វិវរណៈ 3

3
1ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​សើដេស​ថា ព្រះ​ដ៏​មាន​ព្រះ‌វិញ្ញាណ​ទាំង​៧ នឹង​ផ្កាយ​ទាំង​៧ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ប្រព្រឹត្ត​ហើយ គឺ​ដែល​ឯង​មាន​ឈ្មោះ​ថា​រស់ តែ​ឯង​ស្លាប់​ទេ 2ចូរ​ប្រុង​ប្រយ័ត ហើយ​ចំរើន​កំឡាំង​ដល់​អ្វីៗ​ដែល​នៅ​សល់ ដែល​រៀប​នឹង​ស្លាប់​នោះ​ដែរ ដ្បិត​អញ​មិន​បាន​ឃើញ​ការ​ដែល​ឯង​ប្រព្រឹត្ត​នោះ ជា​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​អញ​ទេ 3ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា រួច​ឲ្យ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ បើ​ឯង​មិន​ចាំ​យាម​ទេ នោះ​អញ​នឹង​មក​ឯ​ឯង​ដូច​ជា​ចោរ ហើយ​ឯង​នឹង​មិន​ដឹង​ជា​វេលា​ណា ដែល​អញ​មក​ឯ​ឯង​ឡើយ 4ប៉ុន្តែ នៅ​ក្រុង​សើដេស ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សំលៀក‌បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក‌ពាក់​ស ដើរ​ជា​មួយ​នឹង​អញ ដ្បិត​គេ​បាន​គួរ​ហើយ 5អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀក‌ពាក់​ស ហើយ​អញ​មិន​ដែល​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ អញ​នឹង​ថ្លែង​ប្រាប់​ពី​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​អញ នឹង​ចំពោះ​ពួក​ទេវតា​ទ្រង់​ដែរ 6អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។
7ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ហើយ​ពិត​ប្រាកដ ដែល​ទ្រង់​កាន់​កូន​សោ​របស់​ហ្លួង​ដាវីឌ ដែល​ទ្រង់​បើក ហើយ​គ្មាន​អ្នក​ណា​បិទ ក៏​បិទ ហើយ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា 8អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ មើល អញ​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​ឯង គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ទេ ពី​ព្រោះ​ទោះ​បើ​ឯង​មាន​អំណាច​តែ​បន្តិច​ក៏​ដោយ គង់​តែ​បាន​កាន់​តាម​ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះ‌បង់​ឈ្មោះ​អញ​ទេ 9មើល អញ​ប្រគល់​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​ខ្លះ​ដល់​ឯង ដែល​ពួក​នោះ​អួត​ខ្លួន​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គឺ​គេ​កុហក​វិញ មើល អញ​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ នៅ​ទៀប​ជើង​ឯង ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា អញ​បាន​ស្រឡាញ់​ដល់​ឯង​ផង 10ហើយ​ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង ពី​សេចក្ដី​អត់‌ធ្មត់​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង​ឲ្យ​រួច​ពី​វេលា​ល្បង ដែល​ត្រូវ​មក​លើ​លោកីយ​ទាំង​មូល ដើម្បី​នឹង​ល្បង​ល​ដល់​ពួក​អ្នក ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន 11មើល អញ​មក​ជា​ឆាប់​ហើយ ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ឯង​មាន​ហើយ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​មកុដ​របស់​ឯង​បាន​ឡើយ 12អ្នក​ណា​ដែល​ឈ្នះ អញ​នឹង​យក​អ្នក​នោះ​ធ្វើ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​អញ រួច​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ទៀត​ឡើយ ហើយ​អញ​នឹង​កត់​ព្រះ‌នាម​នៃ​ព្រះ​របស់​អញ នឹង​ឈ្មោះ​ក្រុង​របស់​ព្រះ​នៃ​អញ នៅ​លើ​អ្នក​នោះ គឺ​ជា​ឈ្មោះ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ​នៃ​អញ ហើយ​នឹង​កត់​ឈ្មោះ​ថ្មី​របស់​អញ​ដែរ 13អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។
14ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ឡៅឌីសេ​ថា ព្រះ​ដ៏​ជា «អាម៉ែន» ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​ការ​ដែល​ព្រះ‌ទ្រង់​បង្កើត​មក ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា 15អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ ហើយ​ថា ឯង​មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្តៅ​ក្តី 16ដូច្នេះ ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ​ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង នោះ​អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ 17ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុក‌ស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ 18បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀក‌បំពាក់​ស ឲ្យ​បាន​ស្លៀក‌ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ 19អញ​បន្ទោស ហើយ​ផ្ចាញ់‌ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ 20មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ 21ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះវរ‌បិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ 22អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល