វិលបកក្រោយពីវិបត្តិនៃអារម្មណ៍គំរូ
សូមឱ្យខ្ញុំបានរំឭកដល់អ្នកនូវសេចក្ដីពិតដ៏សំខាន់មួយអំពីអារម្មណ៍៖ វាមិនមែនជាបញ្ញានោះទេ។
អារម្មណ៍វាមិនចេះគិតនោះទេ។ វាក៏មិនអាចឆ្លើយតបមកវិញបានដែរ។ អារម្មណ៍ត្រូវតែខ្ចីពីគំនិត ដើម្បីបង្កើតឱ្យបានជាទឹកចិត្ដ។ ហេតុដូច្នេះហើយ បើមាននរណា ឬអ្វីមួយ បានគ្រប់គ្រងនៅលើគំនិតរបស់អ្នក នោះវានឹងគ្រប់គ្រងទៅលើការមានអារម្មណ៍របស់អ្នកដែរ។ អារម្មណ៍របស់អ្នកបានបង្កើតឡើង និងបានគ្រប់គ្រងដោយការគិតរបស់អ្នក ដោយយោងលើស្ថានភាពដែលអ្នកមាននៅក្នុងជីវិតរបស់អ្នក។ អញ្ចឹង ប្រសិនបើអ្នកចង់រៀនចេះគ្រប់គ្រង ធ្វើជាម្ចាស់នៅលើអារម្មណ៍របស់អ្នក ហើយអាចយកឈ្នះលើបន្ទាយអារម្មណ៍នៅក្នុងជីវិតរបស់អ្នកបាន នោះអ្នកត្រូវតែចេះគ្រប់គ្រងធ្វើជាម្ចាស់ទៅលើការគិតរបស់អ្នកដែរ។
នៅពេលណាដែលអ្នកចេះសម្របនិងតម្រង់គំនិតរបស់អ្នកជាមួយនឹងសេចក្ដីពិតរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានស្រាយខ្លួនឱ្យមានសេរីភាព។
ចូរសម្លឹងមើលទៅរូបអ្នកនៅមុខកញ្ចក់ បន្តិចលមើល។ មនុស្សនោះឯង ដែលអ្នកមើលឃើញ គាត់គឺជាអ្នកដែលបានឆ្កាងរួមគ្នា បញ្ចុះរួមគ្នា ហើយរស់ឡើងវិញរួមគ្នា ជាមួយនឹងអង្គព្រះគ្រីស្ទ។ នៅក្នុងព្រះនេត្រនៃព្រះជាម្ចាស់ នៅពេលដែលព្រះយេស៊ូវបានសុគត ជាង ពីរពាន់ឆ្នាំមុន នោះអ្នកក៏បានស្លាប់រួមជាមួយព្រះអង្គផងដែរ។ នៅពេលដែលព្រះអង្គបានបញ្ចុះសព នោះអ្នកក៏បានដាក់ផ្ដេកទៅក្នុងផ្នូរជាមួយនឹងព្រះអង្គដែរ។ នៅពេលដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ នោះអ្នកក៏បានរស់ឡើងវិញ រួមជាមួយនឹងព្រះអង្គដូចគ្នា។ ទោះបីជាអ្នកទើបតែបានជឿលើព្រះគ្រីស្ទក្នុងរយៈពេលខ្លីនោះក្ដី ក៏ព្រះជាម្ចាស់បានទទួលយករាល់អ្វីដែលបានកើតឡើងចំពោះព្រះយេស៊ូវ ច្រើនឆ្នាំកន្លងទៅ មកដាក់ជាបំណែកនៃការពិតសម្រាប់វិញ្ញាណរបស់អ្នកដែរ។
អារក្សសាតាំង ជាចៅហ្វាយដ៏ពូកែ ខាងដាក់ការគិតនៅក្នុងគំនិតរបស់អ្នក ហើយវាឱ្យអ្នកគិត ថាគំនិតទាំងនោះ បានកើតឡើងដោយខ្លួនអ្នកផ្ទាល់។ ប្រហែលជាអ្នកអាចឮវាកំពុងតែនិយាយអ្វីមួយ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនអាចយកឈ្នះលើការមិនចេះគោរពខ្លួនឯង ការគ្មានទំនុកចិត្ដលើខ្លួនឯង ហើយនិងការប្រៀបធៀបជាមួយនឹងអ្នកដទៃទៀត បាននោះឡើយ។ ខ្ញុំមិនអាចមានសេរីភាព ចេញពីអន្ទាក់និងច្រវ៉ាក់នៃអារម្មណ៍នោះដែរ។ ខ្ញុំមិនអាចប្រឆាំងទម្លាប់ចាស់ ដែលនាំឱ្យខ្ញុំតែងតែធ្លាក់ទៅក្នុងការបាក់ទឹកចិត្ដនេះបានទេ»។ វាអាចនិយាយការអស់ទាំងនេះទៅដល់រូបអ្នក ឬប្រហែលជាអ្នកអាចនិយាយអ្វីអស់ទាំងនេះ ទៅលើខ្លួនឯង ប៉ុន្តែ ដើម្បីឱ្យអ្នកអាចយកឈ្នះទៅលើគំនិតបែបនេះ នោះអ្នកត្រូវតែឈប់ជឿលើការកុហកទាំងប៉ុន្មាននោះ។ ពាក្យពេចន៍នៃគំនិតទាំងប៉ុន្មាននោះ អាចប្រហែលជាត្រឹមត្រូវ នៅពេលដែលមនុស្សចាស់ របស់អ្នក នៅមានជីវិត ប៉ុន្តែ ជីវិតចាស់នោះ បានស្លាប់រួមជាមួយនឹងព្រះគ្រីស្ទ នៅលើឈើឆ្កាង ទៅហើយ។ អ្នកជាមនុស្សថ្មី មានជីវិតថ្មីទាំងស្រុង ឥឡូវនេះ (២ កូរិនថូស ៥៖១៧)។
តើមានសេចក្ដីកុហកណាខ្លះ ដែលអ្នកកំពុងតែជឿ ចំពោះខ្លួនឯង?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅពេលណាដែលជីវិតរបស់អ្នកមិនដើរស្របតាមព្រះបន្ទូលនៃព្រះ នោះអ្នកនឹងទទួលរងនូវលទ្ធផលដ៏ឈឺចាប់ សឹងតែជៀសមិនផុត។ នៅពេលដែលអារម្មណ៍របស់អ្នក វាខុសប្រក្រតី ហើយវាចាប់ផ្ដើមកំណត់ពីសុខភាពរបស់អ្នក នោះអ្នកប្រហែលជាអាចរកឃើញថា អ្នកបានចាក់សោខ្លួនឯង នៅក្នុងគុកដែលខ្លួនអ្នកផ្ទាល់ជាអ្នកបង្កើត ដែលគុកនោះ ពិតជាពិបាកឱ្យអ្នកគេចរួចខ្លួនមែន។ អ្នកត្រូវការស្វែងរកលំនឹងដែលត្រឹមត្រូវ ហើយរៀនពីរបៀបទុកចិត្ដលើព្រះជាម្ចាស់។ សូមអនុញ្ញាតឱ្យ លោក ថូនី អេវិន (Tony Evans) បង្ហាញពីផ្លូវ ដែលនាំឱ្យអ្នកមានសេរីភាពនៅក្នុងអារម្មណ៍ អញ្ចឹង។
More