ការចាប់ផ្ដើមនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវគំរូ
"ការផ្ដល់ជូន ដោយឲ្យជម្រើស"
ចំណុចមួយដ៏ចំណាននៃជំនឿរបស់គ្រិស្ដបរិស័ទនោះ គឺថា ទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវ គឺជាការផ្ដល់ជូន ដោយឲ្យយើងមានជម្រើសជានិច្ច។ អ្វីដែលព្រះទ្រង់ផ្ដល់ជូន មិនមែនជាការបង្ខិតបង្ខំឡើយ។
មានពេលមួយ មានបុរសវ័យក្មេងម្នាក់បានរត់ទៅកាន់ព្រះយេស៊ូវ គាត់បានសួរព្រះអង្គថា តើគាត់ត្រូវ "ធ្វើ" យ៉ាងដូចម្ដេច ដើម្បីឲ្យគាត់ទទួលបាននូវជីវិតដ៏អស់កល្បជានិច្ចនោះ (ម៉ាកុស ១០៖១៧-២២)។ ដូចជាអ្វីដែលព្រះយេស៊ូវទ្រង់តែងធ្វើជារឿយៗ ព្រះអង្គបាននាំគាត់ទៅកាន់ការសន្ទនាមួយ ដើម្បីអនុញ្ញាតឲ្យគាត់ឃើញអំពីរូបខ្លួនគាត់ឲ្យបានកាន់តែច្បាស់។
ដូច្នេះ ព្រះយេស៊ូវមិនសួរបុរសទៀងត្រង់នេះនូវសំណួរណាមួយឡើយ។ ទ្រង់គ្រាន់តែចាប់ផ្ដើមដោយរៀបរាប់នូវក្រឹត្យវិន័យរបស់ពួកសាសន៍យូដា តែពេលនោះបុរសវ័យក្មេងនោះ ក៏បាននិយាយកាត់ព្រះអង្គផងដែរថា៖ «បាទ ព្រះអង្គ ទូលបង្គំស្គាល់ទាំងអស់ ហើយក៏បានប្រព្រឹត្ដការទាំងនោះផងដែរ!» ប៉ុន្តែអ្វីដែលព្រះយេស៊ូវមានបន្ទូលបន្ទាប់គឺជាអ្វីដ៏គួរឲ្យចាប់អារម្មណ៍មែនទែន។ នៅក្នុង ម៉ាកុស ១០៖២១ បានចែងថា៖ «ព្រះយេស៊ូវបានសម្លឹងមើលទៅកាន់គាត់ ហើយបានស្រឡាញ់គាត់»។
ព្រះយេស៊ូវបានសម្លឹងមើល។ ព្រះអង្គមិនបានថ្លែងនូវសេចក្ដីអធិប្បាយណាមួយ។ ទ្រង់មិនបានចង្អុលប្រាប់ការនេះមួយ ការនេះពីរទេ។ តែជួសវិញ ព្រះអង្គបានសម្លឹងមើលទៅចំបុរសវ័យក្មេងម្នាក់នោះ ហើយទ្រង់បានបែរព្រះទ័យនិងគំនិតផងទ្រង់ទាំងអស់ ទាំងយកចិត្ដទុកដាក់ ចំពោះបុរសម្នាក់នេះ។ ទ្រង់អញ្ជើញគាត់ ឲ្យគាត់បានចូលរួមនៅក្នុងទំនាក់ទំនងមួយ។
ព្រះយេស៊ូវបានស្រឡាញ់។ ដោយសារតែការសម្លឹងមើលឃើញ ទើបសេចក្ដីស្រឡាញ់កើតចាប់មានឡើង។ ក្ដីស្រឡាញ់នោះ មិនស្ថិតលើការគោរពប្រតិបត្ដិក្រឹត្យវិន័យយ៉ាងខ្នះខ្នែងរបស់បុរសនោះ ឬ ផលបុណ្យដែលបុរសនោះបានធ្វើយ៉ាងអស្ចារ្យនោះដែរ។ ព្រះយេស៊ូវបានសម្លឹងមើល និងបានស្រឡាញ់គាត់ដោយគិតតែអំពីរូបបុរសនោះផ្ទាល់ប៉ុណ្ណោះ។
វាជាការជាក់ច្បាស់ដែលថាបុរសវ័យក្មេងម្នាក់នោះគាត់ពិតជាចូលចិត្ដនូវ គំនិត របស់ព្រះយេស៊ូវ ហើយគាត់ចង់ជ្រើសជម្រើសអ្វីដែលល្អ។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវបានផ្ដល់ជូននូវការស្នើទាក់ទងនឹងទំនាក់ទំនង ហើយបរិបទនៃទង្វើនោះ គឺជាការប្ដេជ្ញាចិត្ដទាំងស្រុងវិញ៖ «ចូរទៅ លក់របស់ទ្រព្យសម្បត្ដិដែលអ្នកមាន ហើយផ្ដល់ជូនទៅឲ្យអ្នកក្រខ្សត់ចុះ ហើយអ្នកនឹងមានទ្រព្យសម្បត្តិនៅក្នុងស្ថានបរមសុខ។ បន្ទាប់មក ចូលមកតាមខ្ញុំ» (ម៉ាថាយ ១៩៖២១)។
នៅពេលដែលព្រះយេស៊ូវបានសម្លឹងមើល ហើយស្រឡាញ់បុរសម្នាក់នេះ ទ្រង់ជ្រាប់យ៉ាងច្បាស់នូវអ្វីដែលព្រះអង្គត្រូវសួរដល់គាត់ ដើម្បីបើកសំដែងនូវចិត្ដពិតរបស់គាត់។ ដោយការដាក់សម្ពាធទៅលើបញ្ហានៃទ្រព្យសម្បត្ដិ ព្រះយេស៊ូវបានកាត់ច្រៀកចំចិត្ដនៃការគិតអ្វីជាការសំខាន់របស់បុគ្គលម្នាក់នោះ។
ដូច្នេះ ព្រះយេស៊ូវទ្រង់បានសម្លឹងមើលទៅកាន់គាត់ ហើយបាន ផ្ដល់ជូនចំពោះគាត់នូវ ជម្រើសមួយ សម្រាប់ឲ្យគាត់បានចូលរួមនៅក្នុងទំនាក់ទំនង។ តែយ៉ាងណាមិញ បុរសវ័យក្មេងនោះ បានដើរចេញឆ្ងាយទៅ។ នេះហើយគឺជាអ្វីដែលព្រះជាម្ចាស់ចង់ធ្វើឲ្យយើងភ្ញាក់ផ្អើល។ ព្រះជាម្ចាស់ ទ្រង់ជាអ្នកកាន់កាប់រាល់ចេស្ដានៅក្នុងទំនាក់ទំនងជាមួយនឹងយើងម្នាក់ៗ ប៉ុន្តែ អ្វីដែលជាការភ្ញាក់ផ្អើល នោះគឺថា ព្រះអង្គផ្ដល់ឲ្យយើងនូវសេរីភាព ដើម្បីឲ្យយើងអាចទទួលយល់ព្រម ឬ មិនមិនយល់ព្រមចំពោះព្រះអង្គ។
មានពេលខ្លះ មនុស្សគេបាននិយាយឡើងថា៖ «ប្រសិនបើ ព្រះជាម្ចាស់ទ្រង់សព្វព្រះទ័យចង់ឲ្យយើងមាននូវទំនាក់ទំនងជាមួយនឹងទ្រង់ តើហេតុអ្វីបានជាព្រះអង្គមិនដាក់គម្រោងកម្មវិធី (បញ្ជា) ឲ្យយើងធ្វើតាមព្រះអង្គតែម្ដងទៅ?» ប៉ុន្តែ ចូរដឹងថា សេចក្ដីស្រឡាញ់ មិនអាចរៀបចំតម្លើងបានដូចជាកម្មវិធីកំព្យូទ័របាននោះឡើយ។ ប្រសិនបើយើងត្រូវបានបង្ខិតបង្ខំឲ្យធ្វើការយល់ព្រមចំពោះព្រះយេស៊ូវ បង្ខិតបង្ខំឲ្យក្លាយទៅជាគ្រិស្ដបរិស័ទ ការនេះនឹងប្រឆាំងចំពោះចរិតលក្ខណៈរបស់ព្រះជាម្ចាស់ ហើយនិង ខុសស្រឡះពីគំនិតចំបងនៃជំនឿលើព្រះគ្រិស្ដទៅវិញ--និយាយឲ្យចំៗទៅ អ្វីដែលព្រះយេស៊ូវទ្រង់ផ្ដល់ជូន គឺមានមូលដ្ឋានស្ថិតនៅលើសេចក្ដីស្រឡាញ់ ដែលជាទម្រង់នៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើអ្នកកំពុងតែចាប់ផ្ដើមជំនឿថ្មីនៅក្នុងអង្គព្រះយេស៊ូវគ្រិស្ដមែនទេ? តើអ្នកចង់យល់បន្ថែមទៀតអំពីជំនឿរបស់គ្រិស្ដបរិស័ទ ប៉ុន្តែ មិនទាន់ច្បាស់ថាត្រូវសួរអ្វី ឬ សួររបៀបណាមែនអត់? អ៊ីចឹង ចូរអ្នកចាប់ផ្ដើមនៅទីនេះ។ ដកស្រង់ពីសៀវភៅ "ចាប់ផ្ដើមពីទីនេះ" ដោយលោក ដាវីឌ ដ្វែក (David Dwight) និង នីកូល យូនីស (Nicole Unice)។
More