សត្រូវនៃដួងចិត្តគំរូ
អេនឌី ស្ទេនលី៖ សត្រូវនៃដួងចិត្ត
ថ្ងៃស្មឹងស្មាធិ៍ទី ៥
"ចូរនាំរាល់បំណងចិត្តប្រាថ្នារបស់អ្នកថ្វាយទៅព្រះ"
អត្ថបទគម្ពីរ៖ យ៉ាកុប ៤៖១-៣
រាល់សត្រូវទាំងប៉ុន្មាននៃដួងចិត្ត សុទ្ធតែទទួលបានថាមពល ដោយសារតែការយល់ថា មាននរណាម្នាក់ ជាប់ជំពាក់អ្វីមួយ។ ចិត្តជាប់ទោសនិយាយថា៖ «ខ្ញុំជាប់ជំពាក់បំណុលអ្នក»។ កំហឹងទទួលបានថាមពលព្រោះតែគំនិតថា អ្នកជាប់ជំពាក់រូបខ្ញុំ។ ចិត្តលោភលន់បន្តមានជីវិតរស់នៅ ដោយសារតែការស្មានថាខ្លួនខ្ញុំជំពាក់ខ្លួនឯង។ វិបត្តិបញ្ហានៃដួងចិត្តទី ៤ នេះ គឺមិនខុសគ្នាប៉ុន្មានទេ។ វាគឺជាចិត្តច្រណែនចង់បាន។ ចិត្តច្រណែននិយាយថា៖ «ព្រះជាម្ចាស់ជំពាក់រូបខ្ញុំ»។
នៅពេលយើងគិតអំពីចិត្តច្រណែន ឬចិត្តឈ្នានីស ភ្លាមនោះ គឺយើងគិតអំពីអ្វីៗដែលអ្នកដទៃមាន ប៉ុន្តែគិតថាខ្លួនឯងនៅខ្វះ—ដូចជារូបសម្រស់ ជំនាញ ឱកាស សុខភាព កម្ពស់ កេរ្តិ៍មរតក ។ល។ យើងនឹកស្មានថាបញ្ហារបស់យើងគឺស្ថិតនៅលើមនុស្សដែលមានទ្រព្យដែលយើងមិនមាន។ ប៉ុន្តែចូរប្រឈមនឹងបញ្ហានេះ។ ព្រះជាម្ចាស់អាចជួសជុលរាល់បញ្ហាទាំងអស់នេះបានសម្រាប់រូបយើង។ រាល់អ្វីៗដែលព្រះអង្គបានប្រទានពរទៅដល់អ្នកជិតខាងរបស់យើង នោះព្រះអង្គក៏អាចប្រទានមកឱ្យរូបយើងផងដែរ។ ហេតុដូច្នេះហើយបានជាអ្នកមានអារម្មណ៍ពីក្នុងចិត្តថាព្រះអង្គជំពាក់រូបអ្នក។
ចិត្តច្រណែនអាចបង្កហេតុតក់ស្លុតក្នុងជីវិតរបស់អ្នក ហើយវាអាចបំផ្លិចបំផ្លាញរាល់ទំនាក់ទំនងរបស់អ្នកបាន។ ដំណឹងល្អនោះគឺថា រោគចិត្តដ៏អាក្រក់នេះ ដូចនឹងវិបត្តិចិត្តទាំងបីទៀត នោះគឺវាមានចំណុចខ្សោយដែរ។ ហើយចំណុចខ្សោយនោះ ប្រហែលមិនដូចជាអ្វីដែលអ្នកគិតនោះទេ៖ ចូរឈប់គិតប្រាថ្នាចង់បានអ្វីដែលអ្នកដទៃមាន ហើយចាប់ផ្ដើមទូលសូមព្រះសម្រាប់អ្វីៗដែលព្រះអង្គជ្រាបថាល្អបំផុតសម្រាប់អ្នកវិញ។
ដូច លោក យ៉ាកុប បានសរសេរ វិបត្តិខាងក្រៅរបស់យើង គឺជាលទ្ធផលផ្ទាល់ដែលមានចេញពីខាងក្នុងចិត្ត ដែលវារកផ្លូវឃើញ ចេញមកផ្ទៃខាងក្រៅ។ យើងចង់បានអ្វីមួយ ប៉ុន្តែយើងមិនមានវា ដូច្នេះយើងទៅវាយប្រហារអ្នកដទៃ។ ដូចមានចែងនៅក្នុងអត្ថបទព្រះគម្ពីរនេះ ចិត្តប៉ងប្រាថ្នាដែល លោក យ៉ាកុប ថ្លែងសំដៅទៅលើ នោះគឺជាអ្វីមួយដែលតំណាងឱ្យចិត្តស្រេកឃ្លាន ដែលមិនចេះឆ្អែត—វាជាការស្រេកចង់បានរបស់របរ ប្រាក់កាស ការទទួលស្គាល់ពីអ្នកដទៃ ភាពជោគជ័យ ឋានៈតំណែង ភាពជិតស្និទ្ធ ការសម្រេចចំណង់ផ្លូវភេទ ភាពរីករាយ ទំនាក់ទំនង កិច្ចសហការជាដៃគូ។
ដូច្នេះ តើយើងនឹងធ្វើយ៉ាងណាជាមួយនឹងចិត្តប៉ងប្រាថ្នាចង់បាន និងចំណង់ចង់បាន ដែលមិនអាចបំពេញបាន និងរហូតដល់មិនអាចចម្អែតបាននោះ? លោក យ៉ាកុប ថ្លែងថា យើងត្រូវយកវាទៅថ្វាយព្រះ ដែលជាអ្នកបង្កើតរាល់គ្រប់របស់សព្វសារពើ តាំងពីដើម។ បើនិយាយឱ្យស្រួលស្តាប់ លោក យ៉ាកុប កំពុងតែឱ្យយើងនូវការអនុញ្ញាត ដើម្បីឱ្យយើងអាចចែករំលែកឱ្យអស់ពីចិត្តនូវកិច្ចសន្ទនាត្រង់ៗ ដោយមិនលាក់លៀមជាមួយនឹងព្រះអាទិកររបស់យើង។
រាល់គ្រប់កង្វល់ដែលយើងមាន មិនថាធំនិងតូច គឺសុទ្ធតែជារឿងព្រះវរបិតាយកព្រះទ័យទុកដាក់ ដោយព្រោះតែ អ្នក គឺជាមនុស្សដ៏សំខាន់ចំពោះព្រះបិតា។ មិនថាវាជាប់ទាក់ទងនឹងជីវិត រឿងអាជីពការងារ រឿងចំណងអាពាហ៍ពិពាហ៍ រឿងឪពុកម្ដាយ រឿងកូនៗរបស់អ្នក រឿងថវិការបស់អ្នក រឿងការសិក្សារបស់អ្នក ឬសម្រស់និងរូបរាងខាងក្រៅរបស់អ្នកនោះទេ ចូរនាំវាមកថ្វាយចំពោះព្រះអង្គ។ ហើយនៅបន្តយកវាមកថ្វាយព្រះរហូតដល់អ្នកអាចស្វែងរកនូវភាពសុខសាន្ត ដើម្បីឱ្យអ្នកអាចក្រោកពីការលុតជង្គង់របស់អ្នក ហើយអាចទៅប្រឈមនឹងព្រឹត្តិការណ៍ដែលមានក្នុងថ្ងៃខាងមុខ ទាំងមានទំនុកចិត្តនៅក្នុងចំណេះដឹង ថាព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នក។
ខ្ញុំសូមលើកទឹកចិត្ត និងបញ្ជាក់ដល់អ្នក ថាដួងចិត្តរបស់អ្នក នឹងតែងតែជាសំណប់ចិត្ត ចំពោះព្រះហឫទ័យនៃព្រះ។
តើចិត្តរបស់អ្នកកំពុងតែឈឺចាប់ដោយព្រោះរឿងអ្វី? ចូរចំណាយពេលដោយសេរី នៅក្នុងកិច្ចសន្ទនាដែលគ្មានអ្វីមករំខាន ជាមួយនឹងព្រះ ដោយប្រាប់ពីរាល់អ្វីៗដែលអ្នកមានអារម្មណ៍ថាអ្នកកំពុងតែខ្វះខាត។ ចូរទូលសូមព្រះអង្គឱ្យប្រទានពរដល់អ្នក នៅក្នុងរបៀបដែលព្រះអង្គជ្រាបថាល្អបំផុតសម្រាប់អ្នក—និងដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់ព្រះអង្គ មកកាន់រូបអ្នកនៅក្នុងដំណើរជីវិតជាប្រចាំថ្ងៃនេះ។
យើងខ្ញុំសង្ឃឹមថាអ្នកទទួលបានមេរៀនល្អនិងរីករាយជាមួយនឹងវេលាស្មឹងស្មាធិ៍រយៈពេល ៥ ថ្ងៃ ជាមួយនឹង លោកគ្រូ អេនឌី តាមរយៈគម្រោងអានក្នុងកម្មវិធីព្រះគម្ពីរ ដោយ YouVersion ក្រោមចំណងជើងថា៖ «សត្រូវនៃដួងចិត្ត»។ ចូរមកជីកឱ្យកាន់តែជ្រៅ និងស្វែងរកមើលការព្យាបាលនិងការស្ដារឡើងវិញ សម្រាប់រដូវកាលយូរអង្វែង ដោយជាវសៀវភៅរបស់ លោកគ្រូ អេនឌី សត្រូវនៃដួងចិត្ត - Enemies of the Heart នៅតាមបណ្ណាគារដែលមានលក់នៅក្បែរអ្នក ឬតាមគេហទំព័រ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ប្រៀបដូចជាបេះដូងខាងឯរូបកាយដែលមិនមានសុខភាពល្អអាចបំផ្លាញដល់រាងកាយ នោះចិត្តខាងឯផ្លូវអារម្មណ៍និងវិញ្ញាណដែលមិនមានសុខភាពល្អ ក៏អាចបំផ្លាញរូបអ្នក ហើយនិងទំនាក់ទំនងទាំងឡាយរបស់អ្នកដែរ។ សម្រាប់រយៈពេល ៥ ថ្ងៃជាបន្តបន្ទាប់ខាងមុខនេះ សូមអនុញ្ញាតឱ្យ លោកគ្រូ អេនឌី ស្ទេនលី (Andy Stanley) ជួយដល់អ្នក ឱ្យមើលទៅក្នុងរូបខ្លួនអ្នកផ្ទាល់ ចំពោះសត្រូវទាំងបួននៃដួងចិត្ត ដែលវាមាននៅក្នុងមនុស្សគ្រប់រូប — ចិត្តជាប់ក្នុងទោស កំហឹង ភាពលោភលន់ និងចិត្តច្រណែនឈ្នានីស — ហើយនិងបង្រៀនដល់អ្នក ពីរបៀបដែលអ្នកអាចលុបបំបាត់វាចេញពីចិត្តរបស់អ្នកបាន។
More