រ៉ូម 9:19-29

រ៉ូម 9:19-29 ពគប

ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​តែ​បន្ទោស​ទៀត ដ្បិត​តើ​អ្នក​ណា​បាន​ទទឹង​នឹង​ព្រះ‌ហឫទ័យ​ទ្រង់ ប៉ុន្តែ ឱ​មនុស្ស​អើយ តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន​ធ្វើ​ហើយ នឹង​និយាយ​ទៅ​ជាង​នោះ​ថា ហេតុ​អ្វី​បាន​ជា​សូន​ធ្វើ​អញ​ដូច្នេះ​ឬ​អី តើ​ជាង​ស្មូន​គ្មាន​អំណាច​លើ​ដី​ឥដ្ឋ នឹង​យក​ដុំ​ដី​ដដែល​ធ្វើ​ជា​វត្ថុ​១​សំរាប់​ការ​ដ៏​ប្រសើរ ហើយ​១​ទៀត​សំរាប់​ការ​មិន​ប្រសើរ​ទេ​ឬ​អី ចុះ​បើ​សិន​ជា​ព្រះ‌ទ្រង់​ចង់​សំដែង​សេចក្ដី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ‌ចេស្តា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀបចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ‌ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្ដី​វិសេស​នៃ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​ហៅ​មក មិន​មែន​ពី​សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង នោះ​ធ្វើ​ដូច​ម្តេច​ទៅ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ហូសេ សំដែង​មក​ថា «អញ​នឹង​ហៅ​សាសន៍​នោះ ដែល​មិន​មែន​ជា​រាស្ត្រ​អញ ថា​ជា​រាស្ត្រ​អញ​វិញ ហើយ​អ្នក​នោះ​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា​ដែរ» ដូច្នេះ នៅ​កន្លែង​ដែល​បាន​សំដែង​ថា «ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ» ត្រង់​កន្លែង​នោះ​ឯង​នឹង​ហៅ​គេ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ ឯ​ហោរា​អេសាយ លោក​ក៏​បន្លឺ​ឡើង ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «ទោះ​បើ​ជន‌ជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​បាន​សង្គ្រោះ​តែ​សំណល់​ដែល​សល់​ទេ ដ្បិត​ការ​នោះ​កំពុង​តែ​បង្ហើយ ហើយ​បង្រួម​ជា​ខ្លី ដោយ​សេចក្ដី​សុចរិត ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​កាត់​ការ​នោះ​យ៉ាង​ខ្លី នៅ​លើ​ផែនដី» ដូច​ជា​លោក​អេសាយ​បាន​ទាយ​ទុក​មក​អំពី​មុន​ថា «បើ​សិន​ណា​ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មិន​បាន​ទុក​ពូជ​ឲ្យ​យើង នោះ​យើង​នឹង​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម ហើយ​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ»។

អាន រ៉ូម 9