រ៉ូម 3:9-26

រ៉ូម 3:9-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ? ទេ មិន​មែន​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​បាប​ទាំង​អស់ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «គ្មាន​អ្នក​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ម្នាក់​ដែល​យល់ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ស្វែង​រក​ព្រះ។ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ទាំង​អស់​គ្នា​ត្រឡប់​ជា​ឥត​ប្រយោជន៍ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​សប្បុរស​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ។ «បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​របស់​គេ​ដើម្បី​បញ្ឆោត បបូរ​មាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់​វែក»។ «មាត់​របស់​គេ​មាន​ពេញ​ដោយ​ពាក្យ​បណ្តាសា និង​ពាក្យ​ជូរ​ចត់ »។ «ជើង​របស់​គេ​រហ័ស​តែ​នឹង​បង្ហូរ​ឈាម ផ្លូវ​របស់​គេ​មាន​សុទ្ធ​តែ​សេចក្តី​វិនាស និង​សេចក្តី​វេទនា គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​ទេ »។ «គ្មាន​ការ​កោត​ខ្លាច​ព្រះ នៅ​ចំពោះ​ភ្នែក​គេ​ឡើយ »។ ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត​តាម​រយៈ​ក្រឹត្យ‌វិន័យ នោះ​សម្ដែង​ឲ្យ​ស្គាល់​អំពើ​បាប។ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យ‌វិន័យ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​ឲ្យ​ឃើញ ហើយ​ដែល​មាន​ទាំង​គម្ពីរ‌វិន័យ និង​គម្ពីរ​ហោរា​ធ្វើ​បន្ទាល់​ផង គឺ​សេចក្តី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អស់​អ្នក​ដែល​ជឿ ដ្បិត​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ព្រះ តែ​ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ពួក​គេ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ព្រះ​បាន​ប្រគល់​ព្រះ‌អង្គ​ជា​យញ្ញ​បូជា​ប្រោស​លោះ ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ តាម​រយៈ​ជំនឿ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​ចំពោះ​ការ​ដែល​ព្រះ‌អង្គ​បាន​ទត​រំលង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​មុន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នៅ​គ្រា​នេះ​ថា ព្រះ‌អង្គ​សុចរិត ហើយ​ថា ព្រះ‌អង្គ​រាប់​អ្នក​ដែល​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ ជា​សុចរិត​ផង​ដែរ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:9-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បើ​ដូច្នេះ យើង​ដែល​ជា​សាសន៍​យូដា តើ​យើង​ប្រសើរ​ជាង​គេ​ឬ? ទេ យើង​មិន​ប្រសើរ​ជាង​គេ​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មនុស្ស​ទាំង​អស់ ទោះ​បី​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី សុទ្ធ​តែ​មាន​បាប​សោយ​រាជ្យ​ពី​លើ​ទាំង​អស់​គ្នា ដូច​មាន​ចែង​ទុក​មក​ថា៖ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ គ្មាន​នរណា​ម្នាក់​ស្វែង​រក​ព្រះ‌ជា‌ម្ចាស់។ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង ចេញ​ឆ្ងាយ​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​វិនាស​បាត់​បង់​ជា​មួយ​គ្នា គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​សប្បុរស​សោះ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ​ ។ «បំពង់​ករ​បស់​គេ​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច នៅ​បើក​ចំហ អណ្ដាត​របស់​គេ​គ្រលាស់​តែ​ពាក្យ បោក​បញ្ឆោត មាត់​របស់​គេ​មាន​បង្កប់​នូវ​ពិស​ពស់​វែក» ។ «មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពាក្យ អពមង្គល និង​ពាក្យ​ជូរ​ចត់» ។ «ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម គេ​ទៅ​កន្លែង​ណា កន្លែង​នោះ​ខ្ទេច‌ខ្ទី​អន្តរាយ​អស់។ គេ​មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​សន្តិ‌ភាព​ទេ» ​ ។ «គេ​រស់​ដោយ​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ សោះ​ឡើយ» ​ ។ យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ក្រឹត្យ‌វិន័យ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ព្រោះ​គម្ពីរ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ដឹង​អំពី​របៀប​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ព្រះអង្គ​មិន​គិត​ពី​ក្រឹត្យ‌វិន័យ*​ទេ ដូច​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* បាន​បញ្ជាក់​ទុក​ស្រាប់។ ព្រះ‌ជា‌ម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ត​ឲ្យ​សុចរិត គឺ​ព្រះអង្គ​ធ្វើ​ដូច្នេះ​ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​សិរី‌រុងរឿង​ របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ជា​មួយ តែ​ដោយ‌សារ​ព្រះ‌គុណ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌អម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត ដោយ​ឥត​គិត​ថ្លៃ​ ។ ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ឲ្យ​ព្រះ‌យេស៊ូ​ធ្វើ​ជា​យញ្ញ‌បូជា សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ព្រះអង្គ​បង្ហាញ​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ពី​ដើម ព្រះអង្គ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ត​អំពើ​បាប ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដើម្បី​សម្តែង​ថា​ព្រះអង្គ​សុចរិត ហើយ​ព្រះអង្គ​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះ‌យេស៊ូ​ឲ្យ​សុចរិត​ផង​ដែរ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:9-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ តើ​ដូច​ម្តេច យើង​ល្អ​ជាង​គេ​ឬ​ទេ មិន​មែន​ទេ ដ្បិត​យើង​ខ្ញុំ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទោះ​ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​គេ​សំរាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន ហើយ​មាត់​គេ​មាន​ពេញ​ដោយ​សេចក្ដី​បណ្តាសា នឹង​សេចក្ដី​ជូរ​ចត់ ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្ដី​វិនាស នឹង​សេចក្ដី​ទុក្ខ​លំបាក គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ‌សាន្ត​សោះ ក៏​គ្មាន​សេចក្ដី​កោត‌ខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ» រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ ដ្បិត​ក្រិត្យ‌វិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រិត្យ‌វិន័យ សេចក្ដី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រិត្យ‌វិន័យ នឹង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​បាន ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី‌ល្អ​នៃ​ព្រះ តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌លោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ ថា​ជា​សុចរិត​ដែរ។

ចែក​រំលែក
អាន រ៉ូម 3