រ៉ូម 15:1-21

រ៉ូម 15:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ដែល​ជា​អ្នក​រឹង​មាំ គួរ​តែ​ទ្រាំ‌ទ្រ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែល​មិន​រឹង​មាំ ហើយ​មិន​ត្រូវ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ឡើយ។ យើង​ម្នាក់ៗ​ត្រូវ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​បំពេញ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ផ្ទាល់​ទេ តែ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «សេចក្តី​ដំនៀល​របស់​អស់​អ្នក​ដែល​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល​បង្គំ» ។ ដ្បិត​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​មុន​មក នោះ​បាន​ចែង​ទុក​សម្រាប់​អប់រំ​យើង ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម ដោយ​ការ​ស៊ូទ្រាំ និង​ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​បទគម្ពីរ។ សូម​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ និង​ការ​លើក​ទឹក​ចិត្ត ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​ជា​សំឡេង​តែ​មួយ ថ្វាយ​សិរី​ល្អ​ដល់​ព្រះ និង​ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដូច​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សម្រាប់​ជា​សិរីល្អ​របស់​ព្រះ។ ដ្បិត​ខ្ញុំ​សូម​ជម្រាប​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​កាត់​ស្បែក តំណាង​ឲ្យ​សេចក្តី​ពិត​របស់​ព្រះ ដើម្បី​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​ប្រទាន​ដល់​ពួក​បុព្វបុរស ហើយ​ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ហេតុ​នេះ​បាន​ជា​ទូល​បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ហើយ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ» ។ មាន​សេចក្តី​មួយ​ចែង​ទៀត​ថា៖ «ពួក​សាសន៍​ដទៃ​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចុះ» ។ ហើយ​មាន​ចែង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ចូរ​ឲ្យ​ប្រជា​រាស្ដ្រ​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ​ចុះ» ។ មួយ​ទៀត លោក​អេសាយ​ថ្លែង​ថា៖ «នឹង​មាន​ឫស​មួយ​របស់​លោក​អ៊ីសាយ កើត​មក អ្នក​នោះ​នឹង​ឈរ​ឡើង​គ្រប់​គ្រង​ពួក​សាសន៍​ដទៃ ហើយ​ពួក​សាសន៍​ដទៃ​នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ» ។ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ប៉ុន្តែ ក្នុង​ចំណុច​ខ្លះ ខ្ញុំ​បាន​សរសេរ​មក​រំឭក​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ក្លាហាន ដោយ​សារ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ក្នុង​ការ‌ងារ​ជា​សង្ឃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​នាំ​ពួក​សាសន៍​ដទៃ​ជា​តង្វាយ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ខ្ញុំ​មាន​ហេតុ​នឹង​អួត​អំពី​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ។ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់​ឡើយ ទោះ​ដោយ​ពាក្យ​សម្ដី និង​កិច្ច‌ការ​ក្ដី ដោយ​អំណាច​នៃ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ក្ដី ដោយ​សារ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​របស់​ព្រះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ចាប់​ពី​ក្រុង​យេរូ‌សាឡិម រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន។ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ខំ​សង្វាត​នឹង​ប្រកាស​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​ពី​លើ​គ្រឹះ​របស់​អ្នក​ឯ​ទៀត គឺ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អស់​អ្នក​ដែល​គ្មាន​អ្នក​ណា​ប្រាប់​ដំណឹង​អំពី​ព្រះ‌អង្គ នោះ​នឹង​បាន​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​បាន​ឮ​អំពី​ព្រះ‌អង្គ នោះ​នឹង​បាន​យល់» ។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​យើង​ដែល​មាន​ជំនឿ​មាំ‌មួន យើង​មាន​ភារ‌កិច្ច​ជួយ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ គឺ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ខ្លួន​ឯង​ពេញ​ចិត្ត​នោះ​ឡើយ។ យើង​ម្នាក់ៗ​តោង​តែ​ខំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ល្អ​ដល់​គេ និង​ជួយ​គេ​ឲ្យ​ចម្រើន​ឡើង​ ដ្បិត​ព្រះ‌គ្រិស្ត​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ព្រះអង្គ បាន​ធ្លាក់​មក​លើ​ទូលបង្គំ» ​ ។ អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។ សូម​ព្រះ‌ជា‌ម្ចាស់​ដែល​ជួយ​សម្រាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បងប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង។ ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់‌ទាក់ ឲ្យ​ដូច​ព្រះ‌គ្រិស្ត​ទទួល​បងប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ព្រះ‌គ្រិស្ត​បាន​មក​ធ្វើ​ជា​អ្នក​បម្រើ​របស់​សាសន៍​ដែល​កាត់​ស្បែក* ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សម្តែង​ព្រះ‌ហឫទ័យ​សច្ចៈ​របស់​ព្រះអង្គ។ រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដោយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថា: «ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល ស្គាល់​ព្រះអង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ» ​ ។ មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ!» ​ ។ ហើយ​មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​កោត​សរសើរ​ព្រះ‌អម្ចាស់ ត្រូវ​ឲ្យ​ប្រជា‌រាស្ត្រ​ផង​ទាំង​ពួង ច្រៀង​សរសើរ​ព្រះអង្គ» ។ ព្យាការី​អេសាយ​ក៏​មាន​ប្រសាសន៍​ថា: «ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់ ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា ហើយ​ជាតិ​សាសន៍​ទាំង​នោះ នឹង​សង្ឃឹម​លើ​ព្រះអង្គ» ​ ។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម ប្រោស​បងប្អូន​ដែល​មាន​ជំនឿ ឲ្យ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ ដើម្បី​ឲ្យ​បងប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ បងប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បងប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថ‌ភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង។ ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំឭក​ដាស់​តឿន​បងប្អូន​យ៉ាង​ធ្ងន់ៗ​បន្ដិច ដោយ​សំអាង​លើ​មុខងារ​ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ ឲ្យ​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់ ជា​មុខងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ខ្លួន​ទុក​ជា​តង្វាយ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ និង​ជា​តង្វាយ​ដែល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ប្រោស​ឲ្យ​វិសុទ្ធ។ ដោយ​ហេតុ​នេះ ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់​ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រិស្ត​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សម្ដី​ក្តី ឬ​តាម​កិច្ចការ​ក្តី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​នោះ​ឡើយ។ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​នៃ​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលី‌រីកុន​ ។ ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹង‌ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះ‌នាម​ព្រះ‌គ្រិស្ត​នៅ​ឡើយ ដើម្បី​ចៀស‌វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ គឺ​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា: «អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង អំពី​ព្រះអង្គ មុខ​ជា​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ មុខ​ជា​បាន​យល់» ។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ‌គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដំនៀល​ដែល​គេ​ត្មះ‌តិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ» ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ‌សារ​គម្ពីរ ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​អត់‌ធ្មត់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ‌គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ​ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សំរាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ។ ឥឡូវ​ខ្ញុំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បំរើ ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សំដែង​សេចក្ដី​ស្មោះ‌ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹង​សរសើរ​ដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូលបង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់» ហើយ​មាន​សេចក្ដី​១​ទៀត​ថា «ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់» ក៏​មាន​១​ទៀត​ថា «ឱ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ» ក្នុង​បទ​១​ទៀត លោក​អេសាយ​ក៏​មាន​ប្រសាសន៍​ថា «នឹង​មាន​ឫស​របស់​អ៊ីសាយ​១​កើត​ឡើង សំរាប់​នឹង​កាន់‌កាប់​លើ​អស់​ទាំង​សាសន៍​ដទៃ សាសន៍​ទាំង​នោះ​នឹង​យក​ទ្រង់​ជា​ទី​សង្ឃឹម» ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ នឹង​សេចក្ដី​សុខ‌សាន្ត​ដ៏​ពោរ‌ពេញ ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ឱ​បង​ប្អូន​អើយ ខ្ញុំ​ជឿ‌ជាក់​ខាង​ឯ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្អ​ពេញ‌លេញ​ហើយ ក៏​បាន​ពេញ​ជា​ចំណេះ​គ្រប់​មុខ​ផង អាច​នឹង​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវ‌ក្លា​លើស​ទៅ​ទៀត ដែល​មាន​១​ផ្នែក សំរាប់​នឹង​រំឭក​ដល់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌គុណ​ដែល​ព្រះ‌ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ភ្នាក់‌ងារ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ធ្វើ​ការ‌ងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​ឲ្យ​ការ​ប្រមូល​ពួក​សាសន៍​ដទៃ បាន​ទុក​ជា​ដង្វាយ​ថ្វាយ​ព្រះ ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ទទួល បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង។ ដូច្នេះ ខ្ញុំ​មាន​ហេតុ​នឹង​អួត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី ទោះ​ដោយ​អំណាច​នៃ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ ឬ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក្តី ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ពេញ‌ពាស​ទួទៅ តាំង​ពី​ក្រុង​យេរូ‌សាឡិម ដើរ​វាង​រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ខ្ញុំ​ខំ​សង្វាត​នឹង​ផ្សាយ​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​ជើង​ជញ្ជាំង​របស់​គេ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ពួក​អ្នក​ដែល​គ្មាន​អ្នក​ណា​ទៅ​ផ្សាយ​ដំណឹង​ពី​ទ្រង់​ឲ្យ​គេ​ស្តាប់ នោះ​នឹង​ឃើញ ហើយ​ពួក​ដែល​មិន​បាន​ឮ​សោះ នោះ​នឹង​បាន​យល់​វិញ»

ចែក​រំលែក
អាន រ៉ូម 15

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ