រ៉ូម 3:9-26

រ៉ូម 3:9-26 គកស១៦

បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ? ទេ មិន​មែន​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​បាប​ទាំង​អស់ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «គ្មាន​អ្នក​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ម្នាក់​ដែល​យល់ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ស្វែង​រក​ព្រះ។ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ទាំង​អស់​គ្នា​ត្រឡប់​ជា​ឥត​ប្រយោជន៍ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​សប្បុរស​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ។ «បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​របស់​គេ​ដើម្បី​បញ្ឆោត បបូរ​មាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់​វែក»។ «មាត់​របស់​គេ​មាន​ពេញ​ដោយ​ពាក្យ​បណ្តាសា និង​ពាក្យ​ជូរ​ចត់ »។ «ជើង​របស់​គេ​រហ័ស​តែ​នឹង​បង្ហូរ​ឈាម ផ្លូវ​របស់​គេ​មាន​សុទ្ធ​តែ​សេចក្តី​វិនាស និង​សេចក្តី​វេទនា គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​ទេ »។ «គ្មាន​ការ​កោត​ខ្លាច​ព្រះ នៅ​ចំពោះ​ភ្នែក​គេ​ឡើយ »។ ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត​តាម​រយៈ​ក្រឹត្យ‌វិន័យ នោះ​សម្ដែង​ឲ្យ​ស្គាល់​អំពើ​បាប។ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យ‌វិន័យ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​ឲ្យ​ឃើញ ហើយ​ដែល​មាន​ទាំង​គម្ពីរ‌វិន័យ និង​គម្ពីរ​ហោរា​ធ្វើ​បន្ទាល់​ផង គឺ​សេចក្តី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អស់​អ្នក​ដែល​ជឿ ដ្បិត​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ព្រះ តែ​ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ពួក​គេ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ព្រះ​បាន​ប្រគល់​ព្រះ‌អង្គ​ជា​យញ្ញ​បូជា​ប្រោស​លោះ ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ តាម​រយៈ​ជំនឿ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​ចំពោះ​ការ​ដែល​ព្រះ‌អង្គ​បាន​ទត​រំលង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​មុន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នៅ​គ្រា​នេះ​ថា ព្រះ‌អង្គ​សុចរិត ហើយ​ថា ព្រះ‌អង្គ​រាប់​អ្នក​ដែល​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ ជា​សុចរិត​ផង​ដែរ។

អាន រ៉ូម 3