រ៉ូម 9:19-29

រ៉ូម 9:19-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ប្រហែល​ជា​សួរ​ខ្ញុំ​ថា «បើ​ដូច្នេះ ម្ដេច​ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​បន្ទោស​មនុស្ស​ទៀត? តើ​មាន​នរណា​អាច​ប្រឆាំង​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ?»។ ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​ព្រះ‌ជា‌ម្ចាស់​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ? ។ ជាង​ស្មូន​យក​ដី​ទៅ​សូន​ធ្វើ​អ្វី​ក៏​បាន គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃ‌ថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។ រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ព្រះ‌ពិរោធ និង​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ព្រះអង្គ​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​ព្រះ‌ពិរោធ​ ហើយ​ត្រូវ​វិនាស​អន្តរាយ។ ព្រះអង្គ​ក៏​ចង់​បង្ហាញ​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប​របស់​ព្រះអង្គ ចំពោះ​អស់​អ្នក​ដែល​ព្រះអង្គ​មេត្តា‌ករុណា​ដែរ​ ជា​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុងរឿង ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*​ហូសេ​ថា: «អ្នក​ដែល​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​ហៅ​គេ​ថា​ជា​ប្រជា‌រាស្ត្រ​របស់​យើង រីឯ​ជាតិ​សាសន៍​ដែល​យើង​មិន​បាន​ស្រឡាញ់ យើង​នឹង​ហៅ​គេ​ថា​ជា​ជាតិ​សាសន៍ ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជា‌រាស្ដ្រ​របស់​យើង​ទេ!” ត្រង់​នោះ គេ​នឹង​មាន​ឈ្មោះ​ថា​ជា​បុត្រ របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់» ​ ។ រីឯ​ព្យាការី​អេសាយ​វិញ លោក​បាន​ប្រកាស​អំពី​សាសន៍​អ៊ីស្រា‌អែល​ថា: ទោះ​បី​សាសន៍​អ៊ីស្រា‌អែល​បាន​កើន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ហើយ​ក៏​ដោយ មាន​តែ​មួយ​ចំនួន​តូច សល់​ពី​ស្លាប់​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ការ​សង្គ្រោះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​គ្រប់​ប្រការ​ទាំង​អស់ យ៉ាង​ឆាប់ៗ​នៅ​ផែនដី​នេះ ។ មួយ​វិញ​ទៀត ព្យាការី​អេសាយ​ក៏​បាន​ថ្លែង​ទុក​ជា​មុន​មក​ថា: ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ​ មិន​បាន​ទុក​កូន​ចៅ​យើង​មួយ​ចំនួន ឲ្យ​នៅ​សល់​ទេ នោះ​យើង​នឹង​វិនាស​ទៅ​ដូច​ជា​អ្នក​ក្រុង​សូដុម ហើយ​យើង​ក៏​ប្រៀប​បី​ដូច​ជា​អ្នក​ក្រុង កូម៉ូរ៉ា​ដែរ ​ ។

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:19-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នៅ​តែ​ប្រកាន់​ទោស​ទៀត? ដ្បិត​តើ​អ្នក​ណា​អាច​តតាំង​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​បាន?» ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ? តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​លើ​ដី​ឥដ្ឋ ដើម្បី​យក​ដុំ​ដី​ដដែល​ទៅ​សូន មួយ​ធ្វើ​ជា​វត្ថុ​ថ្លៃ​ថ្នូរ ហើយ​មួយ​ទៀត​ជា​វត្ថុ​ធម្មតា​ទេ​ឬ? ចុះ​បើ​ព្រះ​ចង់​បង្ហាញ​សេចក្តី‌ក្រោធ ហើយ​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្ដី​ក្រោធ ដែល​រៀប​ចំ​ឡើង​សម្រាប់​បំផ្លាញ តែ​ទ្រង់​បាន​អត់​ធ្មត់​ជា​ខ្លាំង ហើយ​ចុះ​បើ​ព្រះ‌អង្គ​ចង់​សម្ដែង​សិរី​ល្អ​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្តី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀប​ចំ​ជា​មុន​សម្រាប់​សិរី​ល្អ គឺ​យើង​រាល់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​សាសន៍​យូដា​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ថែម​ទៀត​ផង នោះ​តើ​ដូច​ម្តេច​ទៅ​វិញ? ដូច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖ «យើង​នឹង​ហៅ​អស់​អ្នក​ដែល​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង ថា​ជា​ប្រជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ហៅ​សាសន៍​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា ឯ​ត្រង់​កន្លែង​ណា​ដែល​បាន​ពោល​ទៅ​គេ​ថា "អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង​ទេ" កន្លែង​នោះ​នឹង​ត្រូវ​បាន​គេ​ហៅ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ »។ ឯ​ហោរា​អេសាយ​ស្រែក​ប្រកាស​ពី​សាសន៍​អ៊ីស្រា‌អែល​ថា៖ «ទោះ​ជា​កូន​ចៅ​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ ក៏​មាន​តែ​អ្នក​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ​យ៉ាង​ឆាប់​នៅ​លើ​ផែនដី ឥត​បង្អង់​ឡើយ »។ ដូច​លោក​អេសាយ​បាន​ថ្លែង​ទុក​ជា​មុន​ថា៖ «ប្រសិន‌បើ​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ មិន​បាន​បន្សល់​ពូជ​ទុក​ឲ្យ​យើង​ទេ នោះ​យើង​នឹង​វិនាស​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ជា​ក្រុង​កូម៉ូ‌រ៉ា​មិន​ខាន» ។

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:19-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​តែ​បន្ទោស​ទៀត ដ្បិត​តើ​អ្នក​ណា​បាន​ទទឹង​នឹង​ព្រះ‌ហឫទ័យ​ទ្រង់ ប៉ុន្តែ ឱ​មនុស្ស​អើយ តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន​ធ្វើ​ហើយ នឹង​និយាយ​ទៅ​ជាង​នោះ​ថា ហេតុ​អ្វី​បាន​ជា​សូន​ធ្វើ​អញ​ដូច្នេះ​ឬ​អី តើ​ជាង​ស្មូន​គ្មាន​អំណាច​លើ​ដី​ឥដ្ឋ នឹង​យក​ដុំ​ដី​ដដែល​ធ្វើ​ជា​វត្ថុ​១​សំរាប់​ការ​ដ៏​ប្រសើរ ហើយ​១​ទៀត​សំរាប់​ការ​មិន​ប្រសើរ​ទេ​ឬ​អី ចុះ​បើ​សិន​ជា​ព្រះ‌ទ្រង់​ចង់​សំដែង​សេចក្ដី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ‌ចេស្តា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀបចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ‌ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្ដី​វិសេស​នៃ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​ហៅ​មក មិន​មែន​ពី​សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង នោះ​ធ្វើ​ដូច​ម្តេច​ទៅ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ហូសេ សំដែង​មក​ថា «អញ​នឹង​ហៅ​សាសន៍​នោះ ដែល​មិន​មែន​ជា​រាស្ត្រ​អញ ថា​ជា​រាស្ត្រ​អញ​វិញ ហើយ​អ្នក​នោះ​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា​ដែរ» ដូច្នេះ នៅ​កន្លែង​ដែល​បាន​សំដែង​ថា «ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ» ត្រង់​កន្លែង​នោះ​ឯង​នឹង​ហៅ​គេ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ ឯ​ហោរា​អេសាយ លោក​ក៏​បន្លឺ​ឡើង ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «ទោះ​បើ​ជន‌ជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​បាន​សង្គ្រោះ​តែ​សំណល់​ដែល​សល់​ទេ ដ្បិត​ការ​នោះ​កំពុង​តែ​បង្ហើយ ហើយ​បង្រួម​ជា​ខ្លី ដោយ​សេចក្ដី​សុចរិត ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​កាត់​ការ​នោះ​យ៉ាង​ខ្លី នៅ​លើ​ផែនដី» ដូច​ជា​លោក​អេសាយ​បាន​ទាយ​ទុក​មក​អំពី​មុន​ថា «បើ​សិន​ណា​ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មិន​បាន​ទុក​ពូជ​ឲ្យ​យើង នោះ​យើង​នឹង​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម ហើយ​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ»។

ចែក​រំលែក
អាន រ៉ូម 9