រ៉ូម 3:9-26

រ៉ូម 3:9-26 ពគប

ដូច្នេះ តើ​ដូច​ម្តេច យើង​ល្អ​ជាង​គេ​ឬ​ទេ មិន​មែន​ទេ ដ្បិត​យើង​ខ្ញុំ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទោះ​ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​គេ​សំរាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន ហើយ​មាត់​គេ​មាន​ពេញ​ដោយ​សេចក្ដី​បណ្តាសា នឹង​សេចក្ដី​ជូរ​ចត់ ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្ដី​វិនាស នឹង​សេចក្ដី​ទុក្ខ​លំបាក គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ‌សាន្ត​សោះ ក៏​គ្មាន​សេចក្ដី​កោត‌ខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ» រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ ដ្បិត​ក្រិត្យ‌វិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រិត្យ‌វិន័យ សេចក្ដី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រិត្យ‌វិន័យ នឹង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​បាន ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី‌ល្អ​នៃ​ព្រះ តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌លោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ ថា​ជា​សុចរិត​ដែរ។

អាន រ៉ូម 3