ទុកចិត្ដ រួសរាន់ និងសម្រាកគំរូ

Trust, Hustle, And Rest

ថ្ងៃទី 2 ក្នុងចំណោម 4 ថ្ងៃ

ការទុកចិត្ដ

ក្នុងអត្ថបទព្រះគម្ពីរជាច្រើន យើងទទួលបានការប្រាប់ឱ្យដឹង ថាព្រះជាម្ចាស់ គឺជាអង្គ ដែលបង្កើតលទ្ធផល តាមរយៈកិច្ចការងាររបស់យើង គឺមិនមែនជារូបយើងនោះទេ។ ១ របាក្សត្រ ២៩៖១២ ចែងថា៖ «ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ ក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់»។ ចោទិយកថា ៨៖១៧-១៨ ថ្លែងថា៖ «ចូរប្រយ័ត្នក្រែងអ្នកនឹកក្នុងចិត្ដថា "ខ្ញុំមានទ្រព្យសម្បត្តិទាំងនេះ គឺដោយសារឥទ្ធិឫទ្ធិ និងកម្លាំងដៃរបស់ខ្ញុំ"។ ផ្ទុយទៅវិញ ត្រូវនឹកចាំពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដ្បិតគឺព្រះអង្គហើយ ដែលប្រទានឱ្យអ្នកមានឥទ្ធិឫទ្ធិ ឱ្យបានទ្រព្យសម្បត្តិ»។​

នៅក្នុងសម័យកាល ដែលថានរណាម្នាក់ ក៏អាចចាប់ផ្ដើមបង្កើតអាជីវកម្មដ៏ជោគជ័យមួយ ឬផ្ដើមសរសេរសៀវភៅមានការជក់ចិត្ដ បានល្បី មានការចាប់អារម្មណ៍ច្រើន ឬផ្ដើមការផ្សាយសំឡេងជាអាថ៌ មានមនុស្សពេញនិយម នោះយើងប្រាកដជា មានការទាក់ទាញ មានចិត្ដចង់គិត និងគំនិតខំប្រឹងប្រែងរួសរាន់ធ្វើ ដើម្បីឱ្យបានកើតជាលទ្ធផល តាមរយៈការខិតខំខ្នះខ្នែងរបស់យើង ជាមិនខាន។ ដូចដែលយើងនឹងឃើញនូវថ្ងៃស្អែក ព្រះជាម្ចាស់ទ្រង់បង្គាប់បញ្ជាថា យើងខំរួសរាន់ ហើយប្រើប្រាស់កម្លាំងប្រឹងប្រែងរបស់យើង ដើម្បីឱ្យបង្កើតបានជាលទ្ធផល តាមរយៈកម្លាំងញើសឈាមរបស់ខ្លួនឯង។ ប៉ុន្តែ ក្នុងខណៈដែលយើងចូលទៅកាន់ការងារណាថ្មីមួយ យើងត្រូវតែកត់សម្គាល់ទទួលដឹងនូវការពិត ថារាល់លទ្ធផលដែលយើងទទួលបាន និងចេញពីការងាររបស់យើង នោះគឺសុទ្ធសឹងជាផលផ្ដល់ដោយព្រះអម្ចាស់ទាំងអស់។

នៅក្នុង សុភាសិត ជំពូក ១៦ ព្រះបាទសាឡូម៉ូន បានដាក់រៀបចំនូវដំណើរជាចង្វាក់ ទៅលើ ការទុកចិត្ដ ការរួសរាន់ និងការសម្រាក ដែលគួរជាការខិតខំខ្នះខ្នែង របស់គ្រីស្ទបរិស័ទ នានា ដើម្បីបានជាប្រយោជន៍ឱ្យគេអាចយកជាគំរូ។ នៅក្នុងខ ៣ នៃអត្ថបទគម្ពីរនេះ បុរសដែលជាអ្នកប្រាជ្ញជាងគេ នៅក្នុងពិភពលោកនេះ បានបង្គាប់ថា៖ «ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច»។ ហេតុដូច្នេះហើយ មុននឹងអ្នករួសរាន់ធ្វើ ចូរឱ្យយើងត្រូវចេះថ្វាយរាល់គ្រប់កិច្ចការរបស់យើងទៅដល់ព្រះអម្ចាស់។ តើការនេះ យើងអាចអនុវត្ដទៅបាន និងមានរូបលក្ខណៈបង្ហាញឱ្យឃើញ បានយ៉ាងដូចម្ដេចទៅ?

សម្រាប់អ្នកដាក់ដំណើរកិច្ចនេះ ជាលើកដំបូង រូបភាពនោះ មានលក្ខណៈយ៉ាងដូច្នេះ គឺដូចជាការគោរពប្រព្រឹត្ដតាម ដូចអ្វីដែលយើងបានអានក្នុងខគម្ពីរខាងលើ ហើយរក្សាព្រះបន្ទូលនេះជាប់នៅក្នុងដួងចិត្ដរបស់យើង ដើម្បីជាប្រយោជន៍ ឱ្យព្រះបន្ទូលទាំងនេះ បន្តរំឭកដល់យើង ឱ្យយើងយល់ជ្រាបថា មិនមែនជាយើងទេ ប៉ុន្តែជាព្រះជាម្ចាស់ទៅវិញ ដែលជាអ្នកបង្កើតលទ្ធផលក្នុងកិច្ចការងាររបស់យើង។ បន្ទាប់មក យើងត្រូវថ្វាយកិច្ចការរបស់យើង ទៅដល់ព្រះអម្ចាស់ នៅពេលដែលយើងចូលទៅចំពោះព្រះអង្គ ក្នុងសេចក្ដីអធិស្ឋាន ហើយថ្លែងចេញជាពាក្យ ដែលថា យើងប្រាកដជាទុកចិត្ដដល់ព្រះអង្គ។ ជាចុងក្រោយ បន្ថែមពីលើការថ្លែង ស្ដីពីការទុកចិត្ដរបស់យើងនៅក្នុងព្រះអង្គ នោះចូរយើងប្រកាសដល់ខ្លួនឯង ហើយទៅចំពោះព្រះជាម្ចាស់។ វាពិតជាសំខាន់ណាស់ ដែលថាយើងត្រូវថ្លែងចេញនូវពាក្យនៃការទុកចិត្ដនេះ ទៅដល់អស់អ្នកដែលនៅជុំវិញខ្លួនយើង នោះដែរ។ នៅក្នុងសង្គមដែលមានការជឿទុកចិត្ដ ទៅលើពាក្យមួយឃ្លាថា "ខ្លួនទីពឹងខ្លួន" ចូរឱ្យយើងដែលជាគ្រីស្ទបរិស័ទ ញែកខ្លួនចេញជាដោយឡែក ដើម្បីបង្ហាញមនុស្សឱ្យគេបានដឹងនិងស្គាល់ ថាព្រះជាម្ចាស់ មិនមែនរូបយើងទេ ដែលជាអ្នកទទួលខុសត្រូវចំពោះការបង្កើតលទ្ធផលតាមរយៈកិច្ចការងាររបស់យើងនោះ។

ប៉ុន្តែ ដូចជាអ្វីដែលយើងនឹងសម្លឹងមើលឃើញនៅថ្ងៃស្អែក ការទុកចិត្ដ គ្រាន់តែជាបំណែកមួយនៃដំណើរក្នុងជីវិតមានព្រះតែប៉ុណ្ណោះ។ ដើម្បីឱ្យបានជាឧបករណ៍ដ៏មានប្រសិទ្ធភាព នៅក្នុងព្រះហស្ដនៃព្រះដែលត្រាស់ហៅយើង នោះយើងត្រូវតែខិតខំរួសរាន់ នៅក្នុងកិច្ចការងារដែលយើងបានជ្រើសរើសបំពេញ នោះផងដែរ។

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Trust, Hustle, And Rest

ព្រះគម្ពីរបានបង្គាប់បញ្ជាដល់យើង ឱ្យយើងចេះខិតខំប្រឹងធ្វើការងារ ប៉ុន្តែ ព្រះបន្ទូលក៏ប្រាប់ដល់យើងថា អ្នកដែលបង្កើតលទ្ធផលតាមរយៈកិច្ចការងាររបស់យើង នោះគឺជាព្រះទៅវិញ—មិនមែនជាយើងទេ។ ដូចដែលគម្រោងអានរយៈពេល ៤ថ្ងៃនេះ នឹងបង្ហាញ អ្នកជំនាញ អ្នកជំនួញ ជាគ្រីស្ទបរិស័ទ ត្រូវចេះចុះចូល ឱបក្រសោប នូវសម្ពាធរវាង "ការទុកចិត្ដ" និង "ការរួសរាន់" ដើម្បីឱ្យបានរកឃើញនូវថ្ងៃសប្ប័ទ ដែលជាថ្ងៃឈប់សម្រាក ដ៏ពិតប្រាកដ។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក យូដាន់ រ៉េណ័រ (Jordan Raynor) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.jordanraynor.com/trust/