ការចាប់ផ្ដើមនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវគំរូ
"តើព្រះជាម្ចាស់ជានរណាដែរ?"
ការស្គាល់នូវគោលគំនិតសំខាន់ៗមួយចំនួនអំពីព្រះជាម្ចាស់នឹងអាចជួយដល់អ្នក ក្នុងខណៈពេលអ្នកចាប់ផ្ដើមដើរតាមព្រះអង្គ។ ដូច្នេះ ចូរឲ្យយើងនិយាយអំពីចរិតលក្ខណៈបួនរបស់ព្រះជាម្ចាស់៖
ព្រះជាម្ចាស់គង់នៅអស់កល្បជានិច្ច
ព្រះជាម្ចាស់ទ្រង់ប្រើពាក្យពេចន៍ទាំងប៉ុន្មានដែលមនុស្សមាន ដើម្បីពិពណ៌នាអំពីទ្រង់ផ្ទាល់ ដោយបង្ហាញថា ទ្រង់គង់នៅក្រៅពេលវេលា៖ គ្មានទីបញ្ចប់ អស់កល្បជានិច្ច ជារៀងរហូត ក្នុងបច្ចុប្បន្នកាល នៅអតីតកាល ហើយនិង នៅក្នុងអ្វីៗដែលនឹងកើតមានឡើងផង។ ព្រះជាម្ចាស់គឺជាព្រះអស់កល្ប។ ភាពអស់កល្បមិនមែនមានន័យថា រយៈពេលយ៉ាងយូរអង្វែងនោះឡើយ។ ពាក្យនេះ មានន័យថា "គ្មានដែនកំណត់ពេលវេលា"។ នេះជាអត្ថន័យ បង្ហាញថា "នៅក្រៅទំហំនៃពេលវេលា"។
ព្រះជាម្ចាស់សព្វព្រះទ័យមាននូវទំនាក់ទំនង
ព្រះបន្ទូលបង្រៀនតាមអត្ថបទព្រះគម្ពីរច្រើនកន្លែងថា ព្រះជាម្ចាស់មានជាបីអង្គរួមមួយដែលសាមគ្គីគ្នាយ៉ាងល្អឥតខ្ចោះ។ នេះមានន័យថា ព្រះត្រៃឯក។ ជាជាងការមានវត្ដមានជាព្រះ មានរូបរាង តែឯកអង្គឯង ព្រះជាម្ចាស់ដែលព្រះគម្ពីរបានចែង គឺជា ព្រះបិតា ព្រះរាជបុត្រា (ព្រះយេស៊ូវគ្រិស្ដ) និង ជាព្រះវិញ្ញាណដ៏វិសុទ្ធ។ ទ្រង់គឺជាព្រះអង្គដែលបែងចែកផ្សេងៗពីគ្នា ប៉ុន្តែព្រះអង្គគង់នៅ និង ធ្វើកិច្ចការតែមួយយ៉ាងល្អក្រៃលែងរួមគ្នា។
ព្រះជាម្ចាស់ទ្រង់ល្អឥតខ្ចោះ
ព្រះជាម្ចាស់គ្មានគុណវិបត្ដិ ហើយក៏នឹងមិនដែលត្រូវការធ្វើឲ្យប្រសើរឡើងថែមទៀតនោះទេ។ ព្រះអង្គគ្មានចន្លោះខ្វះខាត--ចំពោះ ចរិតលក្ខណៈ ភាពបរិសុទ្ធ ព្រះតម្រិះ អំណាចចេស្ដា ឬ ឬទ្ធានុភាពឡើយ។ នេះជាពិសេស បើសេចក្ដីពណ៌នាទាំងនេះ ត្រូវប្រៀបផ្ទឹមនឹងមនុស្សយើង។ ព្រះជាម្ចាស់ទ្រង់ល្អឥតខ្ចោះ ក្នុងគ្រប់សេចក្ដីល្អទាំងអស់។ ព្រះគម្ពីរបានចែងថា៖ «ព្រះជាម្ចាស់ទ្រង់ជាពន្លឺ ហើយក្នុងទ្រង់គ្មាននូវសេចក្ដីងងឹតណាទាល់តែសោះ» (១ យ៉ូហាន ១៖៥)។
ព្រះជាម្ចាស់ជា "សព្វគ្រប់ទាំងអស់"
ព្រះជាម្ចាស់ទ្រង់មានវត្ដមានសព្វកន្លែង ទ្រង់ជាព្រះមាន សព្វអំណាចចេស្ដា ហើយព្រះអង្គទ្រង់មាន សព្វពញ្ញុញាណ (សព្វបញ្ញាញាណ)។ ពាក្យទាំងនេះ មានន័យដូច្នេះ (តាមលំដាប់លំដោយ) គឺថា ព្រះជាម្ចាស់ "ទ្រង់គង់នៅគ្រប់ទីកន្លែង" "ទ្រង់មានគ្រប់ទាំងអំណាចព្រះចេស្ដា" ហើយព្រះអង្គ "ទ្រង់ជ្រាបសព្វគ្រប់សារពើ"។ ព្រះអង្គមានឬទ្ធានុភាព ក្នុងការគង់នៅគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ព្រះអង្គមានអំណាចចេស្ដាលើគ្រប់អ្វីៗទាំងអស់។ ហើយទ្រង់ក៏ដឹងរាល់គ្រប់កិច្ចការទាំងអស់ផង។
ដូច្នេះ តើហេតុអ្វីបានជាយល់ដឹងអំពីការទាំងអស់នេះមាននូវសារៈសំខាន់?
ការស្គាល់អំពីភាពអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់នាំឲ្យខ្ញុំមាននូវសេចក្ដីសង្ឃឹម។ ការដឹងថាព្រះអង្គសព្វព្រះទ័យមានទំនាក់ទំនង នោះមានន័យថា ខ្ញុំអាចចូលទៅជិតព្រះ មានកិច្ចសន្ទនាជាមួយនឹងព្រះអង្គ។ ការយល់ថាព្រះជាម្ចាស់ទ្រង់ល្អឥតខ្ចោះ មានន័យថា ទោះបីជាពេលខ្លះខ្ញុំមិនអាចយល់ពីស្ថានការណ៍ណាមួយបានក៏ដោយ ក៏ខ្ញុំអាចទុកចិត្ដព្រះជាម្ចាស់បានដែរ។ ហើយការយល់ដឹងថាព្រះអង្គជាព្រះមាន សព្វគ្រប់ទាំងអស់ មានន័យថា ព្រះអង្គគឺជាព្រះដែលកាន់កាប់អំណាច មានចេស្ដា ទ្រង់នឹងមិនទុកយើងឲ្យនៅតែឯកឯង ហើយគឺថា អ្វីៗទាំងអស់ដែលជាទង្វើអាក្រក់ ក៏នឹងត្រូវកម្ចាត់ចោលផង។
ដូច្នេះ តើព្រះជានរណាដែរទៅ? ព្រះអង្គគឺជាព្រះដែលបានបង្កើតអ្នក។ ព្រះអង្គគឺជាព្រះដែលស្រឡាញ់អ្នក លើសពីក្ដីនឹកស្រម៉ៃរបស់អ្នក។ ហើយព្រះអង្គក៏ជាព្រះដែលបានផ្ដល់នូវព្រះរាជបុត្រាផ្ទាល់របស់ទ្រង់ ព្រះនាមព្រះយេស៊ូវគ្រិស្ដ ឲ្យសុគត ជាប្រយោជន៍ដើម្បីឲ្យ ព្រះអង្គអាចទទួលនូវទំនាក់ទំនងដ៏អស់កល្បជាមួយនឹងអ្នកផង។
ការស្គាល់អំពីព្រះជាម្ចាស់ បំផ្លាស់បំប្រែទស្សនៈយល់ឃើញរបស់យើងចំពោះមនុស្ស--យើងចាប់ផ្ដើមមើលឃើញថាពួកគេ មាននូវព្រលឹងអស់កល្ប មិនមែនគ្រាន់តែជារូបកាយរស់នៅបណ្ដោះអាសន្ននោះឡើយ។
ការយល់ដឹងអំពីព្រះជាម្ចាស់ជួយឲ្យយើងអាចប្រឈមនឹងទុក្ខលំបាកផ្សេងៗ។ ការស្គាល់ព្រះជាម្ចាស់មានន័យថា យើងមិនចាំបាច់មានអារម្មណ៍ថាជីវិតលើសពីសមត្ថភាពគ្រប់គ្រងរបស់យើងនោះឡើយ។ ការស្គាល់យល់ដឹងអំពីព្រះជាម្ចាស់ នាំឲ្យយើងស្ថិតនៅក្នុងភាពបន្ទាបខ្លួន និង ជីវិតមានគោលបំណង។ ហើយការស្គាល់ព្រះជាម្ចាស់នាំឲ្យយើងដឹងថាជីវិតរបស់យើងពិតជាមានន័យ។
អំពីគម្រោងអាននេះ
តើអ្នកកំពុងតែចាប់ផ្ដើមជំនឿថ្មីនៅក្នុងអង្គព្រះយេស៊ូវគ្រិស្ដមែនទេ? តើអ្នកចង់យល់បន្ថែមទៀតអំពីជំនឿរបស់គ្រិស្ដបរិស័ទ ប៉ុន្តែ មិនទាន់ច្បាស់ថាត្រូវសួរអ្វី ឬ សួររបៀបណាមែនអត់? អ៊ីចឹង ចូរអ្នកចាប់ផ្ដើមនៅទីនេះ។ ដកស្រង់ពីសៀវភៅ "ចាប់ផ្ដើមពីទីនេះ" ដោយលោក ដាវីឌ ដ្វែក (David Dwight) និង នីកូល យូនីស (Nicole Unice)។
More