វិវរណៈ 3:14-21

វិវរណៈ 3:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅ‌ឌីសេ​ថា៖ ព្រះ​ដ៏​ជា​អាម៉ែន ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្តៅ​ក៏​មិន​ក្តៅ។ យើង​ចង់​ឲ្យ​អ្នក បើ​ត្រជាក់​ឲ្យ​ពិត​ជា​ត្រជាក់ ឬ​បើ​ក្តៅ​ឲ្យ​ពិត​ជា​ក្តៅ។ ដូច្នេះ ដោយ​ព្រោះ​អ្នក​គ្រាន់​តែ​ក្តៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្តៅ​ក៏​មិន​ក្តៅ នោះ​យើង​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់​របស់​យើង​មិន​ខាន។ ដ្បិត​អ្នក​អួត​ថា "ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្តុក‌ស្តម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ" តែ​អ្នក​មិន​ដឹង​ថា អ្នក​វេទនា គួរ​ឲ្យ​អាណិត ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​នោះ​ឡើយ។ ដូច្នេះ យើង​ទូន្មាន​ឲ្យ​អ្នក​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស​ទៅ​ស្លៀក​ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរខ្មាស​ដែល​អ្នក​នៅ​អាក្រាត ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។ យើង​បន្ទោស ហើយ​វាយ​ផ្ចាល​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ឡើង។ មើល៍! យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិ‌ភោគ​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​បរិ‌ភោគ​ជា​មួយ​យើង​ដែរ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។

ចែក​រំលែក
អាន វិវរណៈ 3

វិវរណៈ 3:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ ព្រះ‌អាម៉ែន​ ​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ។ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រជាក់ ឬ​ពិត​ជា​ក្ដៅ​នោះ​ប្រសើរ​ជាង! ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុក‌ស្ដម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេម‌រហាម ក្រ​តោក‌យ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​នោះ​ឡើយ។ យើង​សុំ​ទូន្មាន​អ្នក​ឲ្យ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក‌បំពាក់​ពណ៌​ស​មក​ស្លៀក​ពាក់​បិទ‌បាំង​កេរ‌ខ្មាស​របស់​អ្នក កុំ​ឲ្យ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។ យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។ មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជម្នះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះ‌បិតា​របស់​យើង​ដែរ។

ចែក​រំលែក
អាន វិវរណៈ 3

វិវរណៈ 3:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ឡៅឌីសេ​ថា ព្រះ​ដ៏​ជា «អាម៉ែន» ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​ការ​ដែល​ព្រះ‌ទ្រង់​បង្កើត​មក ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ ហើយ​ថា ឯង​មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្តៅ​ក្តី ដូច្នេះ ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ​ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង នោះ​អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុក‌ស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀក‌បំពាក់​ស ឲ្យ​បាន​ស្លៀក‌ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ អញ​បន្ទោស ហើយ​ផ្ចាញ់‌ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះវរ‌បិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ

ចែក​រំលែក
អាន វិវរណៈ 3