បន្ទប់ដកខ្យល់ដង្ហើម គំរូ

Breathing Room

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

នៅក្នុងភាពវឹកវរនៃកិច្ចប្រជុំ ព្រឹត្ដិការណ៍ ភារកិច្ច ការដឹកជញ្ជូនកូនៗទៅរៀន មើលថែឪពុកម្ដាយចាស់ជរា បម្រើដល់មនុស្សដទៃ ស្វែងរក "ពេលសម្រាប់ខ្លួនឯង" រត់ទិញរបស់របរត្រូវការ ធ្វើដំណើរកាត់ចរាចរណ៍ស្ទះក្នុងទីក្រុង ប្រឹងរកពេលសម្រាប់មើលថែជំងឺខ្លួនឯង និងការអស់កម្លាំងរលីងនោះ... មានពេលខ្លះ ខ្ញុំចង់តែ "ដេកនៅវាលស្មៅខៀវខ្ចី" ឬ អង្គុយ "នៅក្បែរទឹកហូរគ្រឿនៗ" តែប៉ុណ្ណឹង។ (តែបើអត់បានទេ ឲ្យតែបានកាហ្វេមួយកែវ និងអង្គុយសម្រាកនៅមុខសំយាបផ្ទះនោះក៏បានដែរ។ ចុះអ្នកវិញយ៉ាងម៉េចដែរ?)

យើងត្រូវការកន្លែងសម្រាប់ដកខ្យល់ដង្ហើម។

កន្លែងសម្រាប់ដកខ្យល់ គឺជាទីសម្រាកមួយកន្លែង សម្រាប់រូបអ្នករវាងនឹងព្រំប្រទល់នៃការខិតខំហួសកំណត់របស់អ្នក។ វាជាទីដែលអ្នកអាចមានកិច្ចសន្ទនាជាមួយមិត្ដជិតស្និទ្ធរបស់អ្នក ដោយមិនចាំបាច់មានអារម្មណ៍អន្ទះអន្ទែងត្រូវការបញ្ឈប់។ វាជាទីសម្រាប់ឲ្យអ្នកអាចចំណាយពេលបរិភោគអាហារល្ងាចជាមួយក្រុមគ្រួសារ ដោយមិនចាំបាច់ធ្វើដំណើរផង ហូបបាយតាមផ្លូវផង។ វាជាទី ដែលអ្នកអាចឲ្យដោយភាពសប្បុរស ពីព្រោះអី អ្នកមិនបានចំណាយរាល់ប្រាក់កាសដែលអ្នកខំស្វែងរកបាននោះដែរ។ ទីកន្លែងសម្រាប់ដកខ្យល់ គឺជាទីដែលអាចឲ្យយើងធ្វើអ្វីដោយមិនមានភាពតានតឹង មិនមានលក្ខណៈវឹកវរ ហើយឲ្យយើងអាចដាក់អាទិភាពសម្រាប់ជីវិតរបស់យើងសាជាថ្មីដែរ។

ខ្ញុំដឹងថា អ្នកពិតជាយល់ស្របដូចជារូបខ្ញុំ ថារបៀបខាងលើ ពិតជាស្ដាប់ទៅ មានអារម្មណ៍សុខស្រួល ប្រសើរជាជាងអារម្មណ៍ដែលដូចដើរផុតៗជើង តេលតាលៗ ដោយការខិតខំប្រឹងលើសពេក និងការដាក់ចិត្ដប្ដេជ្ញាធ្វើហួសកម្រិតពេក របស់យើងនោះហើយ។ តែទោះជាយ៉ាងនោះវិញ បើសម្លឹងមើលមួយភ្លែត ទៅកាន់បញ្ជីកិច្ចការត្រូវធ្វើ ឬប្រតិទិន នោះប្រាកដជាបង្ហាញឲ្យយើងឃើញ—ដូចសម្រាប់មនុស្សភាគច្រើន—ថាអ្នកពិតជាពិបាកនឹងបន្ថយល្បឿន មានពេលដកដង្ហើមណាស់។

ដូច្នេះ តើមានអ្វីទៅដែលកំពុងរុញច្រានអ្នកឲ្យរស់នៅលើសពីព្រំប្រទល់កំណត់របស់អ្នកនោះ?

វាពិតជាពិបាកក្នុងការសម្គាល់ ហើយក៏ពិបាកបន្តិចឲ្យយើងទទួលស្គាល់ដែរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថា ទង្វើទាំងនេះគឺជាសេចក្ដីភ័យខ្លាច។ គឺថា យើងខ្លាចនឹងបាត់បង់ មិនបានធ្វើ មិនដូចគេ ដូច្នេះហើយយើងព្យាយាមញាត់ពេលទៅលេងមិត្ដភក្ដិតាមក្រុម ទោះបើខ្លួន អស់កម្លាំងរលីងពីខ្លួន។ ខ្ញុំភ័យថាខ្លួនមិនបានដល់ មិនដូចអ្នកដទៃ ដូច្នេះ ខ្ញុំព្យាយាមស្វែងរក ស្រាវជ្រាវនូវឡានថ្មីៗ ទោះបើឡានដែលខ្លួនមានសព្វថ្ងៃ វាដំណើរការយ៉ាងល្អល្មមគ្រប់គ្រាន់។ ខ្ញុំខ្លាចថា ធ្វើឲ្យអ្នកនៅជុំវិញខ្ញុំខកចិត្ដ ដូច្នេះ ខ្ញុំក៏យល់ព្រមចូលរួមទៅក្នុងក្រុមគណៈកម្មាធិការ ទោះបើរូបខ្ញុំមិនមានភាពឆេះឆួលសម្រាប់គម្រោងកម្មវិធីនោះក៏ដោយចុះ... ម៉េចដែរ តើអ្វីដែលខ្ញុំចែកចាយខ្លះៗនេះ ត្រូវនឹងសាច់រឿងបងប្អូនខ្លះដែរអត់?

សេចក្ដីភ័យខ្លាច វាខ្សឹបដាក់ត្រចៀកនូវពាក្យភូតកុហក ដោយប្រាប់ថា យើងមិនដើរទាន់គេ មិនស៊ីវីល័យទេ ប្រសិនបើយើងមិនមាននេះ មិនមាននោះ។ ដូច្នេះហើយ យើងខំដាក់អ្វីៗបំពេញប្រតិទិនរបស់យើង ហើយប្រើធនធានទាំងប៉ុន្មានដែលខ្លួនមាន អស់ពីក្នុងកុងធនាគារ។ ក្ដីភ័យខ្លាចវាលួចយកនូវទីសម្រាប់ដកខ្យល់ដង្ហើមរបស់យើង។ ប៉ុន្តែ តើបងប្អូនមានដឹងនូវសេចក្ដីបង្គាប់ ក្នុងព្រះគម្ពីរ ដែលថ្លែងប្រាប់យើងម្ដងហើយម្ដងទៀត ថាយ៉ាងម៉េចដែរឬទេ? ចូរកុំភ័យខ្លាច។ ព្រះជាម្ចាស់ប្រាប់យើងថា កុំឲ្យភាពភ័យខ្លាចធ្វើបាប និងជិះជាន់យើង។ ព្រះអង្គបានផ្ដល់ឲ្យយើងនូវរបៀបដ៏សាមញ្ញមួយ ដើម្បីឲ្យយើងយកឈ្នះលើវាបាន។

ថ្ងៃស្អែក យើងនឹងមើលទៅកាន់របៀបដែលព្រះជាម្ចាស់បានបបួលយើង (អស់រយៈពេលរាប់ពាន់ឆ្នាំហើយ) ឲ្យយើងអាចនាំមកនូវទីសម្រាប់ដកដង្ហើមមកកាន់ក្នុងជីវិតរបស់យើងវិញ។ តែក្នុងពេលឥឡូវនេះ ចូរមើលទៅកាន់ប្រតិទិនរបស់អ្នក រួចសួរខ្លួនឯងថា៖ តើមានកិច្ចការណាដែលខ្ញុំត្រូវបំពេញ និងសម្រេចចិត្ដយល់ព្រមធ្វើ ដោយសារតែខ្ញុំភ័យខ្លាច មិនបានទាន់គេ ឬធ្វើឲ្យនរណាម្នាក់ខកចិត្ដ ប្រសិនបើខ្ញុំនិយាយថា មិនយល់ព្រម នោះ?

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Breathing Room

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់... អ្នកជាមនុស្សមិនខ្ជះខ្ជាយពេលវេលាឡើយ។ ប៉ុន្តែ មើលទៅអ្នក ដូចជាល្ហិតល្ហៃ អស់កម្លាំងខ្លាំងណាស់។ ប្រហែលជាអ្នកត្រូវការសម្រាកបន្តិច ត្រូវការ ទីសម្រាកដកខ្យល់ដង្ហើម បន្តិចហើយ មើលទៅ។ មានការអញ្ជើញដ៏សាមញ្ញ ហើយក៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកផងដែរ។ ព្រះជាម្ចាស់ទ្រង់កំពុងតែ ផ្ដល់ឲ្យអ្នកនូវផ្លូវមួយ ដើម្បីឲ្យអ្នកអាចដោះដូរនូវការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់អ្នក ជាមួយនឹងពេលវេលាមួយដែលនឹងនាំឲ្យអ្នកទទួលបាននូវសន្តិភាព។ គម្រោងអានមួយនេះ នឹងបង្ហាញឲ្យអ្នករកឃើញអំពីរបៀបនោះ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច North Point Ministries and Sandra Stanley ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org