រ៉ូម 15

15
1គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ 2ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង 3ដ្បិត​ព្រះ‌គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដំនៀល​ដែល​គេ​ត្មះ‌តិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ» 4ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ‌សារ​គម្ពីរ 5ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​អត់‌ធ្មត់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ‌គ្រីស្ទ​យេស៊ូវ 6ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ​ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា 7ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សំរាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ។
8ឥឡូវ​ខ្ញុំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បំរើ ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សំដែង​សេចក្ដី​ស្មោះ‌ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ 9ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹង​សរសើរ​ដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូលបង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់» 10ហើយ​មាន​សេចក្ដី​១​ទៀត​ថា «ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់» 11ក៏​មាន​១​ទៀត​ថា «ឱ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ» 12ក្នុង​បទ​១​ទៀត លោក​អេសាយ​ក៏​មាន​ប្រសាសន៍​ថា «នឹង​មាន​ឫស​របស់​អ៊ីសាយ​១​កើត​ឡើង សំរាប់​នឹង​កាន់‌កាប់​លើ​អស់​ទាំង​សាសន៍​ដទៃ សាសន៍​ទាំង​នោះ​នឹង​យក​ទ្រង់​ជា​ទី​សង្ឃឹម» 13ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ នឹង​សេចក្ដី​សុខ‌សាន្ត​ដ៏​ពោរ‌ពេញ ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។
14ឱ​បង​ប្អូន​អើយ ខ្ញុំ​ជឿ‌ជាក់​ខាង​ឯ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្អ​ពេញ‌លេញ​ហើយ ក៏​បាន​ពេញ​ជា​ចំណេះ​គ្រប់​មុខ​ផង អាច​នឹង​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ 15ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវ‌ក្លា​លើស​ទៅ​ទៀត ដែល​មាន​១​ផ្នែក សំរាប់​នឹង​រំឭក​ដល់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌គុណ​ដែល​ព្រះ‌ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ 16ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ភ្នាក់‌ងារ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ធ្វើ​ការ‌ងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​ឲ្យ​ការ​ប្រមូល​ពួក​សាសន៍​ដទៃ បាន​ទុក​ជា​ដង្វាយ​ថ្វាយ​ព្រះ ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ទទួល បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង។
17ដូច្នេះ ខ្ញុំ​មាន​ហេតុ​នឹង​អួត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ 18ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី 19ទោះ​ដោយ​អំណាច​នៃ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ ឬ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក្តី ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ពេញ‌ពាស​ទួទៅ តាំង​ពី​ក្រុង​យេរូ‌សាឡិម ដើរ​វាង​រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន 20គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ខ្ញុំ​ខំ​សង្វាត​នឹង​ផ្សាយ​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​ជើង​ជញ្ជាំង​របស់​គេ 21ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ពួក​អ្នក​ដែល​គ្មាន​អ្នក​ណា​ទៅ​ផ្សាយ​ដំណឹង​ពី​ទ្រង់​ឲ្យ​គេ​ស្តាប់ នោះ​នឹង​ឃើញ ហើយ​ពួក​ដែល​មិន​បាន​ឮ​សោះ នោះ​នឹង​បាន​យល់​វិញ» 22គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​មាន​សេចក្ដី​ឃាត់‌ឃាំង​ជា​ច្រើន​ដង មិន​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា 23ប៉ុន្តែ ឥឡូវ​នេះ ដោយ​គ្មាន​កន្លែង​ណា​សល់ នៅ​ស្រុក​ទាំង​នេះ​ទៀត ហើយ​ដោយ​ខ្ញុំ​មាន​ចិត្ត​រឭក​ចង់​មក​ឯ​អ្នក​រាល់​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ផង 24បាន​ជា​កាល​ណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ នោះ​ខ្ញុំ​នឹង​ចូល​មក​សួរ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​ឃើញ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅ​មុខ​ទៀត គឺ​ក្នុង​គ្រា​ក្រោយ​ដែល​បាន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​បន្តិច 25តែ​ឥឡូវ​នេះ ខ្ញុំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ដល់​ពួក​បរិសុទ្ធ​សិន 26ដ្បិត​ពួក​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ គេ​សុខ​ចិត្ត​រៃ​គ្នា ផ្ញើ​ទៅ​ជួយ​ដល់​ពួក​អ្នក​ក្រីក្រ ក្នុង​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម 27គេ​សុខ​ចិត្ត​ចង់​ធ្វើ​ការ​នោះ ហើយ​គេ​ក៏​ជំពាក់​ពួក​នោះ​ដែរ ដ្បិត​បើ​សិន​ជា​ពួក​សាសន៍​ដទៃ បាន​ទទួល​ចំណែក​នៃ​អស់​ទាំង​សេចក្ដី ខាង​ព្រលឹង​វិញ្ញាណ​ពី​គេ នោះ​គួរ​តែ​ជួយ​គេ​ក្នុង​របស់​ទាំង​ប៉ុន្មាន ខាង​សាច់​ឈាម​វិញ 28ដូច្នេះ កាល​ណា​ខ្ញុំ​បាន​សំរេច​ការ​នេះ គឺ​ប្រគល់​ផល​នៃ​ការ​ជំនួយ​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ ដោយ‌សារ​អ្នក​រាល់​គ្នា 29ហើយ​ខ្ញុំ​ដឹង​ថា ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​នាំ​ទាំង​ព្រះ‌ពរ នៃ​ដំណឹង​ល្អ​ផង​ព្រះ‌គ្រីស្ទ​ដ៏​ពោរ‌ពេញ​មក​ដែរ។
30តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ហើយ​ដោយ​នូវ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ‌វិញ្ញាណ​ថា ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ 31ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​មនុស្ស​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​នៅ​ក្រុង​យេរូ‌សាឡិម បាន​គាប់​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ផង 32ប្រយោជន៍​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​អំណរ​តាម​ព្រះ‌ហឫទ័យ​ព្រះ ហើយ​ឲ្យ​ខ្ញុំ​បាន​លំហើយ​ចិត្ត​ជា​មួយ​នឹង​អ្នក​រាល់​គ្នា 33សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា អាម៉ែន។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 15: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ