កំណើតពិភពលោក 1
1
ដើមកំណើតពិភពលោក និងដើមកំណើតមនុស្សលោក
កំណើតពិភពលោក
1កាលពីដើមដំបូងបង្អស់ អុលឡោះបានបង្កើតផ្ទៃមេឃ និងផែនដី។ 2នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយរសអុលឡោះនៅរេរាពីលើផ្ទៃទឹក។
3អុលឡោះមានបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ 4អុលឡោះឃើញថា ពន្លឺនោះល្អប្រសើរហើយ អុលឡោះក៏បានញែកពន្លឺចេញពីភាពងងឹត។ 5អុលឡោះហៅពន្លឺថា “ថ្ងៃ” និងហៅភាពងងឹតថា “យប់”។ ពេលនោះ មានល្ងាចមានព្រឹក គឺជាថ្ងៃទីមួយ។
6អុលឡោះមានបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ 7អុលឡោះបានបង្កើតលំហដ៏រឹងមាំនោះ អុលឡោះញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។ 8អុលឡោះហៅលំហដ៏រឹងមាំនោះថា “មេឃ”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីពីរ។
9អុលឡោះមានបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ 10អុលឡោះហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ អុលឡោះហៅថា “សមុទ្រ”។ អុលឡោះឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។ 11អុលឡោះមានបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែ ដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន 12គឺ តិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ អុលឡោះឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ 13ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។
14អុលឡោះមានបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសំគាល់ សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ 15ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។
16អុលឡោះបានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាង ឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាង ឲ្យគ្រប់គ្រងនៅពេលយប់។ អុលឡោះក៏បង្កើតផ្កាយទាំងឡាយដែរ។ 17អុលឡោះបានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី 18ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ អុលឡោះឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ 19ពេលនោះមានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
20អុលឡោះមានបន្ទូលថា៖ «ចូរមានសត្វ រស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
21អុលឡោះបានបង្កើតសត្វដ៏ធំៗអស្ចារ្យ ក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌ ពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយអុលឡោះក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ 22អុលឡោះប្រទានពរដល់វា ដោយមានបន្ទូលថា៖ «ចូរបង្កើតកូនចៅ ឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។ 23ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
24អុលឡោះមានបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ 25អុលឡោះបានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
26អុលឡោះមានបន្ទូលថា៖ «យើងបង្កើតមនុស្ស ជាតំណាងរបស់យើង មានលក្ខណៈខ្លះដូចយើង ដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
27អុលឡោះបានបង្កើតមនុស្ស
ជាតំណាងរបស់អុលឡោះ
អុលឡោះបានបង្កើតគេឲ្យមានលក្ខណៈខ្លះ
ដូចទ្រង់
អុលឡោះបានបង្កើតគេជាបុរសជាស្ត្រី។
28អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។ 29អុលឡោះមានបន្ទូលថា៖ «មើល៍ យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងដើមឈើដែលមានផ្លែមានគ្រាប់បន្តពូជ ឲ្យអ្នករាល់គ្នា ធ្វើជាអាហារ 30យើងក៏ឲ្យស្មៅខៀវខ្ចីទាំងប៉ុន្មានដល់សត្វព្រៃទាំងអស់ ដល់បក្សាបក្សីទាំងអស់នៅលើមេឃ ដល់សត្វទាំងអស់ដែលលូនវារនៅលើដី គឺដល់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិត ធ្វើជាអាហារដែរ» នោះក៏កើតមានដូច្នោះមែន។
31អុលឡោះឃើញអ្វីៗទាំងអស់ ដែលទ្រង់បានបង្កើតមក អុលឡោះឈ្វេងយល់ថា ល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។
© 2014 United Bible Societies, UK.