ញែងក្នុងចិត្ដគ្រប់គ្នា ហើយការអស្ចារ្យ និងទីសំគាល់អស្ចារ្យជាច្រើនបានកើតឡើងតាមរយៈពួកសាវក។
44 អស់អ្នកដែលបានជឿ បាននៅជាមួយគ្នា និងមានអ្វីៗរួមគ្នា។
45 ពួកគេលក់ទ្រព្យសម្បត្ដិ និងអ្វីៗជារបស់ខ្លួន ព្រមទាំងចែកទ្រព្យសម្បត្ដិទាំងនោះដល់គ្រប់គ្នាតាមសេចក្ដីត្រូវការរៀងៗខ្លួន។
46 ជារៀងរាល់ថ្ងៃ ពួកគេបានជួបជុំគ្នាជាបន្តនៅក្នុងព្រះវិហារដោយមានចិត្ដព្រមព្រៀងគ្នា ហើយនៅតាមផ្ទះ ពួកគេក៏កាច់នំប៉័ងបរិភោគអាហារជាមួយគ្នាដោយចិត្ដរីករាយ និងស្មោះត្រង់
47 ទាំងសរសើរតម្កើងព្រះជាម្ចាស់ផង។ ប្រជាជនគ្រប់គ្នាបានស្រឡាញ់រាប់អានពួកគេ ហើយព្រះអម្ចាស់បានបន្ថែមចំនួននៃអស់អ្នកដែលបានទទួលសេចក្ដីសង្គ្រោះទៅក្នុងចំណោមពួកគេជារៀងរាល់ថ្ងៃ។
Pašlaik izvēlēts:
Acts of the Apostles 2: KCB
Izceltais
Dalīties
Kopēt
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Flv.png&w=128&q=75)
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.