Acts of the Apostles 1
1
1 ឱ លោកថេវភីលអើយ! នៅក្នុងសៀវភៅទីមួយ ខ្ញុំបានសរសេរអំពីកិច្ចការទាំងឡាយដែលព្រះយេស៊ូបានចាប់ផ្ដើមធ្វើ និងបង្រៀន
2 រហូតដល់ថ្ងៃដែលព្រះជាម្ចាស់បានលើកព្រះអង្គឡើងទៅស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គបានប្រទានសេចក្ដីបង្គាប់តាមរយៈព្រះវិញ្ញាណបរិសុទ្ធដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស។
3 ក្រោយពីព្រះអង្គបានរងទុក្ខវេទនារួចហើយ ព្រះអង្គបានបង្ហាញខ្លួនដល់ពួកសាវកទាំងនេះ ដោយប្រទានភស្ដុតាងជាក់ស្ដែងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ព្រះអង្គបានបង្ហាញខ្លួនដល់ពួកគេរយៈពេលសែសិបថ្ងៃ ហើយបានមានបន្ទូលអំពីនគរព្រះជាម្ចាស់។
4 កាលកំពុងបរិភោគជាមួយគ្នា ព្រះអង្គបានបង្គាប់ពួកគេថា៖ «ចូរកុំចាកចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំសេចក្ដីសន្យារបស់ព្រះវរបិតា ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ
5 ដ្បិតលោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែនៅប៉ុន្មានថ្ងែទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។
6 កាលអ្នកទាំងនោះមកជួបជុំគ្នាហើយ ពួកគេក៏សួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងស្ដារនគរអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»
7 ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «អ្នករាល់គ្នាមិនចាំបាច់ត្រូវដឹងពីពេលវេលា ឬកាលកំណត់ដែលព្រះវរបិតាបានកំណត់ទុកដោយសិទ្ធិអំណាចរបស់ព្រះអង្គឡើយ
8 ប៉ុន្ដែអ្នករាល់គ្នានឹងទទួលអំណាច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល និងស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី»។
9 កាលព្រះអង្គបានមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅ ហើយពេលពួកគេកំពុងសម្លឹងមើល ក៏មានពពកមួយផ្ទាំងមកទទួលព្រះអង្គចេញពីភ្នែករបស់ពួកគេ។
10 ពេលពួកគេកំពុងសម្លឹងមើលមេឃនៅពេលព្រះអង្គកំពុងយាងទៅ នោះស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់សឈរនៅក្បែរពួកគេ
11 ហើយនិយាយថា៖ «ពួកអ្នកស្រុកកាលីឡេអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាឈរសម្លឹងមើលមេឃដូច្នេះ? ព្រះយេស៊ូដែលព្រះជាម្ចាស់បានលើកឡើងពីចំណោមអ្នករាល់គ្នាទៅឯស្ថានសួគ៌នេះ ព្រះអង្គនឹងយាងត្រលប់មកវិញតាមរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានសួគ៌»។
12 បន្ទាប់មក ពួកគេក៏ត្រលប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡិមវិញ ភ្នំនោះនៅជិតក្រុងយេរូសាឡិម គឺមានចម្ងាយដើរអស់មួយថ្ងៃសប្ប័ទ។
13 ពេលចូលដល់ក្នុងក្រុងហើយ ពួកគេក៏ឡើងទៅបន្ទប់ជាន់លើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមានលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុប ត្រូវជាកូនរបស់លោកអាល់ផាយ លោកស៊ីម៉ូនជាអ្នកជាតិនិយម និងលោកយូដាសត្រូវជាកូនរបស់លោកយ៉ាកុប។
14 ពួកអ្នកទាំងអស់នេះព្រមព្រៀងគ្នាបន្ដអធិស្ឋានជាមួយនាងម៉ារាត្រូវជាម្ដាយរបស់ព្រះយេស៊ូ និងប្អូនៗរបស់ព្រះអង្គ ព្រមទាំងស្ដ្រីឯទៀតៗដែរ។
15 នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖
16 «បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលទុកតាមរយៈមាត់របស់ស្ដេចដាវីឌអំពីយូដាស ដែលត្រលប់ជាអ្នកនាំគេមកចាប់ព្រះយេស៊ូនោះត្រូវតែបានសម្រេច។
17 ព្រោះគាត់ក៏ត្រូវបានរាប់ជាគ្នាយើង ហើយបានទទួលចំណែកនៅក្នុងកិច្ចការនេះដែរ។
18 បន្ទាប់មក អ្នកនេះបានយកប្រាក់រង្វាន់នៃអំពើទុច្ចរិតរបស់ខ្លួនទៅទិញដីស្រែមួយកន្លែង ហើយក៏ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅទាំងអស់
19 ហើយពួកអ្នកនៅក្រុងយេរូសាឡិមបានដឹងរឿងនេះគ្រប់គ្នា ដូច្នេះពួកគេក៏ហៅដីនោះជាភាសារបស់ពួកគេផ្ទាល់ថា អាកិលដាម៉ា ដែលមានន័យថា «ស្រែឈាម»។
20 សេចក្ដីនេះមានចែងទុកក្នុងគម្ពីរទំនុកតម្កើងថា៖ «ចូរឲ្យលំនៅរបស់វាត្រលប់ជាទីសោះកក្រោះ ហើយកុំឲ្យមានមនុស្សណាម្នាក់រស់នៅទីនោះ» និង«ចូរឲ្យអ្នកផ្សេងទៀតទទួលយកកិច្ចការរបស់វាចុះ»
21 ដូច្នេះ ត្រូវតែឲ្យម្នាក់ពីអ្នកទាំងនេះដែលបាននៅជាមួយយើងគ្រប់ពេលវេលាក្នុងកាលដែលព្រះអម្ចាស់យេស៊ូគង់នៅក្នុងចំណោមយើងនៅឡើយ
22 គឺចាប់តាំងពីគ្រាដែលយ៉ូហានធ្វើពិធីជ្រមុជទឹករហូតដល់ថ្ងៃ ដែលព្រះជាម្ចាស់បានលើកព្រះអង្គចេញពីយើងទៅ គឺត្រូវឲ្យម្នាក់នោះធ្វើជាសាក្សីជាមួយយើងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ»។
23 ដូច្នេះពួកគេក៏ជ្រើសរើសមនុស្សពីរនាក់ គឺលោកម៉ាត់ធាស និងលោកយ៉ូសែបដែលហៅថា បារសាបាស ឬយូស្ទុស។
24 បន្ទាប់មក ពួកគេបានអធិស្ឋានថា៖ «ឱព្រះអម្ចាស់អើយ! ព្រះអង្គយល់ចិត្ដមនុស្សគ្រប់គ្នា សូមបង្ហាញឲ្យយើងដឹងថា ព្រះអង្គជ្រើសរើសអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងពីរនេះ
25 ដើម្បីទទួលយកកិច្ចការនេះ ព្រមទាំងតួនាទីជាសាវកជំនួសយូដាសដែលបានបែរចេញ ហើយទៅតាមផ្លូវរបស់គាត់»។
26 បន្ទាប់មកពួកគេក៏ចាប់ឆ្នោត ហើយចាប់ចំលោកម៉ាត់ធាស ដូច្នេះពួកគេក៏រាប់បញ្ចូលលោកម៉ាត់ធាសជាមួយពួកសាវកទាំងដប់មួយ។
Pašlaik izvēlēts:
Acts of the Apostles 1: KCB
Izceltais
Dalīties
Kopēt
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Flv.png&w=128&q=75)
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.