វិវរណៈ 11:15-19

វិវរណៈ 11:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។ ពេល​នោះ ព្រឹទ្ធា‌ចារ្យ*​ទាំង​ម្ភៃ​បួន​រូប​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់ ក៏​នាំ​គ្នា​ក្រាប​ឱន​មុខ​ដល់​ដី ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់ ទាំង​ពោល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅ តាំង​ពី​ដើម​រៀង​មក​ដែរ! យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​យក​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា របស់​ព្រះអង្គ មក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ឡើង។ ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង ហើយ​ពេល​ដែល​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ ក៏​មក​ដល់​ដែរ គឺ​ជា​ពេល​កំណត់​ដែល​ព្រះអង្គ​វិនិច្ឆ័យ​ទោស មនុស្ស​ស្លាប់។ នៅ​ពេល​នោះ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់ ពួក​ព្យាការី*​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដល់​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះ‌នាម​ព្រះអង្គ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ហើយ​ក៏​ជា​ពេល​ដែល​ព្រះអង្គ​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែនដី​ដែរ»។ ពេល​នោះ ទ្វារ​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះអង្គ​ក៏​លេច​មក​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។

ចែក​រំលែក
អាន វិវរណៈ 11

វិវរណៈ 11:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។ ពេល​នោះ ចាស់​ទុំ​ទាំង​ម្ភៃបួន​រូប ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ ទាំង​ពោល​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ព្រះ‌អង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​តែ​ពី​ដើម​មក យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​ចាប់​ផ្ដើម​សោយ​រាជ្យ។ ជាតិ​សាសន៍​នានា​មាន​កំហឹង តែ​សេចក្តី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​មក​ដល់ ហើយ​ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​ពួក​មនុស្ស​ស្លាប់ និង​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ ហើយ​ក៏​ជា​ពេល​ត្រូវ​បំផ្លាញ​អស់​អ្នក​ដែល​បំផ្លាញ​ផែនដី​ដែរ»។ ពេល​នោះ ព្រះ‌វិហារ​របស់​ព្រះ​នៅ​ស្ថាន‌សួគ៌ ក៏​បើក​ចំហ ហើយ​ឃើញ​មាន​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​នោះ ហើយ​ក៏​មាន​ផ្លេក‌បន្ទោរ មាន​សូរ​សំឡេង មាន​ផ្គរ​លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ធ្លាក់​ព្រឹល​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន វិវរណៈ 11

វិវរណៈ 11:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ នោះ​ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់ ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​គង់​នៅ ក៏​បាន​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​បាន​សោយ‌រាជ្យ​ឡើង អស់​ទាំង​សាសន៍​បាន​មាន​សេចក្ដី​កំហឹង ហើយ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​មក​ដល់ ជា​ពេល​កំណត់ ដែល​ត្រូវ​ជំនុំ​ជំរះ​ពួក​មនុស្ស​ស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ គឺ​ជា​ពួក​បាវ​បំរើ​ទ្រង់​ទាំង​តូច​ទាំង​ធំ​ដែរ ហើយ​ជា​ពេល​ត្រូវ​បំផ្លាញ​ពួក​អ្នក ដែល​បង្ខូច​ផែនដី​ផង។ នោះ​មាន​គេ​បើក​ព្រះ‌វិហារ​នៃ​ព្រះ​នៅ​ស្ថាន‌សួគ៌ ហើយ​ឃើញ​មាន​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ នៅ​ក្នុង​ព្រះ‌វិហារ​នោះ រួច​មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង ផ្គរ‌លាន់ កក្រើក​ដី នឹង​ព្រឹល​យ៉ាង​ធំៗ។

ចែក​រំលែក
អាន វិវរណៈ 11