រ៉ូម 9:19-29

រ៉ូម 9:19-29 គកស១៦

ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នៅ​តែ​ប្រកាន់​ទោស​ទៀត? ដ្បិត​តើ​អ្នក​ណា​អាច​តតាំង​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​បាន?» ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ? តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​លើ​ដី​ឥដ្ឋ ដើម្បី​យក​ដុំ​ដី​ដដែល​ទៅ​សូន មួយ​ធ្វើ​ជា​វត្ថុ​ថ្លៃ​ថ្នូរ ហើយ​មួយ​ទៀត​ជា​វត្ថុ​ធម្មតា​ទេ​ឬ? ចុះ​បើ​ព្រះ​ចង់​បង្ហាញ​សេចក្តី‌ក្រោធ ហើយ​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្ដី​ក្រោធ ដែល​រៀប​ចំ​ឡើង​សម្រាប់​បំផ្លាញ តែ​ទ្រង់​បាន​អត់​ធ្មត់​ជា​ខ្លាំង ហើយ​ចុះ​បើ​ព្រះ‌អង្គ​ចង់​សម្ដែង​សិរី​ល្អ​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្តី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀប​ចំ​ជា​មុន​សម្រាប់​សិរី​ល្អ គឺ​យើង​រាល់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​សាសន៍​យូដា​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ថែម​ទៀត​ផង នោះ​តើ​ដូច​ម្តេច​ទៅ​វិញ? ដូច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖ «យើង​នឹង​ហៅ​អស់​អ្នក​ដែល​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង ថា​ជា​ប្រជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ហៅ​សាសន៍​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា ឯ​ត្រង់​កន្លែង​ណា​ដែល​បាន​ពោល​ទៅ​គេ​ថា "អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង​ទេ" កន្លែង​នោះ​នឹង​ត្រូវ​បាន​គេ​ហៅ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ »។ ឯ​ហោរា​អេសាយ​ស្រែក​ប្រកាស​ពី​សាសន៍​អ៊ីស្រា‌អែល​ថា៖ «ទោះ​ជា​កូន​ចៅ​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ ក៏​មាន​តែ​អ្នក​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ​យ៉ាង​ឆាប់​នៅ​លើ​ផែនដី ឥត​បង្អង់​ឡើយ »។ ដូច​លោក​អេសាយ​បាន​ថ្លែង​ទុក​ជា​មុន​ថា៖ «ប្រសិន‌បើ​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ មិន​បាន​បន្សល់​ពូជ​ទុក​ឲ្យ​យើង​ទេ នោះ​យើង​នឹង​វិនាស​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ជា​ក្រុង​កូម៉ូ‌រ៉ា​មិន​ខាន» ។

អាន រ៉ូម 9