រ៉ូម 7:1-25

រ៉ូម 7:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ចំពោះ​បង‌ប្អូន​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ក្រឹត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​គេ​មាន​ជីវិត​ប៉ុណ្ណោះ? ឧបមា​ថា ស្ត្រី​ម្នាក់​ដែល​បាន​រៀប‌ការ​តាម​ច្បាប់ ដរាប​ណា​ប្ដី​នៅ​មាន​ជីវិត នាង​ត្រូវ​នៅ​ជាប់​ជាមួយ​ប្ដី តែ​បើ​ប្តី​ស្លាប់​ទៅ នាង​រួច​ពី​ច្បាប់​របស់​ប្តី​ហើយ។ ដូច្នេះ បើ​នាង​រស់​នៅ​ជាមួយ​បុរស​ម្នាក់​ទៀត ពេល​ប្តី​នៅ​រស់ នោះ​នាង​មាន​ឈ្មោះ​ថា ជា​ស្រី្ដ​ផិត​ក្បត់។ ប៉ុន្តែ បើ​ប្តី​របស់​នាង​ស្លាប់ នាង​រួច​ពី​ច្បាប់​នោះ​ហើយ ទោះ​បើ​នាង​រៀប‌ការ​នឹង​បុរស​ម្នាក់​ទៀត ក៏​នាង​មិន​មាន​ឈ្មោះ​ថា​ផិត​ក្បត់​ដែរ។ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ​សារ​ព្រះ​កាយ​របស់​ព្រះ‌គ្រីស្ទ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជាប់​នឹង​ម្នាក់​ទៀត គឺ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ។ ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​បាប ដែល​ជំរុញ​ដោយ​ក្រឹត្យ‌វិន័យ បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​អវយវៈ​របស់​យើង ដើម្បី​បង្កើត​ផល​ផ្លែ​ឲ្យ​សេចក្តី​ស្លាប់។ តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រឹត្យ‌វិន័យ​ហើយ គឺ​ស្លាប់​ខាង​ឯ​ការ​ដែល​បាន​ឃុំ‌ឃាំង​យើង ដើម្បី​ឲ្យ​យើង​គោរព​បម្រើ​តាម​របៀប​ថ្មី​របស់​ព្រះ‌វិញ្ញាណ​វិញ មិន​មែន​តាម​របៀប​ចាស់​របស់​គម្ពីរ​វិន័យ​ឡើយ។ ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។ ប៉ុន្តែ ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ នោះ​ក៏​បង្កើត​ឲ្យ​មាន​ការ​លោភ​លន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ ដ្បិត​បើ​គ្មាន​ក្រឹត្យ‌វិន័យ បាប​ក៏​ស្លាប់​ដែរ។ ពី​ដើម​ខ្ញុំ​រស់​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ លុះ​បញ្ញត្តិ​មក​ដល់ នោះ​បាប​ក៏​រស់​ឡើង ឯ​ខ្ញុំ​ក៏​ស្លាប់ ហើយ​ខ្ញុំ​ឃើញ​ថា បញ្ញត្តិ​ដែល​សន្យា​ឲ្យ​មាន​ជីវិត នោះ​បង្ហាញ​ថា​ខ្ញុំ​មាន​ទោស​ត្រូវ​ស្លាប់​វិញ។ ដ្បិត ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ វា​ក៏​បញ្ឆោត​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​ដោយ​សារ​បញ្ញត្តិ​នោះ​ឯង។ ដូច្នេះ ក្រឹត្យ‌វិន័យ​បរិសុទ្ធ ហើយ​បញ្ញត្តិ​ក៏​បរិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។ តើ​អ្វី​ដែល​ល្អ​នេះ​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​តាម​រយៈ​អ្វី​ដែល​ល្អ​នោះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​គឺ​ជា​បាប ហើយ​តាម​រយៈ​បញ្ញត្តិ​នោះ បាប​ត្រឡប់​ជា​ធ្ងន់​ហួស​ហេតុ។ យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់​ឈាម ដែល​លក់​ខ្លួន​ជា​ទាសករ​ឲ្យ​បាប។ ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ តែ​បែរ​ជា​ធ្វើ​ការ​ណា​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ។ ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន។ តាម​ពិត មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ ខ្ញុំ​ធ្វើ​មិន​កើត។ ខ្ញុំ​មិន​ធ្វើ​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ។ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​បាប​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ​ទេ​តើ។ ដូច្នេះ ខ្ញុំ​រក​ឃើញ​ច្បាប់​មួយ​គឺ ពេល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ល្អ ការ​អាក្រក់​ចេះ​តែ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច។ ដ្បិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ខ្ញុំ​ត្រេក​អរ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ ប៉ុន្តែ ខ្ញុំ​ឃើញ​មាន​ច្បាប់​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​ច្បាំង​នឹង​ច្បាប់​នៃ​គំនិត​របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​នៅ​ក្រោម​ច្បាប់​របស់​បាប ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ។ ខ្ញុំ​នេះ​ជា​មនុស្ស​វេទនា​ណាស់! តើ​អ្នក​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន? សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ដូច្នេះ ដោយ​គំនិត​របស់​ខ្ញុំ ខ្ញុំ​គោរព​បម្រើ​ក្រឹត្យ‌វិន័យ​របស់​ព្រះ តែ​សាច់​ឈាម​របស់​ខ្ញុំ ខ្ញុំ​បែរ​ជា​គោរព​បម្រើ​ច្បាប់​របស់​បាប​ទៅ​វិញ។

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​និយាយ​ចំពោះ​បងប្អូន ដែល​ស្ទាត់​ជំនាញ​ខាង​ច្បាប់ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ច្បាប់​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​នៅ​ឡើយ។ ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្ដី​តាម​ច្បាប់ នាង​នៅ​ជាប់​ជា​មួយ​ប្ដី តែ​ក្នុង​ពេល​ដែល​ប្ដី​មាន​ជីវិត​នៅ​ឡើយ​ប៉ុណ្ណោះ។ បើ​ប្ដី​ស្លាប់ នាង​នឹង​រួច​ផុត​ពី​ច្បាប់​ដែល​ចង​នាង​ឲ្យ​នៅ​ជាប់​នឹង​ប្ដី​នោះ​ហើយ។ ដូច្នេះ ពេល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រសិន​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់។ ផ្ទុយ​ទៅ​វិញ បើ​ប្ដី​នាង​ស្លាប់ នាង​មាន​សេរី‌ភាព​រួច​ផុត​ពី​ច្បាប់ ហើយ​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​ឥត​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់​ទេ។ រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ដោយ‌សារ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​ព្រះ‌គ្រិស្ត​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ‌ជាម្ចាស់ ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ក្រឹត្យ‌វិន័យ​ជំរុញ តណ្ហា​អាក្រក់​ផ្សេងៗ​បាន​សម្តែង​ឥទ្ធិ‌ពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់ តែ​ឥឡូវ​នេះ ដោយ​យើង​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ​ហើយ គឺ​រួច​ផុត​ពី​អ្វីៗ​ដែល​បាន​ឃុំ‌ឃាំង​យើង ដូច្នេះ យើង​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​ថ្មី ដែល​មក​ពី​ព្រះ‌វិញ្ញាណ មិន​មែន​បម្រើ​តាម​របៀប​ចាស់ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។ ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មានក្រឹត្យ‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។ បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​ ។ ពី​ដើម ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ។ លុះ​បញ្ញត្តិ​មក​ដល់ បាប​ក៏​កើត​មាន​ឡើង រីឯ​ខ្ញុំ ខ្ញុំ​ក៏​បាត់​បង់​ជីវិត។ ដូច្នេះ បញ្ញត្តិ​ដែល​ត្រូវ​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​នោះ បែរ​ជា​បណ្ដាល​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​វិញ ដ្បិត​បាប​បាន​ឆ្លៀត​ឱកាស​យក​បញ្ញត្តិ​មក​បោក​បញ្ឆោត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយ‌សារ​បញ្ញត្តិ​នេះ។ ដូច្នេះ ក្រឹត្យ‌វិន័យ​ក៏​វិសុទ្ធ* រីឯ​បញ្ញត្តិ​ក៏​វិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។ តើ​អ្វីៗ​ដ៏​ល្អ​នេះ​បែរ​ជា​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ទេ! គឺ​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់។ បាប​បាន​ប្រើ​វិន័យ​ដែល​ល្អ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​ពិត​ជា​បាប​មែន ហើយ​តាម​រយៈ​បញ្ញត្តិ បាប​លេច​ចេញ​មក​រឹត​តែ​អាក្រក់​ហួស​ហេតុ​ទៅ​ទៀត។ យើង​ដឹង​ស្រាប់​ហើយ​ថា ក្រឹត្យ‌វិន័យ​មក​ពី​ព្រះ‌វិញ្ញាណ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ លក់​ខ្លួន​ដាច់​ថ្លៃ​ឲ្យ​បាប ដ្បិត​ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ កិច្ចការ​ណា​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​មិន​ធ្វើ រីឯ​កិច្ចការ​ណា​ដែល​ខ្ញុំ​ស្អប់ ខ្ញុំ​បែរ​ជា​ធ្វើ​ទៅ​វិញ។ ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា ខ្ញុំ​យល់​ស្រប​នឹង​វិន័យ ហើយ​ទទួល​ស្គាល់​ថា ក្រឹត្យ‌វិន័យ​ពិត​ជា​ល្អ​មែន។ ដូច្នេះ មិន​មែន​ខ្ញុំ​ទេ​ដែល​ប្រព្រឹត្ត​កិច្ចការ​នោះ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថ‌ភាព​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។ ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។ ប្រសិន​បើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ បាន​សេចក្ដី​ថា មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បាប​ស្ថិត​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដែល​ប្រព្រឹត្ត។ ដូច្នេះ ចំពោះ​ខ្ញុំ​ដែល​ចង់​ធ្វើ​អំពើ​ល្អ ខ្ញុំ​សង្កេត​ឃើញ​មាន​គោល‌ការណ៍​មួយ​នេះ​ថា ខ្ញុំ​មាន​សមត្ថ‌ភាព​ធ្វើ​បាន​តែ​អំពើ​អាក្រក់​ប៉ុណ្ណោះ។ ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ណាស់ ក៏​ប៉ុន្តែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ មាន​គោល‌ការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មន‌សិការ​ របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ជា​ឈ្លើយ ធ្វើ​តាម​បញ្ជា​របស់​បាប​ ដែល​ស្ថិត​នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។ ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​បាន? សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា‌អម្ចាស់​នៃ​យើង។ ដូច្នេះ ដោយ‌សារ​គំនិត​ប្រាជ្ញា​របស់​ខ្ញុំ ខ្ញុំ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ តែ​ដោយ‌សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ ខ្ញុំ​បែរ​ជា​ធ្វើ​តាម​បញ្ជា​របស់​បាប​ ​វិញ។

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ដ្បិត​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ដែល​ស្គាល់​ក្រិត្យ‌វិន័យ​ហើយ ថា​ក្រិត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស ដរាប​ដល់​អស់​មួយ​ជីវិត ពី​ព្រោះ​ស្ត្រី​ណា​ដែល​មាន​ប្ដី​នៅ​រស់ នោះ​ជាប់​នឹង​ប្ដី​ដោយ‌សារ​ក្រិត្យ‌វិន័យ ប៉ុន្តែ បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​បាន​រួច​ពី​ច្បាប់​របស់​ប្ដី​ហើយ ដូច្នេះ កាល​ប្ដី​កំពុង​រស់​នៅ​ឡើយ បើ​ស្ត្រី​នោះ​ទៅ​យក​ប្ដី​១​ទៀត នោះ​គេ​សន្មតិ​ហៅ​ថា​ជា​ស្រី​កំផិត តែ​បើ​ប្ដី​ស្លាប់​ទៅ នោះ​នាង​បាន​រួច​ពី​ច្បាប់​នោះ​ហើយ បាន​ជា​ទោះ​បើ​នាង​យក​ប្ដី​១​ទៀត ក៏​មិន​បាន​ហៅ​ថា​ជា​ស្រី​កំផិត​ឡើយ យ៉ាង​ដូច្នោះ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ពី​ខាង​ឯ​ក្រិត្យ‌វិន័យ​ដែរ ដោយ‌សារ​រូប​អង្គ​នៃ​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​ម្នាក់​ទៀត ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្ដី​រំជួល​របស់​អំពើ​បាប ដែល​កើត​ដោយ​នូវ​ក្រិត្យ‌វិន័យ បាន​បណ្តាល​ឲ្យ​អស់​ទាំង​អវយវៈ ក្នុង​រូប‌កាយ​របស់​យើង​រាល់​គ្នា បង្កើត​ផល​ដល់​សេចក្ដី​ស្លាប់ តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រិត្យ‌វិន័យ​ហើយ ដោយ​បាន​ស្លាប់​ក្នុង​សេចក្ដី​ដែល​ឃុំ‌ឃាំង​យើង​ទុក ប្រយោជន៍​ឲ្យ​យើង​បាន​គោរព​ប្រតិ‌បត្តិ ដោយ​វិញ្ញាណ​ដែល​បាន​កែ​ជា​ថ្មី​វិញ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ពី​បុរាណ​នោះ​ទៀត​ឡើយ។ ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ក្រិត្យ‌វិន័យ​ជា​តួ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយ‌សារ​ក្រិត្យ‌វិន័យ​ចេញ ដ្បិត​បើ​សិន​ជា​ក្រិត្យ‌វិន័យ​មិន​បាន​ថា «កុំ​ឲ្យ​លោភ» នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា​មាន​សេចក្ដី​លោភ​ផង​ឡើយ តែ​កាល​អំពើ​បាប​បាន​ឱកាស ដោយ‌សារ​បញ្ញត្ត នោះ​ក៏​បង្កើត​គ្រប់​ទាំង​សេចក្ដី​លោភ នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ដ្បិត​ក្រៅ​ពី​ក្រិត្យ‌វិន័យ អំពើ​បាប​បាន​ស្លាប់​សូន្យ តែ​ពី​ដើម ក្រៅ​ពី​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​បាន​រស់​នៅ លុះ​សេចក្ដី​បញ្ញត្ត​បាន​កើត​មក នោះ​បាប​ក៏​រស់​ឡើង ឯ​ខ្ញុំ​ក៏​ត្រូវ​ស្លាប់​វិញ ហើយ​ខ្ញុំ​ឃើញ​ថា បញ្ញត្ត​នោះ ដែល​សំរាប់​ឲ្យ​មាន​ជីវិត នោះ​បាន​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ ដ្បិត​ដែល​បាប​បាន​ឱកាស ដោយ‌សារ​សេចក្ដី​បញ្ញត្ត​នោះ​ក៏​មក​បញ្ឆោត​ខ្ញុំ ព្រម​ទាំង​សំឡាប់​ខ្ញុំ​ផង ដោយ‌សារ​បញ្ញត្ត​នោះ​ឯង ដូច្នេះ ក្រិត្យ‌វិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្ដី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិត ល្អ​ដែរ ចុះ​សេចក្ដី​ល្អ​នេះ បាន​ប្រែ​ទៅ​ជា​ឲ្យ​ខ្ញុំ​ស្លាប់​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ជា​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់ ដោយ‌សារ​សេចក្ដី​ល្អ​នោះ ដើម្បី​ឲ្យ​បាប​បាន​សំដែង​ចេញ​មក​ថា​ជា​បាប​មែន ហើយ​ឲ្យ​បាប​បាន​ត្រឡប់​ទៅ​ជា​ធ្ងន់​ក្រៃ‌លែង ដោយ‌សារ​សេចក្ដី​បញ្ញត្ត​នោះ​ផង ដ្បិត​យើង​ដឹង​ថា ក្រិត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​នៅ​ខាង​សាច់​ឈាម​វិញ ដោយ​បាន​ត្រូវ​លក់​ទៅ​ក្នុង​អំណាច​របស់​បាប ពី​ព្រោះ​ខ្ញុំ​មិន​ដឹង​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​ការ​ដែល​ខ្ញុំ​ចង់​ធ្វើ​សោះ គឺ​តែង‌តែ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​ស្អប់​វិញ បើ​សិន​ជា​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​ការ ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា ក្រិត្យ‌វិន័យ​ល្អ​មែន ដូច្នេះ មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជានិច្ច ប៉ុន្តែ រក​ធ្វើ​មិន​កើត​សោះ ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ យ៉ាង​នោះ​ខ្ញុំ​ឃើញ​ច្បាប់​១​នេះ​ថា ឯ​ខ្ញុំ ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្ដី​ល្អ នោះ​ចេះ​តែ​មាន​សេចក្ដី​អាក្រក់​ជាប់​នៅ​នឹង​ខ្ញុំ​ជានិច្ច ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេក‌អរ​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ព្រះ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប‌កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង វេទនា​ណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច្នេះ ខ្លួន​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ ដោយ​គំនិត​ខ្ញុំ តែ​ខាង​សាច់​ឈាម​ខ្ញុំ នោះ​តាម​ច្បាប់​របស់​អំពើ​បាប​វិញ។

ចែក​រំលែក
អាន រ៉ូម 7