វិវរណៈ 3:14-21

វិវរណៈ 3:14-21 គកស១៦

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅ‌ឌីសេ​ថា៖ ព្រះ​ដ៏​ជា​អាម៉ែន ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្តៅ​ក៏​មិន​ក្តៅ។ យើង​ចង់​ឲ្យ​អ្នក បើ​ត្រជាក់​ឲ្យ​ពិត​ជា​ត្រជាក់ ឬ​បើ​ក្តៅ​ឲ្យ​ពិត​ជា​ក្តៅ។ ដូច្នេះ ដោយ​ព្រោះ​អ្នក​គ្រាន់​តែ​ក្តៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្តៅ​ក៏​មិន​ក្តៅ នោះ​យើង​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់​របស់​យើង​មិន​ខាន។ ដ្បិត​អ្នក​អួត​ថា "ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្តុក‌ស្តម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ" តែ​អ្នក​មិន​ដឹង​ថា អ្នក​វេទនា គួរ​ឲ្យ​អាណិត ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​នោះ​ឡើយ។ ដូច្នេះ យើង​ទូន្មាន​ឲ្យ​អ្នក​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស​ទៅ​ស្លៀក​ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរខ្មាស​ដែល​អ្នក​នៅ​អាក្រាត ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។ យើង​បន្ទោស ហើយ​វាយ​ផ្ចាល​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ឡើង។ មើល៍! យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិ‌ភោគ​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​បរិ‌ភោគ​ជា​មួយ​យើង​ដែរ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។

អាន វិវរណៈ 3