សត្រូវនៃដួងចិត្តគំរូ

Enemies Of The Heart

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

អេនឌី ស្ទេនលី៖ សត្រូវនៃដួងចិត្ត

ថ្ងៃស្មឹងស្មាធិ៍ទី ៣

"លះចោលក្ដីឈឺចាប់និងកំហឹង"

អត្ថបទគម្ពីរ៖ អេភេសូរ ៤៖២៥-៣២

សត្រូវទីពីរនៃដួងចិត្ត នោះគឺជាកំហឹង។ យើងមានចិត្តខឹងនៅពេលណាដែលយើងមិនទទួលបានអ្វីដែលយើងចង់បាន។

បង្ហាញឱ្យខ្ញុំឃើញពីនរណាម្នាក់ដែលគាត់ខឹង នោះខ្ញុំនឹងបង្ហាញឱ្យអ្នកឃើញពីមនុស្សដែលកំពុងតែឈឺចាប់។ ហើយខ្ញុំធានាថាម្នាក់នោះគាត់ពិតជាឈឺចាប់ ក៏ដោយព្រោះតែមាននរណាយកអ្វីមួយពីគាត់។ មាននរណាម្នាក់ជំពាក់អ្វីមួយចំពោះគាត់។

យើងគ្រប់គ្នាសុទ្ធតែស្គាល់ពីមនុស្សដែលធ្លាប់ខឹង ហើយកំហឹងរបស់គាត់ អាចបង្ហាញចេញជាពាក្យសម្ដីក្នុងរូបភាពមួយចំនួន ដូចតទៅនេះ៖ «អ្នកឯងបានបំផ្លាញកិត្តិយសរបស់ខ្ញុំ»។ «អ្នកឯងបានលួចពីក្រុមគ្រួសាររបស់ខ្ញុំ»។ «អ្នកឯងបានបង្ហិនពេលដ៏ល្អអស្ចារ្យនៃជីវិតរបស់ខ្ញុំ»។ «អ្នកឯងបានលួចសង្សាររបស់ខ្ញុំ ហើយរៀបការជាមួយគ្នា»។ «អ្នកឯងបានបំផ្លាញពេលវ័យជំទង់របស់ខ្ញុំ»។ «អ្នកឯងបានលួចភាពបរិសុទ្ធរបស់ខ្ញុំ»។ «អ្នកឯងនៅជំពាក់ការដំឡើងប្រាក់ខែឱ្យខ្ញុំ»។ «អ្នកឯងមិនឱ្យឱកាសដល់ខ្ញុំសម្រាប់ការព្យាយាមសោះ»។ «អ្នកឯងមិនឱ្យខ្ញុំមានពេលកែខ្លួនទេ»។ «អ្នកឯងមិនផ្ដល់ក្ដីស្រឡាញ់ឱ្យខ្ញុំទេ»។

ឫសគល់នៃកំហឹង នោះគឺជាការជ្រាបយល់ ថាមានអ្វីមួយដែលនរណាបានយកពីអ្នក។ មានអ្វីមួយដែលគេបានជំពាក់នឹងអ្នក។ ហើយឥឡូវនេះ ទំនាក់ទំនងបែបកូនបំណុលនិងមេបំណុល កំពុងតែបង្កើតឱ្យមានឡើង។

ចុះចំណែកអ្នកវិញ? តើមានបំណុលណាដែលកំពុងតែបង្កឱ្យអ្នកមានកំហឹង នៅក្នុងអារម្មណ៍របស់អ្នក?

តើអ្នកនឹងអនុញ្ញាតឱ្យមនុស្សដែលធ្វើឱ្យអ្នកឈឺចាប់ នៅបន្តគ្រប់គ្រងលើជីវិតរបស់អ្នក ដល់ពេលណាទៀត? មួយខែទៀត? មួយឆ្នាំទៀត? មួយរដូវកាលទៀត? តើដល់ពេលណា?

ខ្ញុំចង់ផ្ដល់ជាមតិយោបល់មួយថា ថ្ងៃនេះគឺជាថ្ងៃដែលអ្នកត្រូវបញ្ឈប់ការតោងទៅលើអ្វីៗដែលនាំឱ្យអ្នកឈឺចាប់ហើយ!

ពិតប្រាកដណាស់ថាអ្វីៗដែលបានកើតមានឡើងហើយ អ្នកមិនអាចបង្វែរវាឱ្យវិលថយក្រោយ ឬកែប្រែវាវិញបានទេ ប៉ុន្តែវាក៏ជាការពិតដែរ ដែលថាអ្នកពុំគួរអនុញ្ញាតឱ្យអតីតកាលនោះ វាទៅគ្រប់គ្រងទៅលើអនាគតរបស់អ្នកដែរ។ នៅក្នុង អេភេសូរ ជំពូកទី ៤ យើងបានទទួលការបង្គាប់បញ្ជាមួយឱ្យ "ចូរដកអស់ទាំងសេចក្ដីជូរចត់ ចិត្តក្ដៅក្រហាយ និងកំហឹង"។ ហើយធ្វើដូច្នេះដោយ "អត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឱ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ"។

ថ្នាំព្យាបាលសម្រាប់កំហឹង នោះគឺជាការអត់ឱនទោស។ ប្រសិនបើយើងនៅរង់ចាំ ដើម្បីឱ្យគេបានសងចំពោះរាល់កំហុសឆ្គងដែលគេបានប្រព្រឹត្តមកលើយើង នោះយើងនឹងក្លាយទៅជាអ្នកដែលត្រូវបង់ថ្លៃ។ តែប្រសិនបើយើងគឺជាអ្នកដែលលុបបំបាត់បំណុលដែលបានជំពាក់មកលើយើង នោះយើងនឹងបានទទួលការរំដោះឱ្យមានសេរីភាព។

ខ្ញុំជឿថាសត្រូវមួយនៅក្នុងថាមពលដ៏កាចសាហាវទាំងបួន ដែលយើងយកមកពិភាក្សានៅក្នុងគ្រាស្មឹងស្មាធិ៍ទាំងប៉ុន្មានថ្ងៃនេះ នោះគឺជារឿងមួយនេះ—កំហឹងដែលមិនទាន់បានស្រាយឱ្យចេញរួចពីការឈឺចាប់ ទោះជាធ្វើដោយចេតនា ឬអចេតនា—ព្រោះកំហឹងគឺជាបញ្ហាយ៉ាងបំផ្លិចបំផ្លាញមែនទែន។ តែទោះជាយ៉ាងនេះក្ដី នៅក្នុងវិធីមួយមិនពិបាក វាក៏ជារឿងងាយស្រួលក្នុងការយកឈ្នះបានដែរ។ អ្នកគ្រាន់តែដាក់ចិត្ត និងសម្រេចថាលុបបំបាត់បំណុលនោះតែប៉ុណ្ណឹង។ អ្នកសម្រេចចិត្តទាំងប្រកាសថា៖ «អ្នកលែងជំពាក់អ្វីខ្ញុំទៀតហើយ»។

អ្នកអាចធ្វើតាមដំណើរជំហានទាំងបួននេះ នៅថ្ងៃនេះ៖ (១) សម្គាល់ថាមាននរណាដែលអ្នកកំពុងតែខឹងនឹងគេ (២) កំណត់ថាគេជំពាក់អ្វីចំពោះអ្នក (៣) លុបចោលបំណុលនោះ ដោយការអត់ទោសឱ្យគេ (៤) កុំអនុញ្ញាតឱ្យកំហឹងកើនចម្រើនឡើងសាជាថ្មីម្ដងទៀត។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Enemies Of The Heart

ប្រៀបដូចជាបេះដូងខាងឯរូបកាយដែលមិនមានសុខភាពល្អអាចបំផ្លាញដល់រាងកាយ នោះចិត្តខាងឯផ្លូវអារម្មណ៍និងវិញ្ញាណដែលមិនមានសុខភាពល្អ ក៏អាចបំផ្លាញរូបអ្នក ហើយនិងទំនាក់ទំនងទាំងឡាយរបស់អ្នកដែរ។ សម្រាប់រយៈពេល ៥ ថ្ងៃជាបន្តបន្ទាប់ខាងមុខនេះ សូមអនុញ្ញាតឱ្យ លោកគ្រូ អេនឌី ស្ទេនលី (Andy Stanley) ជួយដល់អ្នក ឱ្យមើលទៅក្នុងរូបខ្លួនអ្នកផ្ទាល់ ចំពោះសត្រូវទាំងបួននៃដួងចិត្ត ដែលវាមាននៅក្នុងមនុស្សគ្រប់រូប — ចិត្តជាប់ក្នុងទោស កំហឹង ភាពលោភលន់ និងចិត្តច្រណែនឈ្នានីស — ហើយនិងបង្រៀនដល់អ្នក ពីរបៀបដែលអ្នកអាចលុបបំបាត់វាចេញពីចិត្តរបស់អ្នកបាន។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោកគ្រូ អេនឌី ស្ទេនលី និង ម៉ល នម៉ា (Andy Stanley and Multnomah) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​bit.ly/2gNB92i