រ៉ូម 15:1-21

រ៉ូម 15:1-21 គកស១៦

យើង​ដែល​ជា​អ្នក​រឹង​មាំ គួរ​តែ​ទ្រាំ‌ទ្រ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែល​មិន​រឹង​មាំ ហើយ​មិន​ត្រូវ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ឡើយ។ យើង​ម្នាក់ៗ​ត្រូវ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​បំពេញ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ផ្ទាល់​ទេ តែ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «សេចក្តី​ដំនៀល​របស់​អស់​អ្នក​ដែល​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល​បង្គំ» ។ ដ្បិត​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​មុន​មក នោះ​បាន​ចែង​ទុក​សម្រាប់​អប់រំ​យើង ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម ដោយ​ការ​ស៊ូទ្រាំ និង​ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​បទគម្ពីរ។ សូម​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ និង​ការ​លើក​ទឹក​ចិត្ត ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​ជា​សំឡេង​តែ​មួយ ថ្វាយ​សិរី​ល្អ​ដល់​ព្រះ និង​ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដូច​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សម្រាប់​ជា​សិរីល្អ​របស់​ព្រះ។ ដ្បិត​ខ្ញុំ​សូម​ជម្រាប​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​កាត់​ស្បែក តំណាង​ឲ្យ​សេចក្តី​ពិត​របស់​ព្រះ ដើម្បី​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​ប្រទាន​ដល់​ពួក​បុព្វបុរស ហើយ​ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ហេតុ​នេះ​បាន​ជា​ទូល​បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ហើយ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ» ។ មាន​សេចក្តី​មួយ​ចែង​ទៀត​ថា៖ «ពួក​សាសន៍​ដទៃ​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចុះ» ។ ហើយ​មាន​ចែង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ចូរ​ឲ្យ​ប្រជា​រាស្ដ្រ​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ​ចុះ» ។ មួយ​ទៀត លោក​អេសាយ​ថ្លែង​ថា៖ «នឹង​មាន​ឫស​មួយ​របស់​លោក​អ៊ីសាយ កើត​មក អ្នក​នោះ​នឹង​ឈរ​ឡើង​គ្រប់​គ្រង​ពួក​សាសន៍​ដទៃ ហើយ​ពួក​សាសន៍​ដទៃ​នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ» ។ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ប៉ុន្តែ ក្នុង​ចំណុច​ខ្លះ ខ្ញុំ​បាន​សរសេរ​មក​រំឭក​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ក្លាហាន ដោយ​សារ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ក្នុង​ការ‌ងារ​ជា​សង្ឃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​នាំ​ពួក​សាសន៍​ដទៃ​ជា​តង្វាយ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ខ្ញុំ​មាន​ហេតុ​នឹង​អួត​អំពី​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ។ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់​ឡើយ ទោះ​ដោយ​ពាក្យ​សម្ដី និង​កិច្ច‌ការ​ក្ដី ដោយ​អំណាច​នៃ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ក្ដី ដោយ​សារ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​របស់​ព្រះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ចាប់​ពី​ក្រុង​យេរូ‌សាឡិម រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន។ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ខំ​សង្វាត​នឹង​ប្រកាស​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​ពី​លើ​គ្រឹះ​របស់​អ្នក​ឯ​ទៀត គឺ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អស់​អ្នក​ដែល​គ្មាន​អ្នក​ណា​ប្រាប់​ដំណឹង​អំពី​ព្រះ‌អង្គ នោះ​នឹង​បាន​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​បាន​ឮ​អំពី​ព្រះ‌អង្គ នោះ​នឹង​បាន​យល់» ។

អាន រ៉ូម 15